Friday, May 16, 2025
Homeព័ត៌មានជាតិសមាជរដ្ឋសភា-ព្រឹទ្ធសភា មេបក្សជំនាន់ថ្មី ថាល្អសម្រាប់អ្នកជំនាន់ថ្មីបក្សកាន់អំណាច

សមាជរដ្ឋសភា-ព្រឹទ្ធសភា មេបក្សជំនាន់ថ្មី ថាល្អសម្រាប់អ្នកជំនាន់ថ្មីបក្សកាន់អំណាច

ភ្នំពេញ ៖ លោកមាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មី ដែលជាអតីតថ្នាក់ដឹកនាំនាំអតីតបក្សប្រឆាំង​(អតីតគណបក្សសង្គ្រោះជាតិ) យល់ថា ជារឿងល្អមួយចំពោះអ្នកជំនាន់ថ្មី នៃគណបក្សកាន់អំណាច ក្នុងការរៀបចំឲ្យមានសមាជរដ្ឋសភា និងព្រឹទ្ធសភា លើកទី១ ខណៈគម្រោងរៀបចំសមាជនេះ គឺមានចែងរួចមកហើយ ទាំងក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃសមាជរដ្ឋសភា និងព្រឹទ្ធសភា ។

សូមបញ្ជាក់ថា ការលើកឡើងរបស់លោកមាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មី ខាងលើនេះ បានធ្វើឡើងក្រោយពីសម្ដេចហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាជរដ្ឋសភា និងព្រឹទ្ធសភា កាលពីព្រឹកថ្ងៃអង្គារ ទី១៣ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសមាជរដ្ឋសភានិងព្រឹទ្ធសភា នៅវិមានព្រឹទ្ធសភា ដើម្បីពិភាក្សានិងអនុម័តរបៀបវារៈមួយចំនួន។

កិច្ចប្រជុំគណៈកម្មាធិការសមាជរដ្ឋសភានិងព្រឹទ្ធសភា មានវត្តមានចូលរួមដោយសម្តេច ឃួន សុដារី ប្រធានរដ្ឋសភា និងជាអនុប្រធានគណៈកម្មាធិការសមាជរដ្ឋសភានិងព្រឹទ្ធសភា លោក អ៊ុច បូររិទ្ធ អនុប្រធានទី១​ ព្រឹទ្ធសភា លោកបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា លោក ធន់ វឌ្ឍនា អនុប្រធានទី២​ព្រឹទ្ធសភា និងលោក វង សូត អនុប្រធានទី២ រដ្ឋសភា ជាសមាជិកគណៈកម្មាធិការសមាជរដ្ឋសភានិងព្រឹទ្ធសភា ព្រមទំាងមានវត្តមានអញ្ជើញចូលរួមពីសំណាក់ជំនួយការ គណៈកម្មាធិការសមាជរដ្ឋសភានិងព្រឹទ្ធសភា ផងដែរ។

កិច្ចប្រជុំកិច្ចគណៈកម្មាធិការសមាជរដ្ឋសភានិងព្រឹទ្ធសភា បានសម្រេចទទួលយកសំណើរបស់រាជរដ្ឋាភិបាល ក្នុងពិភាក្សាអំពីប្រធានបទសំខាន់ៗចំនួនបី មានរួមមាន ប្រព័ន្ធគាំពារសង្គម សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងប្រធានបទអំពីវិស័យកសិកម្ម។ កិច្ចប្រជុំ ក៏បានប្រគល់ភារកិច្ចជូនជំនួយការសមាជរដ្ឋសភានិងព្រឹទ្ធសភា ពិនិត្យនិងសិក្សាលើប្រធានបទទំាងបីខាងលើ តាមនីតិវិធី រួចហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការសមាជរដ្ឋសភានិងព្រឹទ្ធសភា វិញ។

នៅក្នុងបទសម្ភាសន៍ជាមួយ “នគរធំ” នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ លោកមាជ សុវណ្ណារ៉ា បានបញ្ជាក់ថា អ្វីដែលតម្កល់ផលប្រយោជន៍ជាតិ ផលប្រយោជន៍ប្រជារាស្រ្ត វាមិនមានអីដែលយើងត្រូវធ្វើការរាំងខ្ទប់ ឬក៏ឲ្យរាំងស្ទះនៃដំណើរការទេ ។ ដូច្នេះលោកសង្ឃឹមថា អ្នកបន្តវេន​ នៃបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) និងអ្នកនយោបាយ ឥស្សរជនជាន់ខ្ពស់នៃអ្នកជំនាន់ចាស់ នៅបន្តអ្វីជាស្នាដៃសម្រាប់អ្នកជំនាន់ថ្មី សម្រាប់ជាតិ សម្រាប់ពលរដ្ឋទូទាំងនគរ ។ ជាពិសេសលោកគាំទ្រនូវប្រធានបទទាំង៣​ ខាងលើនេះ ដែលគម្រោងសមាជរដ្ឋសភា និងព្រឹទ្ធសភា លើកទី១ បានយកមកដាក់បញ្ចូលនោះ ។

លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍ប្រាប់ “នគរធំ” នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥​ ថា “ខ្ញុំមិនមានប្រតិកម្ម ឬក៏ជំទាស់អីទេ ឲ្យតែទាំងនីតិប្បញ្ញត្តិ ទាំងរដ្ឋាភិបាល ក្នុងប្រទេសមួយ ដែលជាប្រទេសប្រកាន់នូវលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ហើយគោរពសិទ្ធិមនុស្ស និងអ្វីដែលជាប្រធានបទ យើងមើលទៅឃើញថា វាជាការចំណេញដល់ប្រទេសជាតិ ពិសេសគឺសម្រាប់តម្កល់ផលប្រយោជន៍ប្រជារាស្រ្ត ឲ្យប្រជារាស្រ្តហ្នឹងបានសុខស្រួលក្នុងកត្តាជីវភាព ក្នុងវិស័យដែលគាត់ប្រកបរបរធ្វើស្រែ ធ្វើចម្ការ ហើយមានទីផ្សារ ពួកគាត់ហ្នឹងមានការងារធ្វើទៅ គឺថាវាជារឿងល្អ ដែលគាត់មិនទៅមានបំណុលជាមួយធនាគារ ទោះមានបំណុល ក៏គាត់អាចដោះ ដោយមិនមានវិបត្តិជីវភាពក្នុងគ្រួសារ ទៅនឹងទីផ្សារលក់ដូរផលិតផល ក៏ដូចជាទីផ្សារការងារ ។ អ៊ីចឹងហើយ​ ការចាប់ផ្ដើម ខ្ញុំថាអ្វីដែលតម្កល់ផលប្រយោជន៍ជាតិ ផលប្រយោជន៍ប្រជារាស្រ្ត វាមិនមានអីដែលយើងត្រូវធ្វើការរាំងខ្ទប់ ឬក៏ឲ្យរាំងស្ទះនៃដំណើរការទេ“ ។

លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្តថា “អ៊ីចឹងហើយ​ នេះវាជាការងារល្អហើយ ប៉ុន្តែសុំឲ្យថា ធ្វើអ្វីៗឲ្យវាតម្កល់ផលប្រយោជន៍ជាតិ ជាងយើងធ្វើដើម្បីតែអន្តរកាល យើងធ្វើដើម្បីតែប្រជាភិថុតិនយោបាយ ហើយវាអត់បានបង្ហាញនូវឆន្ទៈជាតិពិតប្រាកដ អាហ្នឹងវាជារឿងមួយផ្សេងទៀត។ ប៉ុន្តែខ្ញុំសង្ឃឹមថា អ្នកបន្តវេននៃបក្សកាន់អំណាច ហើយនិងអ្នកនយោបាយ ឥស្សរជនជាន់ខ្ពស់នៃអ្នកជំនាន់ចាស់ នៅបន្តអ្វីជាស្នាដៃសម្រាប់អ្នកជំនាន់ថ្មី សម្រាប់ជាតិ សម្រាប់ពលរដ្ឋទូទាំងនគរហ្នឹង គឺថាវាជារឿងល្អហើយ ។ ដូចជាការលើកឡើងនូវប្រធានបទ៣ ទាក់ទងទៅនឹងបញ្ហាប្រព័ន្ធគាំពារសង្គម ដូចជាប្រព័ន្ធសុខាភិបាល ហើយពិនិត្យទៅនឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធរបស់ប្រជាពលរដ្ឋដែលរកស៊ីរបរអ្វីដែលជាលក្ខណៈមួយសម្រាប់តែមួយរស់ក្នុងកត្តាជីវភាព ជាពិសេសនោះគឺទាក់ទងទៅនឹងប្រធានបទនៃវិស័យកសិកម្ម ។ អ៊ីចឹងហើយ យើងមានការចាប់អារម្មណ៍នឹងឲ្យគុណតម្លៃនៃការខំប្រឹងប្រែង អ្វីដែលយើងឃើញថា វាល្អជាប្រយោជន៍ជាតិ យើងចូលរួមសាទរ អ្វីដែលវាមិនទាន់ពេញលេញនៅក្នុងការដឹកនាំឲ្យល្អប្រសើរ នៅខ្វះចន្លោះ អាហ្នឹងគឺយើងរិះគន់ស្ថាបនា ហើយយើងឲ្យជាពហុគំនិតអីអ៊ីចឹងទៅ ដើម្បីឲ្យវាមានការសហការគ្នារវាងបក្សកាន់អំណាច និងបក្សក្រៅរដ្ឋាភិបាល ដើម្បីចង្អុលត្រីវិស័យ ចក្ខុវិស័យ ឲ្យដល់នូវអ្វីជាប្រយោជន៍សម្រាប់សង្គមជាតិ ជាប្រយោជន៍សម្រាប់ប្រជារាស្រ្ត ជាជាងយើងបង្កើតនូវអ្វីជាបញ្ហារាំងស្ទះ ការរើសអើងផ្នែកនយោបាយ ឬក៏ការប្រកាន់បក្ខពួក គ្រួសារនិយម ជាពិសេសអំពើពុករលួយអីជាដើម អាហ្នឹងហើយដែលយើងមិនចង់ឃើញប្រទេសជាតិ​ ជួបនូវវិបត្តិសេដ្ឋកិច្ច វិបត្តិហិរញ្ញវត្ថុ វិបត្តិពន្ធគយ ពន្ធដារបែបណា ដែលធ្វើឲ្យរាស្រ្តរងទុក្ខ ធ្វើឲ្យជាតិជួបការលំបាកនោះ“ ។

