Sunday, November 23, 2025
Homeព័ត៌មានជាតិព្រោះតែអត់លុយបង់សាលាកូន ពូរត់កង់៣ ធ្វើរឿងឲ្យគេក្តៅក្រហាយ មិនល្អទេ

ព្រោះតែអត់លុយបង់សាលាកូន ពូរត់កង់៣ ធ្វើរឿងឲ្យគេក្តៅក្រហាយ មិនល្អទេ

ភ្នំពេញ ៖ ជនសង្ស័យជាមុខសញ្ញាលួចកាច់កម៉ូតូយ៉ាងសកម្មម្នាក់ បានធ្វើសកម្មភាពលួចកាច់កម៉ូតូ១គ្រឿង របស់ប្រជាពលរដ្ឋដែលចតទុកចោល លុះជិះគេចខ្លួនក៏ត្រូវកម្លាំងល្បាតប្រទះឃើញជិះប្រដេញតាមធាក់ផ្តួល រហូតឈានដល់ការចាប់ខ្លួនជនសង្ស័យជាប់ ស្រាប់តែក្រោយពេលចាប់ខ្លួន ជនសង្ស័យបែរជាឆ្លើយដោះសារសម្រាលស្ថានការណ៍ថា មូលហេតុដែលខ្លួនប្រព្រឹត្តអំពើល្មើសនេះ គឺដោយសារជីវភាពខ្វះខាត ពិសេសអត់លុយបង់ថ្លៃសាលាកូន។

ករណីចោរកាច់កម៉ូតូប្រជាពលរដ្ឋនេះ បានកើតឡើង កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចមុខផ្ទះលេខ៥១ ផ្លូវ២០A ស្ថិតនៅភូមិថ្មី សង្កាត់ទៀន ខណ្ឌដង្កោ។ លុះក្រោយពីធ្វើសកម្មភាពបានសម្រេចហើយ ជនសង្ស័យបានព្យាយាមជិះគេចខ្លួនរហូតដល់ត្រង់ចំណុចច្រមុះជ្រូកវត្តហា ផ្លូវ៥០ម៉ែត្រ សង្កាត់ដង្កោ ខណ្ឌដង្កោ ទើបសមត្ថកិច្ចប្រដេញតាមទាន់និងចាប់ឃាត់ខ្លួនបាន។

ជនសង្ស័យជាចោរកាច់កម៉ូតូ ដែលត្រូវសមត្ថកិច្ចក្របួចជាប់មានឈ្មោះសុខ ឆេង ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបររត់ម៉ូតូកង់បី មានស្រុកកំណើត ភូមិឆ្លូង ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ។ ចំណែកម៉ូតូដែលជនសង្ស័យលួចយកទៅ ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខភ្នំពេញ 1HQ-2952 ជាកម្មសិទ្ធិរបស់ពលរដ្ឋម្នាក់មានលំនៅក្នុងសង្កាត់ទៀន ខណ្ឌដង្កោ។

លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការខណ្ឌដង្កោ បានបញ្ជាក់ឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩ ជនសង្ស័យឈ្មោះសុខ ឆេង បានធ្វើសកម្មភាពកាច់កម៉ូតូប្រជាពលរដ្ឋម្នាក់ដែលបានចតទុកនៅខាងមុខផ្ទះបានសម្រេច ហើយព្យាយាមជិះគេចខ្លួន តែត្រូវកម្លាំងលោកដែលកំពុងជិះល្បាតតាមមូលដ្ឋាន ប្រទះឃើញក៏ដេញតាមចាប់រហូតមកដល់ចំណុចច្រមុះជ្រូកវត្តហា ផ្លូវ៥០ម៉ែត្រ សង្កាត់ដង្កោ ខណ្ឌដង្កោ ទើបកម្លាំងរបស់លោកធាក់ផ្តួលចាប់បានជនសង្ស័យភ្លាមៗ ព្រមទាំងដកហូតវត្ថុតាង រួមមាន ម៉ូតូ១គ្រឿង ដែកជ្រុងចុងសំប៉ែតស្រួច ចំនួន៣ដើម សោរលេខ៨ រាងអក្សរតេ ចំនួន១ កូនសោម៉ូតូចំនួន២ អាវដៃវែងចំនួន១ ម្ជុលខ្ទាស់ចំនួន១ ដែកឆក់គ្រាប់កូនសោ១ដើម និងកញ្ចប់បារីចិន ចំនួន១ផងដែរ។

លោកអធិការបញ្ជាក់ថា ក្រោយចាប់ជនសង្ស័យបានភ្លាមនោះ ជនសង្ស័យបានព្យាយាមឆ្លើយដោះសារថា មូលហេតុដែលរូបគេធ្វើសកម្មភាពកាច់កម៉ូតូគេបែបនេះ គឺដោយសារតែជីវភាពរបស់ខ្លួន មានការខ្វះខាត ពិសេសអត់មានលុយបង់ថ្លៃសាលាឱ្យកូន ទើបដាច់ចិត្តប្រព្រឹត្តបទល្មើសបែបនេះទៅ។

ជនសង្ស័យ រួមទាំងវត្ថុតាង និងម៉ូតូរបស់ជនរងគ្រោះត្រូវបានសមត្ថកិច្ចនាំយកកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីធ្វើការសាកសួរ និងងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕

RELATED ARTICLES