Wednesday, April 8, 2026
Homeសង្គម និងជីវិតថៅកែឡាកាម៉ូ ទម្លាយប្រផ្នូលប្តីស្លាប់ រ៉ាប់រងសងបំណុលម៉ែ ១០លានដុល្លារ

ថៅកែឡាកាម៉ូ ទម្លាយប្រផ្នូលប្តីស្លាប់ រ៉ាប់រងសងបំណុលម៉ែ ១០លានដុល្លារ

ភ្នំពេញ ៖ លោកស្រី មាស ច័ន្ទដាលីន ថៅកែឡេ ឡាកាម៉ូ បានទម្លាយរឿងមិននិយាយរកម្តាយ អស់រយៈពេល២ឆ្នាំ ព្រោះតែថ្ងៃចូលនៅផ្ទះថ្មី ហៅម្តាយមកនៅជាមួយ ម្តាយមិនព្រមទៅ ថែមទាំងវេចបង្វេចដើរចេញ ធ្វើឱ្យលោកស្រីខកចិត្ត គិតថាជាប្រផ្នូលមិនល្អ ស្រាប់តែមិនបានប៉ុន្មាន ស្វាមីជាទីស្រលាញ់របស់លោកស្រី ត្រូវចោរប្លន់ចូលបាញ់សម្លាប់ដល់ក្នុងផ្ទះ។ លុះក្រោយបាត់បង់ស្វាមី លោកស្រីត្រូវរ៉ាប់រងសងសងបំណុលជំនួសម្តាយ រហូតដល់ទៅ ១០លានដុល្លារ និងចុងក្រោយត្រូវគេប្តឹងសមត្ថកិច្ចឱ្យឃាត់ខ្លួនលោកស្រីទៀតផង ធ្វើឱ្យលោកស្រី ស្ទើរនឹងឈានដល់ការគិតខ្លី បញ្ចប់ជីវិតខ្លួនឯងទៅហើយ តែដោយសារមានកម្លាំងចិត្តពីកូនៗ ទើបលោក ស្រី អាចក្រោកឈរ ប្រឈមមុខនឹងបញ្ហាបាន។

គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ លោកស្រី មាស ច័ន្ទដាលីន ម្ចាស់ម៉ាកសញ្ញា ឡាកាម៉ូ បានបង្ហោះវីដេអូមួយ បង្ហាញពីការចូលខ្លួនទៅសុំខមាលទោសអ្នកមានគុណ (អ្នកម្តាយ) ដែលលោកស្រី បានតមមាត់ក មិននិយាយរកម្តាយ រយៈពេល២ឆ្នាំ ព្រោះតែមានរឿងរ៉ាវមួយចំនួន ធ្វើឱ្យលោកស្រីតូចចិត្ត និងឈឺចាប់ រហូតមិនអាចនិយាយស្តីរកម្តាយបាន។

លោកស្រី មាស ច័ន្ទដាលីន បានសរសេរក្នុងទំព័រហ្វេសប៊ុក របស់់លោកស្រីថា “ថ្ងៃនេះ ខ្ញុំទម្លាយការពិត រយៈពេល៤ឆ្នាំ ខ្ញុំសងលុយជំនួសម្តាយ ជាង១០លានដុល្លារ ទីបំផុត ទឹកលុយដែលនៅសល់ចុងក្រោយ ធ្វើឱ្យជាប់ ខ្លួនឯង…”។

