ខេត្តព្រះសីហនុ ៖ ក្នុងចំណោមទីតាំង១៥ ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ពេលដែលអាជ្ញាធខេត្តចុះត្រួតពិនិត្យ ទីតាំងស្នាក់នៅប្រមូលផ្តុំ សមត្ថកិច្ចរកឃើញទីតាំងលួចប្រព្រឹត្តបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ស្ថិតក្នុងអគារស្នាក់នៅមួយកន្លែង ក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយមានជន បរទេសប្រុសស្រី ចំនួន១២១នាក់ ស្មើនឹង ៩សញ្ជាតិ។

យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ បានឱ្យដឹងថា ជនបរទេស ចម្រុះសញ្ជាតិ ទាំង ១២១នាក់ ដែលត្រូវបានឃាត់ខ្លួន រួមមាន ជនជាតិចិនចំនួន៤២នាក់ (ស្រី២នាក់) ស្រីលង្កា ចំនួន៣៧នាក់ (ស្រី៣នាក់) វៀតណាម ចំនួន ២២នាក់ (ស្រី៣នាក់) ឥណ្ឌា ចំនួន១២នាក់ (ស្រី១នាក់) កែនយ៉ា ចំនួន១នាក់ ស្ត្រីហ្វីលីពីន ចំនួន១នាក់ នេប៉ាល ចំនួន៣នាក់ (ស្ត្រី១នាក់) បង់ក្លាដែស ចំនួន២នាក់ និងម៉ាឡេស៊ី ចំនួន១នាក់ ។
ជាមួយគ្នានេះ វត្ថុតាងដែលជាមធ្យោបាយបម្រើឱ្យការប្រព្រឹត្តបទល្មើសអនឡាញ រួមមាន កុំព្យូទ័រ ចំនួន ១២៣ គ្រឿង និងទូរស័ព្ទដៃ ចំនួន១៣២គ្រឿង ត្រូវបានដកហូត ដើម្បីទុកជាភ័ស្តុតាង និងបន្តការពិនិត្យផ្នែកបច្ចេកទេស។

សមត្ថកិច្ច បានបញ្ជាក់ថា ជនជាតិចិន ចំនួន៤២នាក់ ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីធ្វើការសាកសួរ និងស្វែងរកមេខ្លោង និងបន្តនីតិវិធីច្បាប់ យ៉ាងតឹងរ៉ឹង ខណៈដែលចំនួន ៧៩នាក់ទៀត ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធីបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា។

គួរបញ្ជាក់ថា តាមរយៈការបង្ក្រាបទីតាំងថ្មី ខាងលើ បានធ្វើឱ្យចំនួនទីតាំងដែលពាក់ព័ន្ធនឹងបទល្មើស Online Scam ដែលអាជ្ញាធរខេត្តព្រះសីហនុបង្ក្រាបបានកើនឡើងរហូតដល់ ២៤ទីតាំង ក្នុងចំណោមទីតាំងសរុប ៣១ កន្លែង ដែលត្រូវបានត្រួតពិនិត្យក្នុងយុទ្ធនាការបោស សម្អាតបទល្មើស Online Scams នាពេលចុងក្រោយនេះ។ នេះ គឺជាការបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរដែនដី ក្នុងការលុបបំបាត់រាល់សកម្មភាពបោកប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីធានាសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ឱ្យបានល្អប្រ សើរ៕