ខេត្តកណ្តាល ៖ យុវជនម្នាក់ឱ្យតែប្រើគ្រឿងញៀនហួសកម្រិត តែងគប់កញ្ចក់បង្អួច និងទ្វារផ្ទះអ្នកជិតខាងម្នាក់ បណ្តាលឱ្យបែកជាញឹកញាប់ លុះចុងក្រោយម្ចាស់ផ្ទះទ្រាំលែងបាន ក៏ប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ចាប់ខ្លួនជនសង្ស័យនាំយកទៅចាត់ការតាមច្បាប់ កាលពីវេលាម៉ោង១រសៀល ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចផ្ទះជនរងគ្រោះស្ថិតក្នុងភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ។

ជនរងគ្រោះជាម្ចាស់ផ្ទះ មានឈ្មោះញ៉ែម ធារ៉ា ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរអង្គរក្ស មានលំនៅក្នុងភូមិសង្កាត់កើតហេតុខាងលើ។ សម្ភារខូចខាតរួមមាន កញ្ចក់ទ្វារមុខចំនួន៤ផ្ទាំង និងកញ្ចក់បង្អួចចំនួន៤ផ្ទាំង។ ចំណែកជនសង្ស័យមានឈ្មោះឃុន សៀងហៃ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ជនសង្ស័យខាងលើគឺជាមនុស្សដែលប្រើប្រាស់ថ្នាំញៀន ហើយរាល់ពេលបែកថ្នាំម្តងៗតែងមកគប់ និងយកដំបងវាយទ្វារ បង្អួចផ្ទះជនរងគ្រោះជាច្រើនលើកច្រើនសារមកហើយ រួចក៏រត់គេចខ្លួនបាត់រហូត ចំណែកជនរងគ្រោះក៏មិនបានប្តឹងផ្តល់អ្វីដែរ ព្រោះនឹកខ្ជិលមិនចង់មានរឿងវែងឆ្ងាយ។

ប្រភពដដែលបន្តថា លុះមកដល់ថ្ងៃកើតហេតុ ជនសង្ស័យបានប្រើប្រាស់គ្រឿងញៀនហួសកម្រិតរហូតដល់បែកថ្នាំ លែងអាចគ្រប់គ្រងសតិស្មារតីខ្លួនឯងបាន ក៏មកធ្វើសកម្មភាពគប់កញ្ចក់បង្អួច និងទ្វារផ្ទះរបស់ជនរងគ្រោះសាជាថ្មីទៀត ទើបជនរងគ្រោះទ្រាំលែងបាន ក៏រាយការណ៍ជូនសមត្ថកិច្ចចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យតែម្តង។

ក្រោយពីឃាត់ខ្លួនបាន សមត្ថកិច្ចបានបញ្ជូនខ្លួនជនសង្ស័យទៅកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីធ្វើការសាកសួរ និងកសាង សំណុំរឿងចាត់ការបន្តតាមនីតិវិធី៕