ភ្នំពេញ ៖ ទើបតែប្រឡូកក្នុងវិស័យសិល្បៈ រយៈពេល៣ឆ្នាំសោះ ប៉ុន្ដែពេលនេះស្រីស្រស់មកពីខេត្តបាត់ដំបង កញ្ញា ជា សោភា ដែលជាតួធំរបស់ផលិតកម្ម LD ក្នុងរឿង «ភ្លើងឆេះក្លឹបក្រោមដី» ឈ្នះពានជាតារាស្រីឆ្នើម ប្រចាំឆ្នាំ២០២៥ (Best Leading Actress )។ សោភា ទទួលបានពាននេះ នៅក្នុងព្រឹត្តិការណ៍មហោស្រពភាពយន្ដកម្ពុជា-អាស៊ី លើកទី៣ (3rd Cambodian Asian Film Festival )ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ និងរៀបចំនៅកោះពេជ្រ ។


ជា សោភា ប្រាប់ «នគរធំ» នៅរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ ថានាងពិតជាមិននឹកស្មានថា ខ្លួនមានភ័ព្វវាសនាលើកពានមួយនេះទេ ប៉ុន្ដែទីបំផុត នាងអាចធ្វើបាន។ នាងថាការឈ្នះពាននេះ ដោយសារតែនាងសម្ដែងរឿងឲ្យផលិតកម្ម LD «ភ្លើងឆេះក្លឹបក្រោមដី» ដែលជាសាច់រឿងពិតនៅក្លឹបមួយ នាខេត្តសៀមរាប ព្រាយស្រលាញ់លោកសំណាង… ហើយនាងសម្ដែងជាតួអង្គឈ្មោះ «ពិសី» ។ នាងថា ពាននេះ គឺមានតម្លៃមិនអាចកាត់ថ្លៃបានឡើយ ក្នុងអាជីពសម្ដែង ដែលទើបហក់ចូលបានរយៈពេលខ្លី តែទទួលបានផ្លែផ្កាហួសការរំពឹងទុកនេះ ខណៈដែលវេទិកានោះ គឺជាលើកទីមួយសម្រាប់នាងចូលរួម ហើយសប្បាយផង រំភើបផង ព្រោះបានជួបតារាល្បីៗរបស់ខ្មែរ និងបរទេស ។ នាងបន្ថែមថា ជាតារាសម្ដែងម្នាក់ នាងចង់ឲ្យមានកម្មវិធីពិសេសនេះទៀត នៅឆ្នាំក្រោយៗ ដើម្បីឲ្យភាពយន្ដខ្មែរ កាន់តែមានមុខមាត់លើឆាកអន្ដរជាតិ ពិសេសគឺតារាខ្មែរ រឹតតែមានតម្លៃ។

ជា សោភា ហៅពិសី អាយុ២៤ឆ្នាំ កម្ពស់១,៦៤ ម៉ែត្រ ទម្ងន់៤៨ គ.ក្រ មានស្រុកកំណើតនៅខេត្តបាត់ដំបង ប៉ុន្ដែនាងនិងក្រុមគ្រួសារបានមករស់នៅរាជធានីភ្នំពេញ ជិត១០ឆ្នាំហើយ ព្រោះឪពុកម្ដាយជាអ្នករកស៊ីនៅភ្នំពេញ។ សោភា ដែលជាតួអង្គពិសី ត្រូវព្រាយចូលសណ្ឋិត ជាម្ចាស់ជ័យលាភីលំដាប់រងទី១ ធីតាសង្រ្កាន្ដ រដូវកាលទី៣ តំណាងឲ្យខេត្តបាត់ដំបង ផងដែរ ។ នាងថា ៣ឆ្នាំ ក្នុងអាជីពភាពយន្ដនេះ ថតភាពយន្ដបាន ៤រឿង ក្នុងនោះផលិតកម្ម LD មានដូចជារឿង «ភ្លើងឆេះក្លឹបក្រោមដី» និងរឿង«ប្រលោមលោកកុំអាន» រួមទាំងបានសម្ដែងឲ្យផលិតកម្មផ្សេងទៀត បាន២រឿងដែរ ដូចជារឿង «សពលើដើមឈើ» និងរឿង «នាងធានី» ។

ទាក់ទងរឿងជីវិតឯកជន ស្រីស្រស់ ជា សោភា បង្ហើបថា នាងមិនមែនបេះដូងនៅទំនេរឡើយ ។ ប៉ុន្ដែនាងថា ដោយសារតែផ្ដោតលើការពង្រឹងអាជីពភាពយន្ដ ឲ្យកាន់តែរឹងមាំថែមទៀត ហេតុនេះរឿងស្នេហា នាងសុំជ្រើសផ្លូវ Private សិន។


ក្រៅពី ជា សោភា ជាតួសម្តែង ឈ្នះពានជាតារាស្រីឆ្នើម ប្រចាំឆ្នាំ២០២៥ ក៏មានផលិតករខ្មែរមួយចំនួន ដែលឈ្នះពានពីកម្មវិធីមហោស្រពភាពយន្ដកម្ពុជា-អាស៊ី លើកទី៣ ក្នុងនោះមានដូចជា លោក KEN SIDNEY និង HUL THAI PHIRUN លើកពាន Best Short Film ខណៈពាន Asian Most Popular Actress បានទៅលើនាងCRISTTINA SUZANNE ជនជាតិម៉ាឡេស៊ី, ពាន Asian Best Director បានទៅលើលោក VO THANH HOA ជនជាតិវៀតណាម, ពានAsian Best Film បានទៅលើលោក DECODED ជនជាតិចិន, ពាន Lifetime Achievement Sward បានទៅលើលោកស្រី IRENE WAN ជនជាតិចិន, ពានBest Leading បានទៅលើលោក ISMAILBABETH ជនជាតិឥណ្ឌូនេស៊ី និងពាន Best Script Writer បានទៅលើលោក XU LEI ជនជាតិចិន ជាដើម ៕