តាមរយៈវីដេអូនោះ គេឃើញលោកស្រី មាស ច័ន្ទដាលីន បានទិញផ្កា ១បាច់ធំ ជូនម្តាយ និងបានក្រាបសំពះម្តាយ រៀបរាប់ទាំងទឹកភ្នែកថា “ខ្ញុំសុំឱ្យម៉ែឯង ខមាលទោសឱ្យខ្ញុំ ហើយម៉ែឯងដឹងថា ខ្ញុំអត់និយាយរកម៉ែឯង ២ឆ្នាំហើយ ហើយម៉ែឯងដឹងហេតុផលម៉េច បានខ្ញុំអត់និយាយអត់? ម៉ែឯងទៅផ្ទះជីបម៉ុង ថ្ងៃដំបូង ម៉ែឯងឃើញខ្ញុំទឹកភ្នែក ខ្ញុំហៅម៉ែឯងទៅ នៅជាមួយខ្ញុំ ម៉េចម៉ែឯងវេចបង្វេចចេញពីផ្ទះចាស់ទៅ ខ្ញុំហៅម៉ែឯង យកខោអាវ យកអីទៅផ្ទះជីបម៉ុង ម៉ែឯងអត់ទៅទេ ម៉ែឯងឱ្យខ្ញុំយំ ថ្ងៃដំបូងដែលខ្ញុំចូលផ្ទះជីបម៉ុង ហើយម៉ែឯងដឹងខ្ញុំមានប្រផ្នូលថាអត់ល្អ ខ្ញុំខឹងម៉ែឯងថា ហេតុអីថ្ងៃខ្ញុំចូលនៅផ្ទះជីបម៉ុង ដំបូង ម៉េចម៉ែឯងធ្វើឱ្យខ្ញុំយំ? ម៉េចម៉ែឯងវេចបង្វេចចេញពីផ្ទះ? ខ្ញុំមានប្រផ្នូលថា អត់ល្អ ដល់ពេលហើយ ក្រោយមក មានរឿងហ៊ា (ប្តី) គេចូលទៅបាញ់គាត់ដល់ផ្ទះ ខ្ញុំខឹងម៉ែឯង ខ្ញុំខឹងម៉ែឯង ដល់រាល់ថ្ងៃ ខ្ញុំអត់និយាយ ខ្ញុំអត់អាចនិយាយរកម៉ែឯងបាន ហេតុផលហ្នឹងហើយដែលខ្ញុំអត់និយាយរកម៉ែឯង ហើយម៉ែឯងដឹងហើយថា រាល់ថ្ងៃ ខ្ញុំខុសជាមួយម៉ែឯង ហើយម៉ែឯង ដឹងហើយតើ ម៉ែឯងជំពាក់គេម៉ាន? ជាង១០លាន ខ្ញុំសងឡើងខ្ញុំវេទនា ប្តីខ្ញុំខំប្រឹងវេទនា ដោយសារប្រពន្ធជួយម្តាយ ហើយប៉ុន្មានថ្ងៃមុន បងប្អូនទាំងអស់គ្នា ដឹងហើយ ប៉ុន្មានថ្ងៃមុន ខ្ញុំបានចេញសែកទៅឱ្យគេ ១លាន គេបានប្តឹងខ្ញុំ ខ្ញុំអត់ដឹង គេបានឃាត់ខ្លួនខ្ញុំ គេទារលុយ ៥០ម៉ឺនភ្លាម ហើយពេលនោះ ខ្ញុំគិតថា ខ្ញុំលែងចង់រស់ ហើយ ព្រោះខ្ញុំឆ្អែតៗនឹងបញ្ហា តាំងពីថ្ងៃដំបូងដែលខ្ញុំរ៉ាប់រងជំនួសគាត់ រហូតដល់ថ្ងៃនេះ ខ្ញុំពិបាកៗមែនទែន ពិបាករហូតដល់ប្តីខ្ញុំចាកចេញទៅ នៅសល់ខ្ញុំតែម្នាក់ឯង…”។