គួរបញ្ជាក់ដែរថា ច្បាប់ស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅនៃសមាជរដ្ឋសភា និងព្រឹទ្ធសភា ដែលប្រកាសឲ្យប្រើដោយព្រះរាជក្រម របស់ព្រះករុណាសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​ នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១១ មានខ្លឹមសារដូចខាងក្រោម ៖

ជំពូកទី ១

បទប្បញ្ញត្តិទូទៅ

មាត្រា១-

ច្បាប់នេះ មានគោលដៅកំណត់ការរៀបចំនិងការប្រព្រឹត្តទៅនៃសមាជរដ្ឋសភា និងព្រឹទ្ធសភា ស្របតាមមាត្រា ១១៦ថ្មី និងមាត្រា ១១៧ថ្មី នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ។

មាត្រា២-

សមារដ្ឋសភា និងព្រឹទ្ធសភា គឺជាការប្រជុំរួមគ្នានៃសមាជិករដ្ឋសភា និងព្រឹទ្ធសភា ដើម្បីដោះស្រាយបញ្ហាសំខាន់ៗរបស់ប្រទេសជាតិ ក្នុងករណីចាំបាច់ ។ បន្ទាប់ទៅនេះ សមាជរដ្ឋសភា និងព្រឹទ្ធសភា ត្រូវកំណត់ហៅថា សមាជ ។

មាត្រា៣-

បញ្ហាសំខាន់ៗ របស់ប្រទេសជាតិ មាន ៖ ការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី ឬករណីប្រធានស័ក្ដិ បណ្តាលឲ្យមានវិនាសកម្មយ៉ាងធ្ងន់ធ្ងរ ដល់ជាតិ និងប្រជាជន ឬករណីផ្សេងៗទៀត ដែលគណៈកម្មាធិការសមាជយល់ឃើញថា ជាបញ្ហាសំខាន់របស់ប្រទេសជាតិ ។

ជំពូកទី២

ការរៀបចំសមាជ

មាត្រា៤-

ប្រធានព្រឹទ្ធសភា ជាប្រធានសមាជ ។ ក្នុងករណីប្រធានសមាជអវត្តមាន ឬមានធុរៈមិនអាចបំពេញមុខងារបាន ប្រធានរដ្ឋសភា ត្រូវទទួលភារកិច្ចជំនួស ។

            តំណែងជំនួសប្រធានសមាជ ដូចមានចែងខាងលើនេះ អាចនឹងដូរទៅឥស្សរជនផ្សេងៗ តាមឋានានុក្រមដូចតទៅ :

            -អនុប្រធានទី១ ព្រឹទ្ធសភា

            -អនុប្រធានទី១ រដ្ឋសភា

            -អនុប្រធានទី២ ព្រឹទ្ធសភា

            -អនុប្រធានទី២ រដ្ឋសភា ។

មាត្រា៥-

សមាជ ត្រូវធ្វើជាសាធារណៈ នៅរាជធានីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងសាលប្រជុំរដ្ឋសភា លើកលែងតែមានការសម្រេចផ្សេងពីនេះ ចុះក្នុងលិខិតកោះប្រជុំដោយកាលៈទេសៈតម្រូវ ។

មាត្រា៦-

សមាជ មានគណៈកម្មាធិការសមាជមួយជាអ្នករៀបចំសមាជ ។ សមាសភាពគណៈកម្មាធិការសមាជមានដូចខាងក្រោម ៖

