Sunday, November 23, 2025
Homeព័ត៌មានជាតិតាមចម្លើយសារភាព... នាងថា យាយលួចប្តីរបស់នាង

តាមចម្លើយសារភាព… នាងថា យាយលួចប្តីរបស់នាង

ខេត្តកណ្តាល ៖ ករណីឃាតកម្មចៅស្រីកាប់ចិញ្ច្រាំជីដូនបង្កើតខ្លួនឯង រហូតដល់ស្លាប់ក្នុងថ្លុកឈាម កាលពីល្ងាចថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចភូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាង ដែលធ្វើឱ្យមហាជនមានអារម្មណ៍រន្ធត់ចិត្តយ៉ាងខ្លាំងនោះ ត្រូវបានសមត្ថកិច្ចបំបែកសំណុំរឿងក្តី ដោយតាមប្រមាញ់ចាប់ខ្លួនជនដៃដល់ជាឃាតករ (ចៅស្រី) បានហើយ នៅយប់ថ្ងៃដដែលនោះ ហើយនៅចំពោះមុខសមត្ថកិច្ច ឃាតករស្រីដែលត្រូវក្រុមគ្រួសារអះអាងថា ជាមនុស្សសរសៃប្រសាទនោះ បានអះអាងថា មូលហេតុដែលនាងសម្លាប់ជីដូន គឺដោយសារតែខឹងនឹងជីដូនលួចប្តីរបស់នាង។

ឃាតករដៃឆៅដែលកាប់ចិញ្ច្រាំជីដូនបង្កើតខ្លួនឯងរហូតដល់ស្លាប់ មានឈ្មោះហ៊ីម សុខមាន ភេទស្រី អាយុ២៧ឆ្នាំ មុខរបរគ្មាន ជាមនុស្សមានជំងឺសរសៃប្រសាទប្រចាំកាយ ស្នាក់នៅមិនពិតប្រាកដ។ ចំណែកលោកយាយរងគ្រោះដែលត្រូវចៅស្រីបង្កើតកាប់សម្លាប់យ៉ាងឃោរឃៅ មានឈ្មោះឡាច ឡាវ អាយុ៨១ឆ្នាំ មុខរបរចាស់ជរា មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

នៅចំពោះមុខមន្ត្រីអាវុធហត្ថ ស្ត្រីជាឃាតករសម្លាប់ជីដូនបង្កើត បានឆ្លើយសារភាពទាំងដឹងខុសត្រូវខ្លះ មិនដឹងខ្លះថា “នៅមុនពេលកើតហេតុ នៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ ខ្ញុំបានធ្វើដំណើរចេញពីមុខវត្តឧណ្ណាលោម ម្តុំមុខវាំង ឆ្ពោះទៅក្រុងតាខ្មៅ លុះទៅដល់តាខ្មៅ នៅម៉ោង១រសៀល ខ្ញុំក៏ជួលម៉ូតូឌុបជិះទៅផ្ទះម្តាយនៅស្រុកស្អាង ក្នុងតម្លៃ១ម៉ឺនរៀល តែបានឈៀងចូលផ្ទះចែចាន់ឌី យកកាំបិតមកទុកសម្លាប់យាយខ្ញុំ ព្រោះគាត់លួចប្តីខ្ញុំ ពេលបានកាំបិតហើយ ខ្ញុំចេញពីផ្ទះចែចាន់ឌី ទៅដល់ផ្ទះម្តាយ ដើម្បីរកលុយចាយ ព្រោះម្តាយបានទុកលុយឱ្យខ្ញុំ៦ម៉ឺន…”។

ស្ត្រីជាឃាតកររូបនេះ បន្តសារភាពថា “ពេលខ្ញុំដើរទៅដល់ផ្ទះយាយខ្ញុំ ខ្ញុំឃើញគាត់បោសដី ហើយក៏អត់សួរនាំអីទាំងអស់ ក៏យកកាំបិតកាប់យាយយកតែម្តង ដោយកាប់១កាំបិតដំបូងចំច្រមុះ បន្ទាប់មកកាប់ថ្ពាល់ ហើយគាត់វិលមុខទៅ ខ្ញុំកាប់ចំក៣-៤កាំបិត ងាប់បាត់ ទន់ទៅដេកបាត់ទៅ ខ្ញុំកាប់ប្រហែលជា១០កាំបិត ដោយកាន់កាំបិតដៃស្តាំ កាប់ដំបូង ចំច្រមុះ និងថ្ពាល់ ហើយក៏ឃើញហូរលក្ខណ៍មកក្រហមរងាល ហើយគាត់បែរទៅខ្ញុំក៏កាប់គាត់ពីក្រោយដាច់កបាត់ ពេលកាប់ហើយ ខ្ញុំយកកាំបិតទៅបោះចោល មុខផ្ទះគេមានស្មៅជិតទន្លេ…”។

