ភ្នំពេញ ៖ ស្ត្រីម្នាក់នេះ មានវាសនាអភ័ព្វខ្លាំងណាស់ កំពុងរួមរស់នឹងប្តីសាងគ្រួសារទាំងត្រដាបត្រដួស ក៏ស្រាប់តែមកជួបគ្រោះអកុសល ផ្ទុះធុងហ្គាស បណ្តាលឱ្យរលេះរលួយមុខមួយចំហៀង រហូតដល់ខ្នងទៀតផង និងត្រូវចំណាយប្រាក់កាសព្យាបាលរបួសអស់រលីងពីខ្លួន ធ្វើឱ្យជីវ ភាពធ្លាក់ដុនដាប ពឹងតែលើរបរប្តីជាសន្តិសុខ រកមុខខ្វះក្រោយ បានព្រឹកខ្វះល្ងាច ស្ទើរដាច់ពោះស្លាប់ រហូតដល់ទ្រាំទ្រលែងបាន ក៏ដាច់ចិត្តកាត់ កេរ្តិ៍កាត់ខ្មាស លើកដៃសំពះសុំការសង្គ្រោះពីសប្បុរសជន ដើម្បីបានប្រាក់មកព្យាបាលរបួស និងបន្តជីវិតរស់នៅ២នាក់ប្តីប្រពន្ធបន្តទៀត។
គ្រួសារទុរគតខាងលើនេះ ស្នាក់នៅផ្ទះជួលម្តុំដីថ្មី ខណ្ឌសែនសុខ ដោយបុរសជាប្តីកំពុងប្រកបរបរជាសន្តិសុខ យាមនៅមុខផ្សារទំនើបអ៊ីអន២ ចំណែកស្ត្រីជាប្រពន្ធ មិនអាចធ្វើអ្វីបានឡើយ សម្រាកនៅតែផ្ទះ ដោយសារមុខរបួសមិនទាន់ជាសះស្បើយស្រួលបួល ព្រមទាំងឧស្សាហ៍ ធ្វើទុក្ខ ជាញឹកញាប់។
តាមសម្តីបុរសជាប្តីឈ្មោះស្នា បានរៀបរាប់ទាំងអួលដើមកប្រាប់ថា គាត់និងប្រពន្ធបានចាប់ដៃគ្នាជាប្តីប្រពន្ធ រស់នៅក្នុងស្ថានភាពក្រីក្រ តោកយ៉ាកខ្លាំងណាស់ លុះពេលកំពុងពួតដៃគ្នាកសាងគ្រួសារទាំងត្រដាបត្រដួស ក៏ស្រាប់តែប្រពន្ធរបស់គាត់ត្រូវមកជួបគ្រោះអកុលស ត្រូវធុងហ្គាសផ្ទុះ ធ្វើឱ្យរលាករលួយផ្ទៃមុខ ចំហៀងខាងឆ្វេង ព្រមទាំងក្បាល១ចំហៀងខាងឆ្វេង រួមនឹងខ្នងក៏រងរបួសរលេះរលួយដែរ។ ដោយសារតែជួបគ្រោះថ្នាក់ដ៏អាក្រក់នេះ ទើបធ្វើឱ្យគ្រួសារគាត់បានចំណាយប្រាក់កាសអស់ពីខ្លួន ដើម្បីព្យាបាលរបួសប្រពន្ធ ប៉ុន្តែមកដល់សព្វថ្ងៃ របួសប្រពន្ធ គាត់នៅមិនទាន់ជាសះស្បើយទាំងស្រុងនៅឡើយទេ ដោយនៅមានការឈឺចាប់ និងធ្វើទុក្ខជាញឹកញាប់ទៀតផង។ រីឯផ្ទៃមុខប្រពន្ធរបស់គាត់ ផ្នែកខាងឆ្វេង ត្រូវខូចអស់ទាំងស្រុង សូម្បីតែក្បាលមួយចំហៀងខាងឆ្វេង រួមនឹងខ្នង ក៏រងការរលាករលេះរលួយផងដែរ។
បុរសជាប្តី បានបន្តថា ក្រោយពីកើតហេតុការណ៍ផ្ទុះធុងហ្គាសរលាកមុខមាត់រួចហើយ ធ្លាប់មានអ្នកផ្តល់យោបល់ឱ្យគាត់ចុះចោលប្រពន្ធទៅ ព្រោះបើនៅទ្រាំលំបាកវេទនាទាំង២នាក់ ហើយទោះប្រឹងរកលុយមកព្យាបាលយ៉ាងណា ក៏ប្រពន្ធមិនអាចស្អាតដូចដើមដែរ ហើយសូម្បីតែប្រពន្ធរបស់គាត់ខ្លួនឯង ក៏ធ្លាប់ប្រាប់ឱ្យគាត់ចាកចេញទៅដែរ តែគាត់មិនធ្លាប់មានគំនិតថា នឹងបោះបង់ប្រពន្ធនេះចោលទេ ព្រោះថាគាត់ស្រលាញ់ ប្រពន្ធមិនមែនលើរូបសម្បត្តិនោះទេ គឺលើទឹកចិត្ត និងអនុស្សាវរីយ៍ ដែលពួកគាត់ធ្លាប់កសាងរួមគ្នា ឆ្លងកាត់ឧបសគ្គ អត់ឃ្លាតមានស៊ី កម្សត់កម្រ ជាមួយគ្នារាប់មិនអស់ ហេតុនេះ គាត់ដាច់ខាតមិនអាចបោះបង់ចោលប្រពន្ធឡើយ៕