ភ្នំពេញ ៖ នគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលថ្លើមធំ ធ្វើសកម្មភាពលួចម៉ូតូធំរបស់ប៉ូលិស ដែលទុកនៅចំណុចមុខប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំ ក្នុងភូមិសាស្ត្រខណ្ឌដូនពេញ ។

ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ០០:២៥នាទីទៀបភ្លឺ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន ចូលរួមដោយលោកវរសេនីយ៍ឯក ញ៉ែម វ៉ន នាយការិយាល័យ និងលោកវរសេនីយ៍ទោ ប៊ុត ស៊ីម៉េង នាយការិយាល័យ បានដឹកនាំកម្លាំងជំនាញ ធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន០១នាក់ នៅត្រង់ចំណុចមុខអគារបុរីកីឡា សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភំ្នពេញ។

ជនសង្ស័យពាក់ព័ន្ធនឹងករណី លួចម៉ូតូ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ០៣និង៥៥នាទីទៀបភ្លឺ នៅត្រង់ចំណុចមុខប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំ ផ្លូវលេខ១០៨ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ជនសង្ស័យ មានឈ្មោះ ជុំ ផល្លា ហៅតឿ ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ។ សម្ភារៈដកហូត រួមមាន ម៉ូតូ ០១គ្រឿង ម៉ាក Honda XR ពណ៌ស-ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1KB-3616 (បានប្រគល់ជូនជន រងគ្រោះ)។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចនាំខ្លួនយកមកនាយកដ្ឋាន ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង តាមនីតិវិធី៕