Thursday, April 9, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមវ៉ៃខ្នោះមេខ្យល់៣នាក់ លួចនាំមនុស្សឆ្លងដែន

វ៉ៃខ្នោះមេខ្យល់៣នាក់ លួចនាំមនុស្សឆ្លងដែន

ខេត្តបាត់ដំបង ៖ ជនសង្ស័យ៣នាក់ ជាមេខ្យល់នាំមនុស្សឆ្លងដែនខុសច្បាប់ រួមជាមួយប្រជាពលរដ្ឋខ្មែរ ចំនួន៣នាក់ ត្រូវបានមន្ត្រីការពារព្រំដែន ឃាត់ខ្លួន ពេលលួចឆ្លងដែនដោយខុសច្បាប់ ចេញទៅប្រទេសថៃ កាលពីរសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ នៅចំណុចភូមិសាស្ត្រ ភូមិស្ពានយោល ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ជនទាំង៦នាក់ ដែលត្រូវមន្ត្រីនគរបាលការពារព្រំដែនឃាត់ខ្លួន ក្នុងនោះមាន ៣នាក់ ជាមេខ្យល់ និង៣នាក់ទៀត ជាពលករដែលបម្រុងធ្វើចំណាកស្រុកដោយខុសច្បាប់ ចេញទៅប្រទេសថៃ តាមរយៈមេខ្យល់ ៣នាក់នោះ។

ជនសង្ស័យជាមេខ្យល់ ទាំង៣នាក់ ដែលត្រូវបានឃាត់ខ្លួន រួមមាន ទី១-ឈ្មោះសេង សុខជឿន ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិស្ពានយោល ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង។ ទី២-ឈ្មោះ ផល សៀងហៃ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិស្ពានយោល ឃុំជ្រៃសីម៉ា ស្រុកសំពៅលូន ខេត្តបាត់ដំបង និងទី៣-ឈ្មោះសែ ភីម ភេទប្រុស អាយុ២៩ឆ្នា រស់នៅភូមិអូរល្វា ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង។ ចំណែកពលករ ចំនួន៣នាក់ រួមមាន ទី១-ឈ្មោះស៊ីន ចន្ធូ ភេទស្រី អាយុ៤០ឆ្នាំ រស់នៅភូមិស្រែក្រសាំង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តមានជ័យ។ ទី២-ឈ្មោះលឿង ណារ៉ូតភាព ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិស្រែក្រសាំង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តមានជ័យ និងទី៣-ឈ្មោះលឿង លីហ៊ិលគេ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិស្រែក្រសាំង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តមានជ័យ។

សមត្ថកិច្ច បានបញ្ជាក់ថា មនុស្សទាំង ៦នាក់ខាងលើ ត្រូវបានកម្លាំងនគរបាលការពារព្រំដែន បង្ក្រាបបាន ខណៈពេលពួកគេបម្រុងឆ្លងអូរព្រំដែន ចេញទៅប្រទេសថៃ ដោយខុសច្បាប់ ហើយនេះជាការទប់ស្កាត់បាន ទាន់ពេលវេលា ចំពោះសកម្មភាពក្រុមរត់ពន្ធមនុស្សឆ្លងដែន ខណៈប្រទេសទាំង២ កំពុងបិទខ្ទប់បន្ទាត់ព្រំដែនជាមួយគ្នាទាំងស្រុង ក្រោយមានការប្រយុទ្ធគ្នាដោយអាវុធ ចំនួន២លើក នាពេលកន្លងមក បង្កឡើងដោយទាហានថៃ ឈ្លានពានមកលើទឹកដីកម្ពុជា។

ក្រោយពីឃាត់ខ្លួន ជនសង្ស័យជាមេខ្យល់ និងពលកករ សរុបចំនួន៦នាក់ ត្រូវបានមន្ត្រីការពារព្រំដែន ប្រគល់ឱ្យមន្ត្រីជំនាញ នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន ចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES