ខេត្តសៀមរាប ៖ ជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ សម្រាប់ក្រុមគ្រួសារមួយនេះ ដែលកើតមានជំលោះដណ្តើមកេរ្តិ៍គ្នា រហូតកូនៗ៥-៦នាក់ បាននាំគ្នាដាក់ពាក្យប្តឹងម្តាយចុងរបស់ខ្លួនថាបានចាប់បង្ខាំងប្តី ដែលត្រូវជាឪពុករបស់ពួកគេ រហូតត្រូវសមត្ថកិច្ចចុះឃាត់ខ្លួនស្ត្រីជាម្តាយចុងរូបនោះ ទៅសួរនាំ ប៉ុន្តែត្រូវបុរសជាប្តីបានព្យាយាមតាមទៅការពារប្រពន្ធចុងរបស់ខ្លួន ស្រាប់តែចុងក្រោយបែរជាត្រូវកូនៗចាប់ឪពុកដាក់ឡាន ដឹកចេញពីប៉ុស្តិ៍ប៉ូលិស ដោយសំអាងថា ព្រួយបារម្ភពីសុខភាពឪពុក ទើបដឹកគាត់ទៅផ្ទះវិញ។
ស្ត្រីជាម្តាយចុង ដែលរងបណ្តឹងរបស់កូនដើម ពីបទបង្ខាំងមនុស្ស និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ មានឈ្មោះទ្រី ណៃហៀក អាយុជាង៤០ឆ្នាំ មានប្តីឈ្មោះមិន ឡម ហៅលី ឡម អាយុជាង៦០ឆ្នាំ។ ប្តីប្រពន្ធអ្នកទាំងពីរ មានលំនៅក្នុងភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប។
ទាក់ទិនទៅនឹងរឿងរ៉ាវជម្លោះដណ្តើមកេរ្តិ៍ខាងលើនេះ លោកជា ហៃ មេធាវីការពារក្តីឱ្យប្តីប្រពន្ធជាប់ចោទបានបញ្ជាក់ប្រាប់ថា ដើមចមនៃរឿង គឺដំបូងឡើយឪពុកដាក់ទុនរកស៊ីសាងសង់ តែកូនៗមិនព្រម គ្រានោះឪពុកបានប្តឹងទៅតុលាការឱ្យជួយចែកទ្រព្យតាមផ្លូវច្បាប់ តែមិនទាន់ដោះស្រាយផង ក៏ត្រូវក្រុមកូនៗ ប្តឹងទៅសមត្ថកិច្ចថា ម៉ែចុងចាប់បង្ខាំងប្តី ជាឪពុកពួកខ្លួន។
លោកមេធាវីរូបនេះបន្តថា ក្នុងពេលសមត្ថកិច្ចនាំខ្លួនស្ត្រីជាប្រពន្ធចុងនោះទៅ បុរសជាប្តីក៏ទៅជាមួយ ហើយអះអាងថា ពួកគាត់ប្តីប្រពន្ធរស់នៅជាមួយគ្នា រហូតមានកូនប្រុសម្នាក់អាយុ១១ឆ្នាំទៅហើយ មិនមានអ្នកណាបង្ខាំងអ្នកណានោះទេ។ ប៉ុន្តែធាតុពិតពួកកូនៗរបស់គាត់ ចង់ដណ្តើមទ្រព្យ (ដី) ខ្លាចឪពុក និងម្តាយចុង ព្រមព្រៀងគ្នាសង់ផ្ទះល្វែងលើដីដែលពួកគេកំពុងចង់បាន ទើបបង្កើតរឿងបែបនេះតែម្តងទៅ។
លោកមេធាវី បានបញ្ជាក់ទៀតថា កាលពីរសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ សមត្ថកិច្ចបានទៅនាំខ្លួន ស្ត្រីខាងលើ ទៅសាកសួររឿង បង្ខាំងមនុស្សខុសច្បាប់។ លុះរសៀលថ្ងៃទី០២ ខែសីហា ក៏បានបញ្ជូនទៅតុលាការតែម្តង។
