ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ បានចេញទៅច្រូតស្រូវរបស់ខ្លួន ដែលទទួលរងការជន់លិច ពីទឹកជំនន់ ដោយមានកម្លាំងកងទ័ពចុះជួយច្រូតផងដែរ ស្រាប់តែអកុសល ពេលកំពុងឈ្ងោកច្រូតស្រូវសុខៗ ក៏ស្រាប់តែដួលផ្កាប់មុខចូលទឹក បណ្តាលឱ្យឈ្លក់ទឹកស្លាប់យ៉ាងអាណោចអាធ័ម។
ហេតុការណ៍បុរសកំពុងច្រូតស្រូវ ស្រាប់តែដួលផ្កាប់មុខចូលទឹក បណ្តាលឱ្យឈ្លក់ទឹកស្លាប់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១ និង៣០នាទីរសៀល ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ នៅចំណុចវាលស្រែដង្កៀបក្តាម ស្ថិតក្នុងឃុំរហាត់ទឹក ស្រុកមង្គលបូរី។
បុរសរងគ្រោះដែលឈ្លក់ទឹកស្លាប់ មានឈ្មោះវឹង សារ៉ែម អាយុ៣៥ឆ្នាំ មានលំនៅក្នុងភូមិចកខាងលិច ឃុំរហាត់ទឹក ស្រុកមង្គលបូរី។
តាមប្រភពពីកម្លាំងកងទ័ពដែលបានចុះជួយច្រូតស្រូវរបស់ជនរងគ្រោះ បានឱ្យដឹងថា ដោយសារតែឃើញទុក្ខលំបាករបស់ប្រជាពលរដ្ឋជាច្រើន ដែលកំពុងទទួលរងគ្រោះដោយសារទឹកជំនន់ ទើបកងពលថ្មើរជើងលេខ៥១ បានបែកចែកកម្លាំង ដើម្បីចុះជួយច្រូតស្រូវប្រជាកសិករ ដែលកំពុងទទួលរងផលប៉ះពាល់ដោយទឹកជំនន់។ ក្នុងនោះកម្លាំងរបស់កងពលថ្មើជើងលេខ៥១ មួយក្រុម បានចុះមកជួយច្រូតស្រូវរបស់ប្រជាពលរដ្ឋម្នាក់ឈ្មោះវឹង សារ៉ែម (ជនរងគ្រោះ)។ លុះពេលកំពុងច្រូតស្រូវសុខៗ ស្រាប់តែជនរងគ្រោះ បានដួលផ្កាប់មុខចូលទៅក្នុងទឹក ទាំងកំរោលបណ្តាលឱ្យឈ្លក់ទឹក។ ឃើញបែបនេះ កម្លាំងកងពលថ្មើរជើងលេខ៥១ បានប្រញាប់ប្រញាល់ខិតខំជួយសង្គ្រោះជាបន្ទាន់ ដោយដឹកជនរងគ្រោះតាមកាណូតលឿនយកមកភូមិភ្លាមៗដែរ ប៉ុន្តែអកុសលមិនអាចសង្គ្រោះបានឡើយ៕