Wednesday, March 25, 2026
Homeសេដ្ឋកិច្ចជាតិស្ថានភាពប្រេងឡើងថ្លៃ អគ្គិសនីកម្ពុជា អំពាវនាវពលរដ្ឋប្រើថាមពលសន្សំសំចៃ

ស្ថានភាពប្រេងឡើងថ្លៃ អគ្គិសនីកម្ពុជា អំពាវនាវពលរដ្ឋប្រើថាមពលសន្សំសំចៃ

ភ្នំពេញ ៖ អគ្គិសនីកម្ពុជា បានចេញសេចក្ដីជូនដំណឹង អំពាវនាវឲ្យអតិថិជន អ្នកប្រើប្រាស់ថាមពលលអគ្គិសនីទាំងអស់ ចូលរួមជួយសន្សំសំចៃការប្រើប្រាស់ថាមពលអគ្គិសនី ដោយត្រួតពិនិត្យនិងថែទាំសម្ភារបរិក្ខារអគ្គិ សនីទាំងអស់ ឱ្យបានត្រឹមត្រូវតាមលក្ខណៈ កាត់បន្ថយការប្រើប្រាស់ម៉ាស៊ីនត្រជាក់ និងអំពូលបំភ្លឺ ឱ្យអស់លទ្ធភាព បិទផ្តាច់ ដកឌុយសាក សម្ភារបរិក្ខារអគ្គិសនី ពេលមិនប្រើប្រាស់ នៅពេលទិញសម្ភារថ្មី សូមជ្រើស រើសសម្ភារបរិក្ខារប្រើប្រាស់ដែលមានប្រសិទ្ធភាពខ្ពស់ ប្រើប្រាស់ថាមពលអគ្គិសនីតិច ដែលមានស្លាកសញ្ញាត្រឹមត្រូវ ជាដើម ដើម្បីចូលរួមចំណែកយ៉ាងសំខាន់ ជួយកាត់បន្ថយចំណាយថ្លៃដើម ក្នុងការផលិតថាមពលអគ្គិសនី ពីប្រេងដែលកំពុងទទួលរងផលប៉ះពាល់ពីការកើនឡើងនៃថ្លៃប្រេងឥន្ធនៈសកល ក៏ដូចជាកាត់បន្ថយការចំណាយទូទាត់ថ្លៃប្រើប្រាស់អគ្គិសនីរបស់ខ្លួនផងដែរ ។

 សេចក្ដីជូនដំណឹង របស់អគ្គិសនីកម្ពុជា ចុះថ្ងៃចន្ទ ៥កើត ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ មានខ្លឹមសារទាំងស្រុងថា “អនុវត្តតាមសារាចរណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីវិធានការសន្សំសំចៃលើការប្រើប្រាស់ប្រេងឥន្ធនៈ និងអគ្គិសនី អគ្គិសនីកម្ពុជា មានកិត្តិយសជម្រាបជូនអតិថិជននិងសាធារណជនទាំងអស់មេត្តាជ្រាបថា ដើម្បីចូលរួមឆ្លើយតបទៅនឹងស្ថានភាពចំពោះមុខ លើការកើនឡើងយ៉ាងគំហុក នៃតម្លៃប្រេងឥន្ធនៈសកល បណ្តាលពីសង្គ្រាមនៅមជ្ឈិមបូព៌ា ស្របពេលនឹងរដូវប្រាំង ដែលអាកាសធាតុក្តៅ អគ្គិសនីកម្ពុជា បានស្នើសុំចំពោះអតិថិជន អ្នកប្រើប្រាស់ថាមពលអគ្គិសនីទាំងអស់ មេត្តាចូលរួមជួយសន្សំសំចៃការប្រើប្រាស់ថាមពលអគ្គិសនី តាមសកម្មភាព ដូចខាងក្រោម ៖

 ១. ត្រួតពិនិត្យនិងថែទាំសម្ភារបរិក្ខារអគ្គិសនីទាំងអស់ ឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ក្នុងនោះចំពោះបរិក្ខារត្រជាក់ ត្រូវធ្វើការលាងសម្អាតនិងត្រួតពិនិត្យប្រព័ន្ធហ្គាស់ ជាប្រចាំ

   ២. កាត់បន្ថយការប្រើប្រាស់ម៉ាស៊ីនត្រជាក់ និងអំពូលបំភ្លឺ ឱ្យអស់លទ្ធភាព

    – បិទភ្លើងបំភ្លឺ និងម៉ាស៊ីនត្រជាក់ ក្នុងការិយាល័យ ឬបន្ទប់ ពេលគ្មានវត្តមានអ្នកប្រើប្រាស់

