ខេត្តក្រចេះ ៖ កូនផ្សោតទន្លេមេគង្គ ទើបកើតថ្មី ចំនួន១ក្បាល ត្រូវបានប្រទះឃើញនៅអន្លង់ផ្សោត កាំពី ក្នុងភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦។

កូនផ្សោតនេះ ត្រូវបានរកឃើញដោយក្រុមផលិតព័ត៌មាននៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នៅវេលាម៉ោង ៣និង២០នាទី រសៀល ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ហើយត្រូវបានចុះផ្ទៀងផ្ទាត់ដោយក្រុមការងារស្រាវ ជ្រាវនៃអគ្គនាយកដ្ឋានជលផល ខណ្ឌរដ្ឋបាល ជលផលក្រចេះ និងអង្គការ WWF ផងដែរ។ កូនផ្សោតនេះ មានអាយុប្រមាណ៣ថ្ងៃ មានសុខភាពល្អ បានហែលទឹកលេងជាមួយក្រុមសត្វផ្សោតពេញវ័យ ប្រមាណ៦ ក្បាល ផ្សេងទៀត។

នេះគឺជាកូនផ្សោតទី៦ ហើយ ដែលត្រូវបានកត់ត្រានៅដើមឆ្នាំ២០២៦។ តាមរយៈវត្តមានថ្មីនៃកូនផ្សោតនេះ បានធ្វើឱ្យចំនួនសត្វផ្សោតទន្លេមេគង្គ នៅកម្ពុជា កើនឡើងដល់ចំនួនសរុប ១១៨ក្បាល។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ សូមសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនឆ្មាំទន្លេ អាជ្ញា ធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ ដែលតែងតែចូលរួមយ៉ាងសកម្មក្នុងការថែរក្សានិងការពារធនធានជល ផលដ៏មានតម្លៃនេះ។ កិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងស្ថាប័នរដ្ឋ អង្គការដៃគូ និងសហគមន៍មូលដ្ឋាន គឺជាគន្លឹះដ៏សំខាន់ក្នុងការរក្សាបាននូវកំណើនសត្វផ្សោត ជាបន្តបន្ទាប់។

ទន្ទឹមនឹងលទ្ធផលដ៏គាប់ប្រសើរនេះ ក្រសួង សូមអំពាវនាវដល់បងប្អូនប្រជានេសាទ និងប្រជាពលរដ្ឋទាំងអស់ សូមបន្តកិច្ចសហការនិងចូលរួមការពារសត្វផ្សោត ដែលជារតនសម្បត្តិជាតិមានជីវិតរបស់យើង តាមរយៈការចូលរួមថែរក្សាបរិស្ថានទន្លេ និងគោរពតាមការណែនាំរបស់ ឆ្មាំទន្លេ ដើម្បីឱ្យកូនផ្សោត តូចៗទាំងនេះ អាចធំ ធាត់ដោយសុវត្ថិភាព។ ការចូលរួមរបស់បងប្អូន គឺជាដង្ហើមរស់របស់សត្វផ្សោតទន្លេមេគង្គ។

ប្រសិនបើបងប្អូនបានប្រទះឃើញសត្វផ្សោត ជាពិសេសកូនផ្សោត សូមរួសរាន់ផ្តល់ព័ត៌មានមកសមត្ថកិច្ចជល ផល តាមរយៈលេខទូរស័ព្ទ ៖ 012 897 943, 011 355 883, 099 791 919, 092 918 144 និង 017 818 382 ដើម្បីរួមគ្នាអភិរក្សសត្វផ្សោតទន្លេមេគង្គ ឱ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ៕