តាមសម្តីកូនស្រីរបស់ស្ត្រីជាប់ចោទ ឈ្មោះប្រុញ ណៃហ័រ បានអះអាងថា គ្រួសារនេះមិនមានការបង្ខាំងមនុស្សនោះទេ ពោលគឺមិនមានរឿងប្រពន្ធចាប់បង្ខាំងប្តីអីនោះឡើយ។ ប្តីប្រពន្ធរបស់គាត់ រស់នៅមានក្តីសុខណាស់ តែខាងកូនៗដើមនោះទេ ដែលចង់បានទ្រព្យ រហូតប្រឌិតរឿងនេះ ដើម្បីកុំឱ្យម្តាយឪពុកពួកគេ យកដីទាំងនោះទៅសាងសង់ជាផ្ទះល្វែង។
ស្ត្រីដដែលបន្តថា ដោយសារតែដណ្តើមទ្រព្យ ម្តាយរបស់ខ្លួនត្រូវបញ្ជូនទៅតុលាការ ក្រោមការ ចោទថា បង្ខាំមនុស្ស (បង្ខាំងប្តីខ្លួនឯង) វាជារឿងដែលមិនអាចទទួលយកនោះទេ ត្បិតអីប្តីរបស់គាត់តាមជួយការពារប្រពន្ធឱ្យផុតពីការចោទប្រកាន់គ្រប់កន្លែងសមត្ថកិច្ច។ តែត្រូវពួក កូនៗនាំគ្នាចាប់គាត់យកទៅបាត់ មិនដឹងមានបំណងអ្វី។ ក្នុងអង្គហេតុនៃរឿង នាងក៏បានស្នើសុំឱ្យតុលាការស៊ើបអង្កេតរឿងនេះឱ្យបានជាក់លាក់ មុនពេលសម្រេចឃុំខ្លួនម្តាយរបស់នាង។
ដោយឡែកលោក យិន ស្រាង អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប បានថ្លែងបញ្ជាក់តាមទូរស័ព្ទ កាលពីរសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨ថា ស្ត្រីឈ្មោះទ្រី ណៃហៀក ត្រូវសមត្ថកិច្ចបញ្ជូនមកដល់តុលាការហើយ។ តែនៅមិនទាន់ចាត់ចែងបន្តនីតិវិធីនោះទេ ប៉ុន្តែរបាយការណ៍ ប៉ូលិស បានចោទស្ត្រីខាងលើពីបទបង្ខាំងមនុស្សខុសច្បាប់។
លោកអនុសេនីយ៍ឯក ពេជ្រ សាម៉ោល នាយប៉ុស្តិ៍នគរបាលសង្កាត់សាលាកំរើក បានបញ្ជាក់ប្រាប់ថា ពិតជាមានមនុស្ស៦ទៅ៧នាក់ មកនាំយកឪពុករបស់ពួកគេ និងត្រូវជាប្តីរបស់ស្ត្រីជាប់សង្ស័យពីបទបង្ខាំងមនុស្សចេញពីប៉ុស្តិ៍ប៉ូលិសរបស់លោកមែន។ ព្រោះពួកគេអះអាងជាកូន មកនាំឪពុកទៅផ្ទះ។ ឯរឿងផ្សេងទៀតលោកមិនបានដឹងនោះទេ ព្រោះស្ត្រីរូបនេះ ត្រូវខាងនគរបាលកម្រិតធ្ងន់យកមកផ្ញើនៅប៉ុស្តិ៍របស់លោក។
លោកមេធាវី ជា ហៃ បានបញ្ជាក់ចុងក្រោយថា លោករំពឹងថា តុលាការនឹងមិនអាចឃុំខ្លួនកូនក្តីរបស់លោកឡើយ ពីព្រោះថា មិនមានភស្តុតាងណាមួយបង្ហាញថា បង្ខាំងមនុស្សនោះឡើយ។
ម៉្យាងទៀត ជនដែលត្រូវគេបង្ខាំងនោះ បញ្ជាក់នៅមុខសមត្ថកិច្ចថា ប្តីប្រពន្ធគាត់នេះទៅណាជាមួយគ្នារហូតគ្មានការឃុំឃាំងអីឡើយ ហេតុនេះរំពឹងថា តុលាការនឹងរកឱ្យឃើញសនិងខ្មៅ ក្នុងរឿងដែលមិនធ្លាប់មាននេះ៕