Wednesday, April 8, 2026
Homeតារាខ្មែរម៉េង ប៊ុនឡូ ទៅវះកាត់នៅវៀតណាម

ម៉េង ប៊ុនឡូ ទៅវះកាត់នៅវៀតណាម

ភ្នំពេញ ៖ លោកសាវិន ហ្វីលីព ដែលជាមនុស្សជិតដិតលោកម៉េង ប៊ុនឡូ បានប្រាប់អ្នកយកព័ត៌មាន «នគរធំ» កាលពីថ្ងៃទី៦ ខែមសា ឆ្នាំ២០២៦ ថា លោកលោកម៉េង ប៊ុនឡូ បានចេញពីមន្ទីពេទ្យកាល់ម៉ែត ៣ថ្ងៃហើយ ក្រោ យជំងឺរបស់លោកបានប្រសើរបន្ដិច ប៉ុន្ដែអំឡុងពេលនេះ ប៊ុនឡូ សម្រេចចិត្តថា ត្រូវទៅវះកាត់សរសៃវ៉ែនជើងឆ្វេង ដែលឡើងប៉ោងនោះ នៅប្រទេសវៀតណាម ។

លោកសាវិន ហ្វីលីព បង្ហើបថា មុនព្យាបាលជំងឺទឹកនោមផ្អែម លោកប៊ុនឡូ ព្យាយាមលាក់ជំងឺខ្លួន និងហាមលោកផ្សព្វផ្សាយ ព្រោះខ្មាសគេ ដោយលោកថា សុខចិត្តស្លាប់ដូចអ៊ុន សិទ្ធា (មិនសុំជំនួយ) ប៉ុន្ដែក្នុងនាមលោកជាអ្នកស្គាល់គ្នាជាមួយប៊ុនឡូ ជាង៣០ឆ្នាំទៅហើយនោះ ទើបលោកសម្រេចចិត្តផ្សាយឲ្យគ្រប់គ្នាបានដឹង ព្រោះលោកសន្យាថា ដរាបណាលោកនៅមានជីវិត លោកមិនឲ្យប៊ុនឡូ ស្លាប់ដូចអ៊ុន សិទ្ធា ដែលលាក់ជិត ឈឹង មិនឲ្យដឹងពីជំងឺខ្លួននោះឡើយ ។ លោកថា ក្រោយមក មានសប្បុរសជនបានឧបត្ថម្ភប៊ុនឡូ ជាបន្ដបន្ទាប់ រួមទាំងថ្នាក់ដឹកនាំផង ទើបធ្វើឲ្យលោករំភើបចិត្តណាស់ តែរឿងដែលលោកត្រូវអរគុណ រកពាក្យអ្វីមកប្រៀប ធៀបមិនបាន គឺអ្នកនាងប្រិមប្រិយ ដែលមកមើលថែម៉េង ប៊ុនឡូ ដូចនាយក្រិន ដែរ ព្រោះប៊ុនឡូ ដេកពេទ្យ តែម្នាក់ឯង ឪពុកឈឺបេះដូង ប្អូន១ មិនប្រកតី ហើយថ្ងៃចូលដេកពេទ្យនោះ បងប្រុសគាត់ ម៉េង ប៊ុនលី ជាប់លក់សំបុត្រ Concert នៅខេត្តក្រចេះ  មានតែអ្នកនាងប្រិមប្រិយ ម្នាក់ប៉ុណ្ណោះ ដែលកំដរគាត់ជាប្រចាំ រហូតចេញពីមន្ទីរពេទ្យ។

