Thursday, August 28, 2025
Homeសង្គម និងជីវិតចៅរត់តាមជីតាទៅស្រែ ១យប់ ក្លាយជាសពអណ្តែតទឹក

ចៅរត់តាមជីតាទៅស្រែ ១យប់ ក្លាយជាសពអណ្តែតទឹក

ខេត្តកំពង់ចាម ៖ ក្មេងប្រុសម្នាក់ បានរត់តាមជីតារបស់ខ្លួនទៅឃ្វាលគោនៅស្រែ រួចក៏បាត់ខ្លួនពេញមួយយប់ ទោះជាក្រុមគ្រួសារតាមរកយ៉ាងណាក៏មិនឃើញ រហូតដល់ព្រឹកឡើង ក៏ត្រូវបានគេប្រទះឃើញ សាកសពក្មេងប្រុសរងគ្រោះអណ្តែតក្នុងទឹក ឯវាលស្រែបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៨ នៅចំណុចស្រែខាងកើតភូមិអូរកណ្តោល ឃុំព្រែកក្របៅ ស្រុកកងមាស ចម្ងាយប្រមាណ៥០០ម៉ែត្រ។

ក្មេងប្រុសរងគ្រោះដែលលង់ទឹកស្លាប់ មានឈ្មោះម៉េង ជូ អាយុ៤ឆ្នាំ មានលំនៅក្នុងភូមិអូរកណ្តោល ឃុំព្រែកក្របៅ ស្រុកកងមាស។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង១រសៀល ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨ ជីតារបស់ក្មេងប្រុសរងគ្រោះ បានចេញទៅឃ្វាលគោនៅឯស្រែដូចសព្វដង ឃើញបែបនេះ ក្មេងប្រុសរងគ្រោះ ក៏បានរត់តាមពីក្រោយជីតា ទាំងដែល ជីតាមិនបានចាប់អារម្មណ៍ដឹងថា ចៅប្រុសរត់តាមនោះទេ លុះចងគោរួច ត្រឡប់មកដល់ផ្ទះវិញ ត្រូវឪពុកម្តាយក្មេងប្រុសរងគ្រោះសួរនាំរកកូន ទើបដឹងថា ក្មេងប្រុសរងគ្រោះបានបាត់ ទើបប្រញាប់ចែកផ្លូវគ្នាតាមរកភ្លាមៗដែរ តែរកមិនឃើញសោះ។

ប្រភពដដែលបន្តថា លុះមកដល់ព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៨ ក៏មានគេប្រទះឃើញសាកសពក្មេងប្រុសរងគ្រោះអណ្តែតនៅក្នុង ទឹក ឯវាលស្រែ ក៏ប្រញាប់រត់មកប្រាប់ក្រុមគ្រួសារក្មេងប្រុសរងគ្រោះឱ្យទៅមើល និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យតែម្តង៕

RELATED ARTICLES