លោកស្រី មាស ច័ន្ទដាលីន បានរៀបរាប់បន្តថា “បងប្អូនដឹងទេ? ហេតុតែខ្ញុំរ៉ាប់រងម្តាយ ចង់ឱ្យម្តាយរស់នៅស្រួល ខ្ញុំសុខចិត្តរ៉ាប់រងគ្រប់យ៉ាង រហូតដល់ខ្ញុំពិបាកដល់ខ្លួនឯង សូម្បីតែពេលវេលា បងប្អូនដឹងហើយ អីវ៉ាន់ខ្ញុំ ឡាកាម៉ូ ខ្ញុំខាតអស់រាប់សិបលាន ទម្រាំតែខ្ញុំលក់អស់ ទម្រាំតែខ្ញុំចាប់ផ្តើមផលិតអីវ៉ាន់ថ្មី ខ្ញុំមិនទាន់លក់បានប៉ុន្មានផង គេចាប់ផ្តើមទារបំណុល ១លាន ដែលខ្ញុំរ៉ាប់រងជំនួសម្តាយខ្ញុំ ខ្ញុំជួយម្តាយខ្ញុំ រហូតដល់រាល់ថ្ងៃ គេអត់ទុកពេលឱ្យខ្ញុំ គេប្តឹងខ្ញុំ ទាំងខ្ញុំអត់បានដឹងថា គេបានកោះហៅ គេបានឃាត់ខ្លួនខ្ញុំ ទារលុយ ៥០ម៉ឺនភ្លាមៗ តែពេលនោះខ្ញុំអត់បានគិតអីទេ ខ្ញុំគិតថា ខ្ញុំសុខចិត្តបញ្ចប់ខ្លួនឯង ព្រោះតែខ្ញុំហត់ តែដោយសារខ្ញុំអាណិតកូនខ្ញុំ គាត់បានយំខ្លាំង គាត់ថាគាត់អត់ចង់បាត់បង់ម្តាយម្នាក់ទៀតទេ ព្រោះគាត់បាត់ឪពុកមួយហើយ ហើយពេលនោះ ខ្ញុំអត់រកលុយអីទាំងអស់ ព្រោះអីខ្ញុំមានអារម្មណ៍ថា ខ្ញុំឆ្អែត ខ្ញុំមានតែគិតរឿងសេចក្តីស្លាប់តែប៉ុណ្ណោះ តែកូនខ្ញុំអត់ព្រមទេ កូនខ្ញុំរត់រកលុយ ទាំងលុយគេទារ ៥០ម៉ឺនដុល្លារ កូនខ្ញុំប៉ុណ្ណឹង រត់រកលុយជាមួយនឹងអាកា ជាមួយបងប្អូនគាត់ ក្មួយខ្ញុំរត់ពេញហ្នឹង រកអ្នកណាក៏រកដែរ តែសម្រាប់ខ្ញុំ គឺលែងខ្វល់ហើយ គាត់ធ្វើម៉េចឱ្យតែគ្រប់លុយឱ្យគេ ធ្វើម៉េចឱ្យម្តាយបានចេញមក ដើម្បីម្តាយគាត់បានរស់នៅជាមួយគាត់ ព្រោះអីខ្ញុំលែងខ្វល់ខ្ញុំលែងគិត…”។

លោកស្រីថៅកែឡាកាម៉ូ បានរៀបរាប់បន្តថា “បងប្អូនតែងតែគិតថា ខ្ញុំរឹងមាំ តែក្នុងពេលនេះ ខ្ញុំមានអារម្មណ៍ថា ខ្ញុំហត់ ខ្ញុំហត់ខ្លាំងណាស់ រឿងអីក៏ខ្ញុំជួបដែរ ខ្ញុំឆ្អែតៗគ្រប់យ៉ាង ឡើងខ្ញុំលែងចង់រស់ តែអ្វីដែលចុងក្រោយបំផុត ខ្ញុំឃើញកូនខ្ញុំធំ ខ្ញុំឃើញកូនខ្ញុំខ្លាចបាត់បង់ខ្ញុំ គាត់យំខ្លាំង គាត់ថា ម៉ាក់ត្រូវតែរស់ គាត់ត្រូវការខ្ញុំ អ៊ីចឹងខ្ញុំក៏បន្តរស់មកដល់រាល់ថ្ងៃ ដោយកូនខ្ញុំគាត់ខំប្រឹងរកលុយយកទៅឱ្យគេ ហើយខ្ញុំបានចរចាជាមួយគេថា នៅក្នុងពេលនេះ គឺពួកខ្ញុំកំពុងតែបង្វិលលុយអត់ទាន់ អីវ៉ាន់ខាតផង ត្រូវផលិតអីវ៉ាន់ថ្មីផង តែគេអត់បានស្តាប់យើងទេ ហើ យបងប្អូនតែងតែគិតថា ម្ចាស់ប្រេនឡាកាម៉ូ អូខេ តែបងប្អូនត្រូវដឹងថា សម័យនេះ គឺខ្ញុំខាតច្រើនណាស់ ដូច្នេះហើយ ថ្ងៃនេះ ខ្ញុំសុខចិត្តនិយាយការពិត ដោយខ្ញុំមានបញ្ហាថ្ងៃហ្នឹង ខ្ញុំសុំខមាលទោសម្តាយខ្ញុំ ដែលខ្ញុំអត់និ យាយរកគាត់ ២ឆ្នាំហើយ…”។