លោកសាវិន ហ្វីលីព បានឲ្យដឹងដែរថា ម៉េង ប៊ុនឡូ ក្រៅពីជំងឺទឹកនោមផ្អែម ធ្វើទុក្ខខ្លាំង លោកក៏មានវិបត្តិផ្លូវចិត្តដែរ ព្រោះកាលពីប៉ុន្មានខែមុន ប្រពន្ធលោក នៅអាមេរិក បានមកយកកូនប្រុស ត្រឡប់ទៅវិញ ដែលកូននោះ ប៊ុនឡូ បានយកមកចិញ្ចឹម តាំងពីអាយុជាង ១ឆ្នាំ រស់នៅជាមួយលោក ជាង៤ឆ្នាំ ឥឡូវប្រពន្ធលោកបានយកទៅវិញ ។ ប៉ុន្ដែលោកហ្វីលីព ថា លោកមិនបានដឹងថា តើប៊ុនឡូ និងប្រពន្ធ លែងលះគ្នាឬយ៉ាងណាទេ ព្រោះជារឿងឯកជនរបស់គាត់ ប៉ុន្ដែអំឡុងពេលដែលប៊ុនឡូ ដេកពេទ្យនោះ លោកមិនដែលឭថា ប្រពន្ធគាត់ទូរស័ព្ទមកសួរសុខទុក្ខទេ ។ តារាជើងចាស់រូបនេះ បានឲ្យដឹងដែរថា ប៊ុនឡូ តូចចិត្តពេក ប្រាប់លោកថា លោកអាចស្លាប់ មុនពេលបានជួបមុខកូនប្រុស ក៏ថាបាន ព្រោះតាមលោកដឹងទាល់តែកូនប្រុសនោះ អាយុ១៨ឆ្នាំ ទើបអាចមកធានាយកលោក ទៅនៅជាមួយបាន ។

ម៉េង ប៊ុនឡូ អតីតតារាចម្រៀង SSB បានបាត់មុខពីវិស័យចម្រៀង ជាច្រើនឆ្នាំ ដោយរកស៊ីបើកវង់តន្រ្ដីមួយ ហើយតាមលោកហ្វីលីព ប្រាប់ថា អាជីវកម្មក្រៅសិល្បៈនេះ ប៊ុនឡូ ខាតឡុងចុង ព្រោះចាញ់បោកគេ ទើបធ្វើឲ្យលោកធ្លាក់ខ្លួន រហូតគ្មានលុយព្យាបាលជំងឺបែបនេះ ។ លោកហ្វីលីព ថាប៊ុនឡូ ប្រាប់លោកថា សម័យលោកមានលុយកាក់នោះ អត់មានអ្នកណាណែនាំឲ្យរកស៊ីទិញដីធ្លីទុកទេ ទើបប៊ុនឡូ ចេះតែទិញគ្រឿងដែក (ឧប ករណ៍តន្រ្ដី)  ហេតុនេះលោកសូមរំលឹកដាស់តឿនដល់សិល្បករទាំងឡាយថា អំឡុងពេលមានលុយ ឬរកលុយបាន ត្រូវគិតគួររកស៊ីអ្វីមួយក្រៅពីសិល្បៈ កុំពឹងសិល្បៈ ទាំងស្រុងពេក ។

លោកសាវិន ហ្វីលីព រំលឹកដែរថា លោកស្រណោះម៉េង ប៊ុនឡូ ពេលជំងឺធ្វើទុក្ខខ្លាំងឈាមស្ទះដល់បេះដូង ដេកអត់កើត បើដេកបានទាល់តែលើកជើងឆ្វេងនោះទៅលើរហូត តែឥឡូវជំងឺទឹកនោមផ្អែមរបស់ប៊ុនឡូ បានស្រកជាតិស្ករបន្ដិច ហើយឈាមនៅ ១៥-១៦ ត្រូវលេបថ្នាំបន្ដ ទើបប៊ុនឡូ សម្រេចចិត្តថា ត្រូវតែទៅវះកាត់សរសៃវ៉ែន នៅជើងឆ្វេងនោះ នៅវៀតណាម ។          

មហាជនខ្លះ ភ្ញាក់ផ្អើលថា ម៉េង ប៊ុនឡូ ឈឺធ្ងន់ ប្រពន្ធនៅអាមេរិក អត់ខ្វល់ និងខ្លះសង្ស័យថា ពួកគេបានលែងលះគ្នាទៅហើយ បានជាប្រពន្ធ មិនមកអើតមើលប្ដីបែបនេះ ។ ប៉ុន្តែទាក់ទងរឿងប្រពន្ធនៅអាមេរិក នោះ លោកប៊ុនឡូ នៅមិនទាន់ចេញមុខបំភ្លឺទេ ព្រោះពេលនេះ លោកផ្ដោតតែលើការថែទាំសុខភាព ឲ្យប្រសើរឡើងសិន ៕

RELATED ARTICLES