ឃាតករស្រីខាងលើ បានសារភាពទៀតថា “ពេលកាប់យាយហើយ ខ្ញុំបានហៅកង់បី អាតុតុ ចេញថ្មីរបស់គេ គិតគីឡូ គេយក២ម៉ឺន ជិះដល់ភ្នំពេញ អាកន្លែងបេនឡាន នៅហួសស្ពានជ្រោយចង្វា ហាងនំប៉័ង ប្រហែលម៉ោង៦ ហើយជិះចេញទៅកំពង់ធំ…”។

គួររំលឹកថា កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ មានករណីឃាតកម្មដ៏សាហាវឃោរឃៅមួយ បានកើតឡើងនៅចំណុចភូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាង ដោយស្ត្រីម្នាក់ក្រោយពីដេញកាប់ម្តាយបង្កើត ខ្លួនឯងអត់បាន ក៏ខ្ចប់កាំបិតក្នុងថង់ រួចដើរសំដៅទៅផ្ទះយាយបង្កើត លុះទៅដល់ឃើញយាយកំពុងអង្គុយបោសដី ប្រមូលសំរាមនៅខាងមុខផ្ទះ ក៏ទាញកាំបិតកាប់ចិញ្ច្រាំទៅលើជីដូនខ្លួនឯង បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាមគួរឱ្យរន្ធត់។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ គេឃើញលោកយាយរងគ្រោះខាងលើ បានចេញទៅអង្គុយបោសដី និងប្រមូលសំរាមនៅខាងមុខផ្ទះរបស់ខ្លួន។ លុះបន្តិចក្រោយមក ខណៈដែលលោកយាយរងគ្រោះកំពុងអង្គុយបោសដីភ្លេចខ្លួន ក៏លេចមុខជនសង្ស័យជាចៅស្រីបង្កើតបានដើរសំដៅមករកជនរងគ្រោះ ហើយក៏បានទាញកាំបិតចេញពីថង់ខ្មៅ មកកាន់ជាប់នឹងដៃ រួចក៏ស្ទុះចូលទៅកាប់ជនរងគ្រោះ រហូតដល់ស្លាប់ក្នុងថ្លុកឈាមតែម្តង។ ក្រោយពេលកើតហេតុ ជនសង្ស័យបានបោះកាំបិតចោល រួចព្យាយាមរត់គេចខ្លួនបាត់ស្រមោល។

ប្រភពដដែលបន្តថា ស្ត្រីសង្ស័យជាឃាតកររូបនេះ ជាមនុស្សមានជំងឺសរសៃប្រសាទ ហើយកន្លងមក ធ្លាប់បានបង្ករឿងអុកឡុកក្នុងគ្រួសារនិងបង្កហិង្សាដាក់ម្តាយបង្កើតជាញឹកញាប់ តែមិនធ្លាប់មានបញ្ហាអ្វីធ្ងន់ធ្ងរដូចលើកនេះទេ ហើយនៅមុនពេលដែលចៅស្រីជាឃាតកររូបនេះ មកធ្វើសកម្មភាពកាប់សម្លាប់ជីដូនយ៉ាងសាហាវឃោរឃៅបែបនេះ គឺស្ត្រីជាឃាតករទើបនឹងឈ្លោះប្រកែកជាមួយម្តាយបង្កើតខ្លួនឯង និងថែមទាំងបានទាញកាំបិតដេញកាប់ សម្លាប់ម្តាយដែរ តែសំណាងល្អ ស្ត្រីជាម្តាយបានរត់គេចទាន់ពេលវេលា ស្រាប់តែកូនស្រីតិរច្ឆានរូបនេះ បែរជាកាន់កាំបិតមកបញ្ចោញកំហឹងដាក់ជីដូនដែលមិនដឹងរឿងអ្វីទៅវិញ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ក្រោយពីធ្វើសកម្មភាពកាប់ជីដូនបង្កើតខ្លួនឯង រហូតដល់ស្លាប់ហើយ ជនសង្ស័យជាចៅស្រីបានព្យាយាមរត់គេចចេញពីមូលដ្ឋានរស់នៅសំដៅទៅសម្ងំលាក់ខ្លួននៅស្រុកបារាយណ៍ខេត្តកំពង់ធំ ប៉ុន្តែដោយសារមានកិច្ចសហការល្អ ទើបជនសង្ស័យជាឃាតកររូបនេះត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ចាប់ឃាត់ខ្លួនបាននៅវេលាយប់ថ្ងៃដដែល៕

RELATED ARTICLES