            ១-ប្រធានព្រឹទ្ធសភា ប្រធាន

            ២-ប្រធានរដ្ឋសភា អនុប្រធាន

            ៣-អនុប្រធានទី១ ព្រឹទ្ធសភា សមាជិក

            ៤-អនុប្រធានទី១ រដ្ឋសភា សមាជិក

            ៥-អនុប្រធានទី២ ព្រឹទ្ធសភា សមាជិក

            ៦-អនុប្រធានទី២ រដ្ឋសភា សមាជិក ។

            ប្រធានគណៈកម្មការទាំងអស់នៃព្រឹទ្ធសភា និងរដ្ឋសភា ជាជំនួយការគណៈកម្មាធិការសមាជ

មាត្រា៧-

ប្រធានសមាជ មានមុខងារដូចតទៅ :

            ក-ធានាការប្រព្រឹត្តទៅនៃសមាជ ឲ្យបានត្រឹមត្រូវ តាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន

            ខ-ដឹកនាំអង្គប្រជុំនៃសមាជ

            គ-បើកនិងលើកពេលប្រជុំនៃសមាជ

            ឃ-ចាត់ចែងការពិភាក្សា ហើយចុះហត្ថលេខាលើកំណត់ហេតុ នៃការប្រជុំសមាជ

            ង-ញ៉ាំងឲ្យប្រតិបត្តិតាមបទបញ្ជាផ្ទៃក្នុងនៃសមាជ

            ច-រក្សាការពារសណ្តាប់ធ្នាប់ក្នុងពេលប្រជុំសមាជ

            ឆ- ជាតំណាងសមាជ ក្នុងការទាក់ទងជាមួយព្រះមហាក្សត្រ និងអាជ្ញាធរសាធារណៈ ។

មាត្រា៨-

អគ្គលេខាធិការដ្ឋានរដ្ឋសភា ត្រូវទទួលបន្ទុកជាអគ្គលេខាធិការដ្ឋានសមាជ ។

មាត្រា៩-

 រាល់ការចំណាយសម្រាប់ដំណើរការសមាជ ជាបន្ទុករបស់រដ្ឋសភា ។

ជំពូកទី៣

ការប្រព្រឹត្តទៅនៃសមាជ

មាត្រា១០-

ព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី អាចផ្តួចផ្តើមឲ្យមានការប្រជុំសមាជបាន ។

            ប្រធានសមាជ អញ្ជើញសមាជិករដ្ឋសភា និងព្រឹទ្ធសភាឲ្យ ចូលរួមប្រជុំសមាជ ។

មាត្រា១១-

ការប្រជុំសមាជនឹងយកជាការបាន លុះត្រាតែមានកូរ៉ុមលើសពីពាក់កណ្តាលនៃសមាជិករដ្ឋសភាទាំងមូល និងកូរ៉ុមលើសពីពាក់កណ្តាល នៃសមាជិកព្រឹទ្ធសភាទាំងមូល ។

មាត្រា១២-

ការអនុម័តរបស់សមាជ ត្រូវយកតាមមតិភាគច្រើនដាច់ខាត នៃចំនួនសមាជិកសមាជទាំងមូល ។

មាត្រា១៣-

សេចក្តីសម្រេចរបស់សមាជ មានតម្លៃជាសេចក្តីសម្រេចខ្ពស់បំផុតរបស់ប្រជាជាតិ ដែលត្រូវផ្សព្វផ្សាយជាសាធារណៈ និងចុះក្នុងរាជកិច្ច ។

ជំពូកទី៤

អន្តរប្បញ្ញត្តិ

មាត្រា១៤-

សមាជ ប្រជុំលើកដំបូងរបស់ខ្លួន ក្នុងរយៈពេល ៦០ (ហុកសិប) ថ្ងៃ យ៉ាងយូរ ក្រោយពេលច្បាប់នេះចូលជាធរមាន ដើម្បីពិនិត្យនិងអនុម័តបទបញ្ជាផ្ទៃក្នុងរបស់ខ្លួន ដោយមតិភាគច្រើនដាច់ខាត នៃចំនួនសមាជិករដ្ឋសភាទាំងមូល និងដោយមតិភាគច្រើនដាច់ខាត នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល ។

            ក្នុងដំណើរការនៃកិច្ចប្រជុំសមាជ​ លើកដំបូងនេះ បទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា ត្រូវយកមកអនុវត្តរហូតដល់សមាជអនុម័តបទបញ្ជាផ្ទៃក្នុងរបស់ខ្លួនបាន ៕ កុលបុត្រ

RELATED ARTICLES