– ប្រើប្រាស់ម៉ាស៊ីនត្រជាក់ ត្រូវកំណត់សីតុណ្ហភាព មិនក្រោម ២៤°C

   – កុំបិទវាំងនន ហើយបែរជាបើកភ្លើងបំភ្លឺច្រើន

   ៣. បិទ/ផ្តាច់/ដកឌុយសាក សម្ភារបរិក្ខារអគ្គិសនី ពេលមិនប្រើប្រាស់ (ទូរទស្សន៍ កង្ហារ ខ្សែសាក ។ល។)

 ៤. នៅពេលទិញសម្ភារថ្មី សូមជ្រើសរើសសម្ភារបរិក្ខារប្រើប្រាស់ដែលមានប្រសិទ្ធភាពខ្ពស់ ប្រើប្រាស់ថាមពលអគ្គិសនីតិច ដែលមានស្លាកសញ្ញាត្រឹមត្រូវ

 ៥. កាត់បន្ថយការបើកទ្វារចំហ ជាញឹកញាប់ រយៈពេលយូរ ចំពោះទ្វារបន្ទប់ ឬទ្វារទូរទឹកកក ដែលធ្វើឱ្យខ្យល់ត្រជាក់ចេញ នាំឱ្យម៉ាស៊ីនត្រជាក់ ទូទឹកកក ប្រើប្រាស់ថាមពលច្រើន ដូច្នេះត្រូវបិទទ្វារនិងបង្អួច ឱ្យបានជិតល្អ ពេលម៉ាស៊ីនត្រជាក់កំពុងដំណើរការ។

 ការជួយសន្សំសំចៃថាមពលអគ្គិសនី គឺចូលរួមចំណែកយ៉ាងសំខាន់ជួយកាត់បន្ថយចំណាយថ្លៃដើមក្នុងការ ផលិតថាមពលអគ្គិសនី ពីប្រេងដែលកំពុងទទួលរងផលប៉ះពាល់ពីការកើនឡើងនៃថ្លៃប្រេងឥន្ធនៈសកល ក៏ដូចជាកាត់បន្ថយការចំណាយទូទាត់ថ្លៃប្រើប្រាស់អគ្គិសនីរបស់ខ្លួនផងដែរ។

 អគ្គិសនីកម្ពុជា សង្ឃឹមយ៉ាងមុតមាំលើស្មារតីចូលរួមសហការរបស់អតិថិជន និងសាធារណជនទាំងអស់ ក្នុងការចូលរួមអនុវត្តការសន្សំសំចៃថាមពលអគ្គិសនី និងកាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនី ឱ្យអស់លទ្ធភាព នៅក្នុងស្ថានភាពចំពោះមុខនេះ ។ ក្នុងករណីមានចម្ងល់ផ្សេងៗ សូមមេត្តាចូលទៅប្រើប្រាស់ EDC App ឬទាក់ទងទៅលេខទូរស័ព្ទនៅលើវិក្កយបត្រ ឬអញ្ជើញមកផ្ទាល់នៅតាមបណ្ដាសាខារបស់អគ្គិសនីកម្ពុជា ដែលស្ថិតនៅជិតទីតាំងប្រើប្រាស់អគ្គិសនីរបស់លោកអ្នក” ។

ក្រៅពីចេញសេចក្ដីជូនដំណឹងខាងលើ អគ្គិសនីកម្ពុជា ក៏បានចេញសេចក្ដីណែនាំស្ដីពីការសន្សំសំចៃថាមពលអគ្គិសនី និងប្រេងអគ្គិសនីកម្ពុជា ជូនដល់ថ្នាក់ដឹកនាំនិងនិយោជិត គ្រប់នាយកដ្ឋាន-ការិយាល័យ-អង្គភាព-សាខាអគ្គិសនី និងអគ្គិសនីខេត្តទាំងអស់ នៃអគ្គិសនីកម្ពុជា ដើម្បីសន្សំសំចៃថាមពលអគ្គិសនី និងប្រេង ជាពិសេសក្នុងពេលមានវិបត្តិប្រេងឡើងថ្លៃ និងពិបាកដោយសារសង្រ្គាមនៅមជ្ឈិមបូព៌ា ចំពេលរដូវក្ដៅ ។

  សេចក្ដីណែនាំរបស់អគ្គិសនីកម្ពុជា មានដូចខាងក្រោម ៖

  -កុំបើកភ្លើង និងម៉ាស៊ីនត្រជាក់ចោល នៅក្នុងការិយាល័យ ពេលគ្មានវត្តមានអ្នកធ្វើការ ។

   – កុំបើកម៉ាស៊ីនត្រជាក់ ក្នុងសីតុណ្ហភាពទាប (ពោលគឺត្រូវបើកចាប់ពី ២៤°C ឡើងទៅ) ។

     – កុំបិទវាំងនន ហើយបែរជាបើកភ្លើងបំភ្លឺច្រើន ។

-ការធ្វើដំណើរចុះបេសកកម្ម ត្រូវប្រើរថយន្តរួមគ្នា ធ្វើយ៉ាងណាឲ្យមានការប្រើប្រាស់ប្រេង មានកម្រិតតិច ហើយមានប្រសិទ្ធភាពខ្ពស់ ។

