Saturday, November 1, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមអ្នកម៉ៅការសំណង់ ចេញស្អែកស្អុយ ជាប់ខ្នោះ

អ្នកម៉ៅការសំណង់ ចេញស្អែកស្អុយ ជាប់ខ្នោះ

ភ្នំពេញ ៖ បុរសម្នាក់ ជាអ្នករកស៊ីម៉ៅការសំណង់ ត្រូវបានកម្លាំងសមត្ថកិច្ចការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួន តាមដីកាបង្គាប់ឱ្យនាំខ្លួន និងបញ្ជូនទៅតុលាការ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ពាក់ព័ន្ធករណីប្រើប្រាស់មូលប្បទានបត្រគ្មានសាច់ប្រាក់ (ចេញសែកស្អុយ រាប់ម៉ឺនដុល្លារ)។

បុរសដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះ ផល សុភាព អាយុ៤៣ឆ្នាំ ជាអ្នកម៉ៅការសំណង់ ស្នាក់នៅផ្ទះលេខ 69A បុរីហុងឡាយ ផ្លូវលេខ១ ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។

ការឃាត់ខ្លួនអ្នកម៉ៅការសំណង់នេះ សមត្ថកិច្ចបានអនុវត្តតាមដីកាបង្គាប់ឱ្យនាំខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ដែលជននេះត្រូវបានចោទប្រកាន់ពីបទឆបោក កាលពីអំឡុងខែមីនា ឆ្នាំ២០២៤ ប្រព្រឹត្តនៅចំណុចអគារការិយាល័យ Time Square3 ជាន់ទី២៥ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ និងបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ បទល្មើស ព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់។

ដោយយល់ឃើញថា ចៅក្រមស៊ើបសួរ បានចេញដីកាបង្គាប់ឱ្យចូលខ្លួន កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ដើម្បីឱ្យជនត្រូវចោទឈ្មោះ ផល សុភាព ចូលរួមឆ្លើយបំភ្លឺអង្គហេតុខាងលើ ប៉ុន្តែជនត្រូវចោទពុំបានចូលខ្លួនតាមដីកាកោះហៅរបស់តុលាការឡើយ។ ដើម្បីធានាដល់កិច្ចស៊ើបសួរ ឱ្យមានលក្ខណៈពេញលេញ តុលាការគប្បីសម្រេចបង្គាប់ឱ្យនាំខ្លួនជនត្រូវចោទឈ្មោះ ផល សុភាព មកចំពោះមុខចៅក្រមស៊ើមសួរ ដើម្បីសួរចម្លើយ៕

RELATED ARTICLES