ភ្នំពេញ ៖ ប្តីប្រពន្ធសេដ្ឋីវ័យក្មេង ខ្មែរ-វៀតណាម ដែលថ្ងៃមង្គលការ ទទួលបានកាដូ (ចំណងដៃ) ពីឪពុកម្តាយទាំងសងខាង គិតជាទឹកប្រាក់ រាប់លានដុល្លារ ជាមួយនិងកម្មវិធីមង្គលការដែលរៀបចំឡើងយ៉ាងប្រណីត ផ្អើលកក្រើក ២ប្រទេស ស្រាប់តែរួមរស់បានត្រឹម ៣ខែ ក៏ឈានដល់ការបែកបាក់ លែងលះគ្នា ដោយភាគីកូនក្រមុំវៀតណាម រូបស្រស់ នាងង្វៀន ធីយៀន បានប្រកាសចែកផ្លូវជាមួយប្តីខ្មែរ និងទម្លាយពីមូលហេតុថា បញ្ហាវប្បធម៌ ភាសា និងទស្សនៈរស់នៅ គឺជាឧបសគ្គធំដែលធ្វើឱ្យពួកគេមិនអាចបន្តរួមរស់បានយូរអង្វែង។មហាជនអ្នកប្រើប្រាស់បណ្តាញសង្គម បានសម្តែងនូវការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ក្រោយពីទទួលបានដំណឹងថា គូស្នេហ៍សេដ្ឋីវ័យក្មេង ខ្មែរ-វៀតណាម ដ៏ល្បីល្បាញ ផ្អើលពិភពអនឡាញ ពេលនេះបានសម្រេចចិត្តចែកផ្លូវគ្នាហើយ។

តាមរយៈវីដេអូផ្សាយផ្ទាល់ (Live Video) តាមបណ្តាញសង្គម ដែលមានអ្នកចូលរួមមើល យ៉ាងច្រើនសន្ធឹកសន្ធាប់ នាង ង្វៀន ធីយៀន បានជម្រះមន្ទិលសង្ស័យ និងបញ្ជាក់ពីស្ថានភាពចំណងអាពាហ៍ពិពាហ៍របស់នាងថា ការដែលពួកនាងមិនអាចបន្តរួមរស់ជាមួយគ្នាបានទៀតនោះ គឺដោយសារតែភាពខុសគ្នានៃទស្សនៈ ភាសានិងវប្បធម៌។ ទោះបីជាធ្លាប់មានអនុស្សាវរីយ៍ផ្អែមល្ហែមយ៉ាងណាក៏ដោយ ក៏ឧបសគ្គនៃការប្រាស្រ័យទាក់ទង បានធ្វើឱ្យពួកគេសម្រេចចិត្តដើរផ្លូវរៀងខ្លួន។

នាង ង្វៀន ធីយៀន បានផ្សាយផ្ទាល់តាមបណ្តាសង្គម ប្រកាសថា នាងនិងប្តី បានព្រមព្រៀង លែងលះគ្នាហើយ បន្ទាប់ពីរៀបការបាន ៣ខែ ដោយសារតែការរស់នៅមិនចុះសម្រុងគ្នា ។ នាងក៏បាននិយាយផងដែរថា នាងបានប្រគល់គ្រឿងអលង្ការមាស និងអំណោយអាពាហ៍ពិពាហ៍ទាំងអស់ ពីគ្រួសារកូនកំលោះ ទៅឱ្យគាត់វិញ ដើម្បីឱ្យគាត់អាចយកត្រឡប់ទៅប្រទេសកម្ពុជា វិញ។ នាងបានបញ្ជាក់បន្ថែមទៀតថា ការបែកគ្នានេះ ត្រូវបានយល់ព្រមដោយគ្រួសារទាំងពីរ ហើយមិនមានជម្លោះ ឬការចាកចេញដោយឯកឯង មកកម្ពុជា ដូចពាក្យចចាមអារ៉ាមនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមនោះទេ។

នាង ង្វៀន ធីយៀន បានបញ្ជាក់ថា ពួកនាងបានចែកផ្លូវគ្នា ដោយសន្តិវិធី ហើយគ្រួសារទាំងសងខាង ក៏បាន ដឹងនិងយល់ស្របនឹងការសម្រេចចិត្តនេះផងដែរ។ ចំពោះប្រាក់បណ្ណាការ មាស និងកាដូទាំងអស់ពីគ្រួសារកូនកំលោះ ត្រូវបានប្រគល់ជូននិងនាំទៅកម្ពុជា វិញ ដោយឪពុករបស់នាង ថែមទាំងបានជូនដំណើរអតីតកូនប្រសា ឡុងហួរ ទៅកាន់ច្រកព្រំដែន ដោយផ្ទាល់ទៀតផង។