ចំណែកអ្នកម្តាយលោកស្រី មាស ច័ន្ទដាលីន បានស្រវាឱបកូនស្រី រួចទួញយំរៀបរាប់ថា “ម៉ែអហោសិកម្មឱ្យកូនហើយ កុំឱ្យកូនខ្ញុំមានបាបកម្ម កូនរងសម្ពាធខ្លាំងដើម្បីម្តាយ ហេតុនេះហើយសូមឱ្យទេវតាជួយកូនខ្ញុំផង អ្វីៗខ្ញុំទទួលអស់ហើយ បាបកម្មទាំងប៉ុន្មាន ខ្ញុំសុខចិត្តខ្ញុំទទួលម្នាក់ឯង កុំឱ្យកូនខ្ញុំទទួលទៀតអី កូនអើយកូន បាបកម្មរបស់ម្តាយ ម្តាយទទួលអស់ហើយ មានតែអំពើល្អដែលជួយយើង។ ខ្ញុំសូមជូនពរកូន ឱ្យកូនមានសំ ណាងល្អ ពីថ្ងៃហ្នឹងទៅ សូមទេវតាជួយ មានតែទេវតាទេ ដែលដឹងអំពើល្អរបស់យើង នៅជារៀងរហូត សូមសំណាងល្អគ្រប់គ្នា សូមឱ្យខ្ញុំរ៉ាប់រងទាំងអស់ កូនខ្ញុំរងសម្ពាធខ្លាំងណាស់ ហេតុនេះសូមឱ្យទេវតា កុំប្រកាន់កូនខ្ញុំអី សូមឱ្យបុណ្យដែលខ្ញុំបំពេញទាំងប៉ុន្មាន តិចក្តីច្រើនក្តី សូមបញ្ជូនឱ្យកូនចៅខ្ញុំទាំងអស់គ្នា លើកកម្មឱ្យទាំងអស់គ្នា អ្នកណាដែលជំពាក់ខ្ញុំ មិនសងខ្ញុំ ខ្ញុំក៏មិនប្រកាន់ទោសពៃរ៍អីដែរ សូមកុំឱ្យកូនខ្ញុំមកទទួលកម្មពីខ្ញុំអី។ ចាប់ពីថ្ងៃនេះទៅ ឱ្យកូនខ្ញុំមានសំណាងល្អ ទេវតា ត្រូវតែជួយមនុស្សល្អ មិនជួយទេមនុស្សអាក្រក់…”។

ដោយឡែក នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ អតីតតារាសម្តែងជើងចាស់ លោកស្រី ចនច័ន្ទ លក្ខិណា ដែលជាមនុស្សស្និទ្ធនឹងលោកស្រី មាស ច័ន្ទដាលីន បានលើកឡើងថា ជីវិតលោកស្រី មាស ច័ន្ទដាលីន វេទនាជាងនាងបដាចារ ទៅទៀត។

លោកស្រី ចន ច័ន្ទលក្ខិណា សរសេរថា “ជីវិតគាត់ វេទនាជាងនាងបដាចារ ទៅទៀត កន្លងមក គាត់បង្ហាញពីបញ្ហាទុក្ខលំបាករបស់គាត់ តែ ២០ភាគរយទេ ខ្ញុំមិនអាចនិយាយអ្វីបាន គ្រាន់តែនិយាយបានថា ជីវិតគាត់ សឹង តែគ្មានមនុស្សស្រីណាជួបដូចគាត់…”៕ ដារិទ្ធ

RELATED ARTICLES