 -ការរៀបចំប្រជុំ បើមិនសូវចាំបាច់ សូមប្រជុំតាម Online ដើម្បីកាត់បន្ថយការធ្វើដំណើរបេសកកម្ម ។

គួរបញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងវិបត្តិសកលនៃការផ្គត់ផ្គង់និងការកើនឡើងតម្លៃប្រេងឥន្ធនៈ ជាបន្តបន្ទាប់ ដោយសារស្ថានការជម្លោះនៅតំបន់មជ្ឈិមបូព៌ា និងដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការសន្សំសំចៃប្រកបដោយប្រសិទ្ធភាព ក្រៅពីអគ្គិសនីកម្ពុជា បានចេញសេចក្ដីជូនដំណឹង និងសេចក្ដីណែនាំខាងលើ សម្រាប់ក្រសួង ស្ថាប័នផ្សេងៗទៀត ក៏បានចេញសេចក្តីណែនាំស្តីពីការចូលរួមសន្សំសំចៃការប្រើប្រាស់ថាមពលអគ្គិសនី និងប្រេងឥន្ទនៈ ទៅដល់មន្រ្តីរបស់ខ្លួនផងដែរ ។

 ក្នុងនោះ សេចក្ដីណែនាំរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន មាន៥ចំណុច ដូចខាងក្រោម ៖

១- កំណត់សីតុណ្ហភាពម៉ាស៊ីនត្រជាក់ក្នុងបន្ទប់ការិយាល័យ សាលប្រជុំ និងបន្ទប់សិក្សា នៅត្រឹមឬលើសពី ២៥អង្សាសេ (ស្តង់ដារសន្សំសំចៃ) ចៀសវាងប្រើប្រាស់ម៉ាស៊ីនត្រជាក់ លើសពីតម្រូវការ។

 ២- បិទអំពូលភ្លើង ម៉ាស៊ីនត្រជាក់ នៅពេលបញ្ចប់ម៉ោងការងារ និងដកឌុយចេញពីឧបករណ៍បរិក្ខារអគ្គិសនីគ្រប់ប្រភេទ ដែលមិនចាំបាច់ នៅពេលម៉ោងសម្រាក ឬនៅពេលឈប់ប្រើប្រាស់។

៣- កំណត់ពេលបើក-បិទភ្លើងបំភ្លឺនៅទីសាធារណៈ ឬតាមរបង ឱ្យបានត្រឹមត្រូវ និងខ្ជាប់ខ្ជួន ចៀសវាងបំភ្លឺពេលមិនទាន់ងងឹត និងបើកចោល ពេលព្រឹក នៅពេលមានពន្លឺថ្លៃ។

  ៤- លើកទឹកចិត្តឱ្យបើកវាំងនន ប្រើប្រាស់ពន្លឺព្រះអាទិត្យ ឱ្យអស់លទ្ធភាព ជំនួសការបើកអំពូលភ្លើង។

  ៥- សន្សំសំចៃការប្រើប្រាស់ប្រេងឥន្ធនៈ ដោយកាត់បន្ថយចំនួនបេសកកម្ម និងចំនួនសមាសភាពមន្ត្រីចុះបំពេញបេសកកម្ម។ ករណីការចូលរួមកិច្ចប្រជុំនៅតាមបណ្តាខេត្តឆ្ងាយៗ ក្រសួង ជំរុញលើកទឹកចិត្តឱ្យចូលរួមតាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ ជំនួសឱ្យការចូលរួមដោយផ្ទាល់ ។

 ចំណែកសេចក្ដីណែនាំរបស់ក្រសួងអប់រំ យុវជននិងកីឡា បានណែនាំដល់ថ្នាក់ដឹកនាំ បុគ្គលិកអប់រំ ទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និស្សិត និងសិស្សានុសិស្ស នៅតាមគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន គ្រប់កម្រិត ឱ្យចូលរួមអនុវត្តវិធានការសន្សំសំចៃការប្រើប្រាស់ប្រេងឥន្ធនៈ និងអគ្គិសនី ដូចខាងក្រោម ៖

 – លើកទឹកចិត្តបុគ្គលិកអប់រំ គ្រូបង្រៀន និស្សិត និងសិស្សានុសិស្ស ឱ្យជ្រើសរើសមធ្យោបាយធ្វើដំណើរសាធារណៈ មធ្យោបាយធ្វើដំណើររួមគ្នា និងជ្រើសរើសមធ្យោបាយធ្វើដំណើរដែលប្រើប្រាស់ប្រេងឥន្ធនៈតិច ឬមិនប្រើប្រាស់ប្រេងឥន្ធនៈ

 – កាត់បន្ថយជាអតិបរមាក្នុងការរៀបចំសិក្ខាសាលា និងកិច្ចប្រជុំ ដែលត្រូវធ្វើដំណើរឆ្ងាយ

  – លើកទឹកចិត្តឱ្យរៀបចំសិក្ខាសាលា និងកិច្ចប្រជុំ តាមប្រព័ន្ធអនឡាញ

 – លើកទឹកចិត្តបុគ្គលិកអប់រំ និងគ្រូបង្រៀន ឱ្យប្រើប្រាស់ថាមពលអគ្គិសនី ប្រកបដោយប្រសិទ្ធភាព ដោយត្រូវចៀសវាងការប្រើប្រាស់ឧបករណ៍បរិក្ខារអគ្គិសនីណាដែលមិនចាំបាច់

– បិទភ្លើង កង្ហារ ម៉ាស៊ីនត្រជាក់ កុំព្យូទ័រ ម៉ាស៊ីនហ្វូតូកូពី និងឧបករណ៍បរិក្ខារអគ្គិសនីផ្សេងៗ បន្ទាប់ពីបញ្ចប់ការងារ ឬនៅពេលមិនប្រើប្រាស់

– ប្រើប្រាស់ម៉ាស៊ីនត្រជាក់ និងឧបករណ៍បរិក្ខារអគ្គិសនីផ្សេងៗ តាមការណែនាំរបស់ក្រសួងរ៉ែនិងថាមពល ដូចជា ការកំណត់សីតុណ្ហភាពម៉ាស៊ីនត្រជាក់ ក្នុងកម្រិតសមស្រប

– ប្រើប្រាស់ពន្លឺធម្មជាតិ ឱ្យបានច្រើនជាអតិបរមា នៅពេលមានលក្ខខណ្ឌអនុគ្រោះ (ដូចជា បើកទ្វារ និងបង្អួច)

 – ណែនាំ លើកទឹកចិត្ត និងបង្រៀននិស្សិតនិងសិស្សានុសិស្ស ឱ្យចូលរួមនិងមានទម្លាប់សន្សំសំចៃការប្រើប្រាស់អគ្គិសនី

  – គ្រប់អង្គភាព និងគ្រឹះស្ថានសិក្សាទាំងអស់ ត្រូវចូលរួមផ្សព្វផ្សាយសារៈសំខាន់នៃការសន្សំសំចៃអគ្គិសនី និងត្រូវអនុវត្តវិធានការសន្សំសំចៃការប្រើប្រាស់ប្រេងឥន្ធនៈ និងអគ្គិសនី ដោយស្មារតីទទួលខុសត្រូវខ្ពស់ និងត្រូវចូលរួមត្រួតពិនិត្យជាប្រចាំ។

  ដោយឡែក សេចក្ដីណែនាំរបស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា មាន ៥ចំណុចដូចខាងក្រោម ៖

 ទី១- ត្រូវកំណត់សីតុណ្ហភាពម៉ាស៊ីនត្រជាក់ក្នុងបន្ទប់ការិយាល័យ សាលប្រជុំនានា ត្រឹម ២៥អង្សាសេ ចៀសវាងប្រើប្រាស់ម៉ាស៊ីនត្រជាក់ លើសពីតម្រូវការ

 ទី២- ត្រូវបិទអំពូលភ្លើង ម៉ាស៊ីនត្រជាក់ និងដកឌុយចេញពីឧបករណ៍បរិក្ខារអគ្គិសនីគ្រប់ប្រភេទដែលមិនចាំបាច់ ឬនៅពេលឈប់ប្រើប្រាស់ នៅពេលម៉ោងសម្រាក និងមុនពេលចាកចេញពីបន្ទប់ការិយាល័យ សាលប្រជុំ។

 ទី៣- ចំពោះការបំភ្លឺទីសាធារណៈ ឬតាមរបង ត្រូវកំណត់ពេលបើក-បិទ ឱ្យបានត្រឹមត្រូវនិងខ្ជាប់ខ្ជួន ចៀសវាងបំភ្លឺពេលមិនទាន់ងងឹត និងបើកចោលពេលព្រឹក នៅពេលមានពន្លឺថ្ងៃ

  ទី៤- លើកទឹកចិត្តឱ្យបើកវាំងនន ប្រើប្រាស់ពន្លឺព្រះអាទិត្យ ឱ្យអស់លទ្ធភាព ជំនួសការបើកអំពូលភ្លើង

 ទី៥- ធ្វើការសន្សំសំចៃលើការប្រើប្រាស់ប្រេងឥន្ធនៈ ដោយកាត់បន្ថយការចុះបំពេញបេសកកម្មក្នុងប្រទេសនិងក្រៅប្រទេស…៕ កុលបុត្រ

RELATED ARTICLES