Friday, July 4, 2025
Homeតារាខ្មែរមាន សូនីតា បង្ហាញចិញ្ចៀន លាក់មុខគូដណ្តឹង

មាន សូនីតា បង្ហាញចិញ្ចៀន លាក់មុខគូដណ្តឹង

ភ្នំពេញ ៖ ស្រីស្រស់ មាន សូនីតា នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ បានបង្ហាញរូបចិញ្ចៀនភ្ជាប់ពាក្យ ពាក់នៅម្រាមនាងដៃខាងឆ្វេងរបស់នាង និងប្រុសម្នាក់ ទំនងជាគូដណ្តឹង ឱបនាងយ៉ាងស្និទ្ធ តែនាងបានលាក់មុខបុរសជាគូដណ្តឹង ហើយដៃនាងកាន់បាច់ផ្កា កៀកកើយគ្នាមើលត្រីហែលក្រោមបាតសមុទ្រ នៅសួនកែច្នៃ នាខេត្តសៀមរាប​ ដែលជាសញ្ញាបង្ហាញថា តារាវ័យ៣៥ឆ្នាំ ដែលថ្ងូរដូចព្រាបថា នៅលើលោកនេះ អ្វីដែលពិបាកបំផុត គឺរឿងយកប្ដីនេះ ពេលនេះនាងមានគូណ្ដឹងហើយ។

ទោះបីជា មាន សូនីតា មានចេតនាហ៊ានថា នាងមានគូហើយ តែការលេងបិទពួន មិនហ៊ានបង្ហាញមុខប្រុសស្នេហ៍បែបនេះ ធ្វើឲ្យនាងមិនអាចលាងពាក្យចចាមអារ៉ាមពីមុន ឲ្យជ្រះស្រឡះបានទេ ខណៈដែលអ្នកខ្លះ សង្ស័យថា អាចជាការសម្តែង ថតភាពយន្ត ឬ MV ដោយតួប្រុសដែលឱបនាង បង្ហាញតែខ្នងនោះ ខ្លះថាស្រដៀងលោកសេង មង្គល និងខ្លះទៀតថាស្រដៀងលោកម៉ុង ម៉ានិត ។ ប៉ុន្ដែរាល់សំណួរទាំងឡាយ របស់ Fan ដែលខម្មិនសួរទាំងប៉ុន្មានថាតើប្រុសនោះ ជាគូដណ្ដឹង ឬសង្សារ? ហើយចង់ឲ្យនាងបង្ហាញមុខបុរសនោះ សូនីតា មិនឆ្លើយតបឡើយ គឺទុកឲ្យឆ្ងល់តែម្ដង ។

 គួរបញ្ជាក់ថា មុនមាន សូនីតា បង្ហាញមុខប្រុសឱបរឹតស្អិតល្មូតនេះ កាលពីថ្ងៃទី៣០ ខែមិថុនា ស្រីស្រស់នេះទើបតែបន្ថែមអាជីពថ្មី គឺចេញច្រៀងតាមបណ្ដាកម្មវិធីទាំងឡាយ ដោយមានទាំងក្រុមរាំអមដល់ទៅ ៦នាក់ មិនចាញ់តារាចម្រៀងអាជីពឡើយ បើទោះជាទាំងអ្នកជំនាញសិល្បៈ និងមហាជនមួយចំនួន ធ្លាប់លើកឡើងថា សំឡេងនាងស្រាលនិងតូចពេក មិនអាចធ្វើជាតារាចម្រៀងបានក៏ដោយ តែពេលនេះ នាងចេញមុខប្រឆាំងអ្នក បង្អាប់ថានាងច្រៀងមិនកើតនោះ តាមរយៈការចេញច្រៀងតាមឆាកធំៗតែម្ដង ។ ចំណែកការបង្ខំចិត្តបញ្ចេញរូបភាពត្រូវប្រុសឱបនាពេលនេះ គេជឿថាសូនីតា ចង់ឆ្លើយតបទៅអ្នកដែលថា នាងមានមន្រ្ដីគយ វ័យចំណាស់ តាមស្នេហាជាច្រើនឆ្នាំ តែមូលហេតុដែលនាងមិនហ៊ានបង្ហាញមុខប្រុសនោះ ព្រោះតែមិនមែននៅលីវ ។ សូនីតា ក៏លេងក្បាច់ ព្រួញមួយបាញ់បានសត្វពីរផងដែរ ពោលគឺគ្រាន់តែនាងហ៊ានឲ្យគេឃើញរូបចិញ្ចៀនភ្ជាប់ ពាក្យ និងត្រូវប្រុសឱបបែបនេះច្បាស់ណាស់ថា ស្រីៗដែលធ្លាប់តាមស្នេហានាងច្រើនជាងប្រុសនោះ នឹងចាប់ ផ្ដើមពិចារណាឡើងវិញជាមិនខាន ។

ទោះជាយ៉ាងណា មានការកត់សម្គាល់ថា ករណីមាន សូនីតា បង្ហាញចិញ្ចៀនភ្ជាប់និងគូដណ្តឹងលាក់មុខនេះ អាចដូចករណីកញ្ញាជេស៊ីកា បង្ហាញចិញ្ចៀនភ្ជាប់ពាក្យដែរ ប៉ុន្ដែការពិតនាងភ្ជាប់ពាក្យក្នុងការសម្តែង ជាមួយលោកទេព រិនដារ៉ូ សោះ ។ ប៉ុន្តែទោះបីជាយ៉ាងណា ទស្សនិកជនសង្ឃឹមថា សូនីតា នឹងមិនលេងក្បាច់ពញ្ញាក់អារម្មណ៍ដូចជេស៊ីកា ឡើយ ។

មាន សូនីតា ធ្លាប់ប្រាប់ថា នាងមានសង្សារហើយ តែស្ថិតក្នុងដំណាក់កាលមើលចិត្តថ្លើមគ្នា មិនទាន់ឈានដល់គិតគួររឿងរៀបការទេ ។ ប៉ុន្ដែលើកនេះ នាងបែជាបង្ហាញសញ្ញាមានគូដណ្ដឹងទៅវិញ ។

កញ្ញាមាន សូនីតា និងលោកម៉ានិត

តាមប្រភពថា បើសូនីតា ហ៊ានបញ្ចេញមុខអនាគតស្វាមី ទៅតាមសំណូមពរអ្នកគាំទ្រ នោះដំណឹងថា នាងមានលោកគយ លាក់មុខ ចាក់សោបេះដូងជាច្រើនឆ្នាំនោះ នឹងត្រូវបន្សាបទាំងស្រុងជាមិនខាន ។ ប៉ុន្តែតារាស្រីហាយសូ ដូចសូនីតា ដែលជិះយន្ដហោះសុទ្ធតែកៅអី Business Class ដើរលេងសឹងគ្រប់ប្រទេសលើពិភព លោកនោះ កន្លងមកប្រុសដែលធ្លាប់កៀកកើយនាងស្អិតល្មូតដូចគូសង្សារ ផឹកស្រាក្រហមជាមួយគ្នាតែពីរនាក់ នាពេលរាត្រី មើលទួរអេហ្វែល នោះ គឺមានតែចៅអ្នកស្រីពាន់ ភួងបុប្ផា លោកម៉ានិត ម្នាក់ប៉ុណ្ណោះ ៕

RELATED ARTICLES