ខេត្តត្បូងឃ្មុំ ៖ ស្ត្រីម្នាក់បានរត់មកដាក់ពាក្យបណ្តឹងទាំងព្រឹក ដោយស្នើសុំឱ្យសមត្ថកិច្ចជួយអន្តរាគមន៍តាមរកប្តីរបស់ខ្លួនដែលបានបាត់ខ្លួនចេញពីផ្ទះ អស់រយៈពេល៣ថ្ងៃមកហើយ ដោយគ្មានដំណឹងសោះ ទោះជាតាមរកយ៉ាងណាក៏មិនឃើញ។
បុរសជាប្តីដែលបាត់ចេញពីផ្ទះដោយគ្មានដំណឹងអស់រយៈពេល៣ថ្ងៃនេះ មានឈ្មោះ បាន លេង អាយុ៣៩ឆ្នាំ មានលំនៅក្នុងភូមិកំពាន់ ឃុំកំពាន់ ស្រុកមេមត់។ បុរសរូបនេះបានបាត់ចេញពីផ្ទះតាំងពីវេលាម៉ោង៨ព្រឹក ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩កន្លងទៅ។

តាមសម្តីស្ត្រីជាប្រពន្ធបុរសដែលបាត់ខ្លួន បានរៀបរាប់ប្រាប់ថា ប្តីរបស់គាត់បានបាត់ចេញពីផ្ទះ ដោយគ្មានមូលហេតុនិងមិនដឹងទៅដល់ទីណានោះទេ អស់រយៈពេល៣ថ្ងៃមកហើយ។ នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ ប្តីរបស់គាត់បានផឹកស្រាតែម្នាក់ឯងមួយយប់ទល់ភ្លឺ លុះព្រឹកស្អែកឡើង នៅវេលាម៉ោង៨ព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ ប្តីគាត់ក៏បានដើរចេញពីផ្ទះបាត់ទៅ ហើយក៏បាត់ខ្លួនរហូតតែម្តង មិនឃើញត្រឡប់មកផ្ទះវិញសោះ។

ស្ត្រីជាប្រពន្ធរូបនេះបន្តថា ក្រោយពីប្តីរបស់គាត់បាត់ខ្លួនភ្លាមៗ គាត់និងក្រុមគ្រួសារបាននាំគ្នាចែកផ្លូវគ្នាតាមស្វែងរកដែរ តែមិនឃើញសោះ ទើបអស់លទ្ធភាពរក ក៏រត់មកប្តឹងសមត្ថ- កិច្ចប៉ុស្តិ៍រដ្ឋបាលកំពាន់ ជួយស្រាវជ្រាវស្វែងរកប្តីរបស់គាត់តែម្តង។

ជុំវិញករណីបាត់ប្តី៣ថ្ងៃខាងលើនេះ សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយពីទទួលបានបណ្តឹងពីស្ត្រីជាប្រពន្ធរួចមក សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវតាមរកបុរសជាប្តីរូបនោះដែរ តែនៅមិនទាន់មានពន្លឺនៅឡើយ៕