Thursday, April 2, 2026
Homeសង្គម និងជីវិតតា៦០ឆ្នាំ ដេកស្លាប់លើស៊ីក្លូ

តា៦០ឆ្នាំ ដេកស្លាប់លើស៊ីក្លូ

ភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់ អាយុជាង៦០ឆ្នាំ អត់មានទីជម្រកស្នាក់នៅ ឃើញស៊ីក្លូ១ ទំនេរ ក៏សុំគេដេក ១យប់ ស្រាប់តែស្អែកឡើង ត្រូវបានប្រទះឃើញដេកស្លាប់នៅលើស៊ីក្លូ ក្បែរវាលព្រះមេរុ សង្ស័យគាំងបេះដូង។ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ២រសៀល ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ នៅចំណុចក្បែរវាលព្រះមេរុ តាមបណ្តោយផ្លូវលេខ១៧៨ សង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។បុរសចំណាស់ដែលដេកស្លាប់នៅលើស៊ីក្លូ មានវ័យប្រហែលជាង៦០ឆ្នាំ មិនទាន់ស្គាល់អត្តសញ្ញាណ តែមិនមែនជាម្ចាស់ស៊ីក្លូទេ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា បុរសវ័យចំណាស់ខាងលើ មានវ័យប្រហែល៦០ឆ្នាំ ជាអ្នកនៅក្បែរៗនោះ តែមិនមែនជាម្ចាស់ស៊ីក្លូទេ។ ចំណែកម្ចាស់ស៊ីក្លូ បានផ្តាំផ្ញើអ្នករត់ស៊ីក្លូដូចគ្នា ឱ្យជួយមកមើលស៊ីក្លូគាត់ផង ព្រោះគាត់ត្រូវទៅលេងស្រុកកំណើត ប៉ុន្មានថ្ងៃ។ រហូតមកដល់យប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ បុរសវ័យចំណាស់ខាងលើ បានមកសុំអ្នកនៅក្បែរនោះ សម្រាកនៅលើស៊ីក្លូ ១យប់ រួចក៏ដេកលក់ទៅ។

ប្រភពដដែល បន្តថា លុះមកដល់វេលាម៉ោង ២រសៀល ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ប្រជាពលរដ្ឋ បានដើរទៅមើល ព្រោះឃើញគាត់សម្រាក តាំងពីយប់ មិនទាន់ភ្ញាក់ទៀត ស្រាប់តែឃើញបុរសចំណាស់ បានបាត់បង់ជីវិតបាត់ទៅហើយ ដោយពលរដ្ឋសង្ស័យថា មូលហេតុ គាំងបេះដូង ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានសហការជាមួយនគរបាលជំនាញកោសល្យវិច័យ ធ្វើការត្រួតពិនិត្យសពរងគ្រោះ ដើម្បីស្វែងរកមូលហេតុ និងបានយកទៅតម្កល់ទុក រង់ចាំគ្រួសារសាច់ញាតិ មកទទួលធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES