Saturday, March 28, 2026
Homeតារាខ្មែរស៊ឹម ថៃណា ចង់បានប្ដីអាគាំង

ស៊ឹម ថៃណា ចង់បានប្ដីអាគាំង

ភ្នំពេញ ៖ ស៊ឹម ថៃណា ថានៅឆ្នាំ២០២៦ នេះនាងមានអាយុ៤៣ឆ្នាំហើយ ប៉ុន្ដែមិនទាន់មានប្ដីទេ ហើយពេល ឃើញមិត្តភក្ដិជុំវិញខ្លួន ពួកគេសុទ្ធតែមានកូន នាងមានអារម្មណ៍តូចចិត្តណាស់ ។ ថៃណា និយាយដោយសួរខ្លួនឯងថា «តើគូព្រេងខ្ញុំ អត់ទាន់កើតមែន?» ។ នាងថាបើថ្ងៃក្រោយទៅ បានជួបប្ដី នឹងទះកំផ្លៀងបុរសម្នាក់នោះថា ម៉េចបានទុកឲ្យនាងចាំដល់អាយុជាង៤០ឆ្នាំបែបនេះ?

 យ៉ាងណា ស៊ឹម ថៃណា ថាបុរសដែលអាចធ្វើជាស្វាមីនាងបាន ទាល់តែត្រូវទៅនឹងលក្ខខណ្ឌដែលនាងចង់បានផងដែរ ទើបនាងព្រមទទួលយក នោះគឺនាងចង់បានប្ដីជាបុរសជនជាតិបរទេស (អាគាំង) មានពុកមាត់ និងចាក់សាក់ទៀតផង ទើបត្រូវចិត្តនាង ។ ប៉ុន្ដែថៃណា បានឆ្លៀតសួរខ្លួនឯងទៀតថា «តើអាគាំងហ្នឹង គេយកខ្ញុំអត់?» ។

 ស៊ឹម ថៃណា ប្រាប់អ្នកយកព័ត៌មាន «នគរធំ» កាលពីពេលថ្មីៗនេះថា «បើបានជួបបុរសដែលខ្ញុំចង់បានហើយ មិនបាច់ចាំយូទេ ខ្ញុំសុំគេរៀបការតែម្ដង។ ពីមុន ខ្ញុំក៏ធ្លាប់មានសង្សារ ជាប្រុសខ្មែរដែរ តែឥឡូវខ្ញុំប្ដូរចិត្តហើយ ខ្ញុំចង់បានប្ដីអាគាំង វិញម្ដង។ ខ្ញុំមិនប្រញាប់ពេកទេ រឿងយកប្ដីនេះ បើបានក៏យក បើមិនបានទេ ក៏តាមហ្នឹងទៅ» ។

 ស៊ឹម ថៃណា បានឲ្យដឹងដែរថា អំឡុងពេលដែលរូបនាងកំពុងតែរងាបេះដូងនេះស្រាប់តែមានប្រុសខ្មែរ វ័យចន្លោះពី ៣១ទៅ៣២ឆ្នាំ ណាត់ចង់បបួលទៅមើលកុន តែនាងបានបដិសេធ ព្រោះរូបនាងអាយុបងដល់ទៅជាង ១០ឆ្នាំទៅហើយ មិនអាចស្រលាញ់ប្រុសអាយុក្មេងជាងខ្លួនដល់ម្ល៉ឹងទេ ហើយដូចនាងនិយាយអ៊ីចឹង គឺនាងចង់បានប្ដីអាគាំង ។ ថៃណា បន្ថែមថា ក្នុងវ័យនេះ នាងមានចៅ ៦នាក់ និងក្មួយដល់ទៅ ១៣នាក់ ហើយពេលនាងក្រឡេកមកមើលមិត្តរួមអាជីពជុំវិញខ្លួន ពួកគេសុទ្ធតែមានកូន ធ្វើឲ្យនាងមានអារម្មណ៍តូចចិត្តខ្លះដែរ ដោយពេលខ្លះថែមទាំងចាត់ទុកសត្វឆ្កែចិញ្ចឹមរបស់ខ្លួននៅផ្ទះ ថាជាកូននាងទៀតផង ។

 គួរបញ្ជាក់ថា ស៊ឹម ថៃណា បានផ្អាកពីអាជីពសិល្បៈ ជាច្រើនឆ្នាំ ដោយងាកទៅរកស៊ីបើកហាងអាហារ ហើយលែងមានបទថ្មីៗ ចេញតែម្ដង។ ប៉ុន្ដែពេលនេះ ថៃណា តាំងចិត្តថា វិលមករកអាជីពចាស់វិញហើយ ថែមទាំងចំណាយលុយផ្ទាល់ខ្លួន ផលិតបទថ្មីឡើងវិញ មានទាំងបទប្រពៃណីខ្មែរ និងបទយុវវ័យទៀតផង ។

 ស៊ឹម ថៃណា ថានាងបានផ្អាកពីការរកស៊ីមុខរបរមួយចំនួនសិន ដើម្បីវិលចូលច្រៀងវិញ។ នាងថាការត្រឡប់មកវិញសាជាថ្មី នាពេលនេះ ព្រោះតែនាងទទួលបានការលើកទឹកចិត្តពី Fan ទាំងនៅលើ Tik Tok និង IG ប៉ុន្ដែនាងថា ការគាំទ្រដូចមុនឬអត់នោះ នាងមិនខ្វល់ទេ សំខាន់ចាប់ពីពេលនេះតទៅ នាងទទួលច្រៀងគ្រប់កម្មវិធីទាំងអស់។ នាងថាចំណុចពិសេសមួយទៀតដែលធ្វើឲ្យនាងឃ្លាតឆ្ងាយពីអាជីពសិល្បៈ ព្រោះតែនាងឡើងគីឡូ គឺមុននេះ នាងឡើងទម្ងន់ដល់ទៅ ៦២គ.ក្រ តែឥឡូវស្រកបាន ៨គ.ក្រ នៅសល់តែ ៥៤គ.ក្រ ទើបនាងថាគីឡូនេះ អាចវិលមកវិញបានហើយ។ ថៃណា ថាមិនមែនតែរូបនាងម្នាក់ទេ ប៉ុន្ដែមិត្តភក្ដិរបស់នាង ពីរនាក់ទៀត ដែលជិតដិតបំផុត គឺអ្នកនាង យក់ ថិតរដ្ឋា និងញឹម ចាន់ថន ឥឡូវក៏ស្រកគីឡូដូចគ្នាដែរ ។ ចំពោះការស្រកទម្ងន់យ៉ាងគំហុកនេះ ថៃណា ថានាងមិនបានប្រើប្រាស់ថ្នាំសម្រកគីឡូ ឬតមអាហារទេ គឺញ៉ាំបាយធម្មតា ប៉ុន្ដែនាងត្រូវហាត់ប្រាណ សម្រកខ្លាញ់ ក្នុងមួយថ្ងៃ ពី២ ទៅ៣ម៉ោង៕

RELATED ARTICLES