គួររំលឹកថា មង្គលការរវាងកូនកំលោះខ្មែរ ជាមួយកូនក្រមុំវៀតណាម ១គូ បានផ្ទុះកក្រើកពេញបណ្តាញសង្គម ទាំងប្រទេសកម្ពុជា និងវៀតណាម ដោយសារតែគូស្វាមីភរិយាថ្មោងថ្មីនេះ បានទទួលបានកាដូពីឪពុកម្តាយ ទាំងសងខាង គិតជាទឹកប្រាក់ រាប់លានដុល្លារ ជាមួយកម្មវិធីមង្គលការដែលរៀបចំឡើងយ៉ាងប្រណីត។

សាមីខ្លួនកូនកំលោះ មានឈ្មោះ អាន ឡុងហួរ ជាជនជាតិខ្មែរ។ ចំណែកសាមីខ្លួនកូនក្រមុំ មានឈ្មោះង្វៀង ធីយៀន ជាជនជាតិ វៀតណាម។ គូស្វាមីភរិយា ខាងលើ បានរៀបចំពិធីមង្គលការយ៉ាងអធិកអធម កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ នៅដឹ ព្រីមៀរ សែនសុខ ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
គួរបញ្ជាក់ថា កូនកំលោះខ្មែរ និងកូនក្រមុំវៀតណាម មួយគូនេះ បានរៀបចំពិធីមង្គលការយ៉ាងអធិកអធម ចំនួន២លើក ដោយលើកទី១ រៀបចំឡើងកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ នៅប្រទេសវៀតណាម និងលើកទី២ ត្រូវបានរៀបចំឡើងតាមបែបប្រពៃណីខ្មែរ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ នៅប្រទេសកម្ពុជា។

អ្វីដែលកាន់តែធ្វើឱ្យមានការចាប់អារម្មណ៍ខ្លាំងបំផុតក្នុងពិធីមង្គលការនេះ នៅត្រង់ពិធីសំពះផ្ទឹម ចងដៃ ឪពុកម្តាយខាងកូនកំលោះ បានឱបបាច់ប្រាក់ (ក្រដាស ១០០ដុល្លារ) ចំនួន ៥ដុំធំៗ យកទៅដាក់ចំពីមុខកូនកំលោះក្រមុំ ដើម្បីចងដៃកូនប្រុសស្រី។

ដោយឡែក យោងតាមប្រភពពីសារព័ត៌មានវៀតណាម ដែលបានចុះផ្សាយទាក់ទងនឹងកម្មវិធីមង្គលការរវាងកូនកំលោះខ្មែរ ជាមួយកូនក្រមុំវៀតណាម នេះ បានឱ្យដឹងថា មង្គលការរវាងកូនកំលោះខ្មែរ និងកូនក្រមុំវៀត ណាម មួយគូនេះ បានធ្វើឱ្យមហាជនផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង និងលាន់មាត់សរសើរ ក្រោយពីបានដឹងថា កាដូ (ចំណងដៃ) របស់ឪពុកម្តាយទាំងសងខាង មានចំនួនយ៉ាងមហាសាល។ ក្នុងនោះ ឪពុកម្តាយខាងប្រុស បាន ចងដៃកូនកំលោះក្រមុំ គិតជាសាច់ប្រាក់សរុបទាំងអស់ ប្រមាណ ១១ ៦០០លានដុង (ប្រហែល ៤៥ម៉ឺនដុល្លារ)។ ចំណែកឪពុកម្តាយខាងកូនក្រមុំ បានចងដៃកូនទាំងពីរ រួមមាន អចលនទ្រព្យ (ដី) តម្លៃ ២៧ ០០០ លានដុង (ប្រហែលជាង ១លានដុល្លារ) និងទឹកប្រាក់សុទ្ធ ចំនួន៣០០០លានដុង (ប្រហែលជាង១១ម៉ឺនដុល្លារ) រថយន្តម៉ាក Ford Raptor ១គ្រឿង បូករួមទាំងគ្រឿងអលង្ការផ្សេងៗទៀត៕


