ភ្នំពេញ ៖ ល្អហួស ហាក់មានអារម្មណ៍ច្របូកច្របល់ នៅចុងខែមីនា មុនពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ព្រោះកំពុងត្រៀមខ្លួនទៅប្រកួតបវរកញ្ញាលើឆាកអន្ដរជាតិ ដើម្បីបង្ហាញឲ្យអន្ដរជាតិ បានស្គាល់ពីវប្បធ័ម ប្រពៃណីខ្មែរ ហើយពេលនេះ នាងកំពុងតែសុំយោបល់ពី Fan របស់នាងថា តើគួរតែឲ្យខ្លួនបង្ហាញសមត្ថភាពយកសម្បត្តិរបស់ដូនតា មួយណា បើសិនជាខាងអន្ដរជាតិ បើកឲ្យបវរកញ្ញា បង្ហាញនូវសមត្ថភាពរបស់ខ្លួន ទាក់ទងអរិយធម៌ វប្បធម៌ នៃប្រទេសនីមួយៗ?

អ្នកយកព័ត៌មាន «នគរធំ» បានទូរស័ព្ទទៅអ្នកគ្រប់គ្រង Miss Teen Cambodia ដែលជាក្រុមហ៊ុនប្រគល់មកុដដល់ល្អហួស កាលពីឆ្នាំ២០២៥ ហើយត្រូវបានស្ដ្រីម្នាក់ លើកទូរស័ព្ទ និយាយថា មិនទាន់អាចប្រាប់បានថា ល្អហួស នឹងទៅប្រកួតបវរកញ្ញា លើឆាកអន្ដរជាតិ នៅប្រទេសណាបានទេ ប៉ុន្ដែខាងក្រុមហ៊ុន នឹងជូនដំណឹងក្នុងពេលឆាប់ៗនេះ ។ យ៉ាងណាស្រ្ដីរូបនោះ បង្ហើបថា ល្អហួស នឹងត្រូវចេញទៅប្រកួតបវរកញ្ញា នៅបរទេស នាខែកក្កដា ឆ្នាំ២០២៦ ខាងមុខនេះហើយ គ្រាន់តែពេលនេះ ក្រុមហ៊ុនមិនទាន់អាចប្រាប់មុនបាន។

គេកត់សម្គាល់ដែរថា អំឡុងពេលដែលល្អហួស អន្ទះសាចង់តែនាំពីវប្បធម៌ខ្មែរ ឡើងលើឆាកអន្ដរជាតិ ដើម្បីឲ្យពិភពលោកស្គាល់កម្ពុជា កាន់តែច្បាស់នោះ ស្រីស្អាតរូបនេះ ក៏ឆ្លៀតធ្វើការស្ទាបស្ទង់ទៅអ្នកគាំទ្ររបស់ខ្លួនដែរថា បើសិនជានាងចូល K-POP តើ Fan នឹងយល់យ៉ាងណា?ជាមួយការបង្ហាញក្បាច់រាំដ៍រស់រវើក សម្រស់គួរឲ្យក្នាញ់ ល្អហួស ថារូបនាងនឹងធ្វើឲ្យប្រទេសកម្ពុជា កាន់តែមានឈ្មោះល្បីល្បាញនៅលើសកលលោក នៅថ្ងៃណាមួយ ដែលនេះបញ្ជាក់ថាវិស័យ K-POP ក៏ជាគោលដៅមួយរបស់នាង បន្ទាប់ពីបវរកញ្ញា ហើយគោលបំ ណងធំ គឺចង់ឲ្យពិភពលោក ស្គាល់ប្រទេសកម្ពុជា ថែមទៀត តាមរយៈការបំផុសរបស់នាង នៅលើឆាកបរ ទេស បង្ហាញពីអ្វីដែលកម្ពុជា មាន។ ប៉ុន្តែបំណងទាំងនោះ នៅមិនទាន់ចេញជារូបរាងទេ ខណៈដែលតាមអ្នក គ្រប់គ្រងកម្មវិធី Miss Teen Cambodia អះអាងថា ទាល់តែនៅខែកក្កដា ទើបល្អហួស ទៅប្រកួតបវរកញ្ញា នៅលើឆាកអន្ដរជាតិ ជាផ្លូវការ។

គួរបញ្ជាក់ថា កញ្ញាសុខ គីមហ័ង ហៅជូរី ល្អហួស ទើបតែមានវ័យ១៧ឆ្នាំ តែនាងមានទេពកោសល្យសិល្បៈជាច្រើនទម្រង់ ដូចជា ចេះរាំរបាំ (នាដការី) ច្រៀង រាំ សម្ដែង MV ភាពយន្ដ និងត្រូវប៉ាន់ធ្វើជា BA ជាច្រើនក្រុមហ៊ុន ។ ល្អហួស ជាម្ចាស់មកុដ Miss Teen Cambodia 2025 , ម្ចាស់មកុដ Miss Preteen International Cambodia 2023 , ម្ចាស់មកុដ Miss Preteen Junior Idol World 2024 ។

កូនក្រមុំលោកស្រី ដេននី ក្វាន់ (Denny Kwan) រូបនេះ មិនធ្លាប់ប៉ះរឿងអាស្រូវស្នេហាទេ ហើយតាំងពីតូច ដល់ពេញវ័យក្រមុំ ដៃគូចម្រៀងកន្ទឹ្រម ដែលនាងយល់ចិត្តជាងគេនោះគឺ DJ កណ្ដុរ ។ អំឡុងល្អហួស ពេញក្រមុំស្ដូកនេះ នាងជាតារាវ័យក្មេងដែលមានរូបសម្រស់ស្អាត និងហ៊ឺហាមិនធម្មតាទេ ព្រោះជិះរថយន្ដទំនើបៗ មិនចាញ់តារាល្បីៗរបស់បរទេសឡើយ នោះគឺរថយន្ដម៉ាកLamborghini និង Mercedes ៕

