
ភ្នំពេញ ៖ បន្ទាប់ពីអ្នកនយោបាយប្រឆាំង ត្រូវបានតុលាការកាត់ទោស ដាក់ពន្ធនាគារ ជាបន្តបន្ទាប់ ជាពិសេសថ្មីៗនេះ លោករ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមផ្ដន្ទាទោស ដាក់ពន្ធនាគារ ៤ឆ្នាំ ពិន័យជាប្រាក់ ៤លានរៀល និងដកសិទ្ធិនយោបាយជាអចិន្រ្តៃយ៍នោះមក លោកមាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មី ដែលកាលនៅជាមន្រ្តីជាន់ខ្ពស់ នៃអតីតគណបក្សសង្រ្គោះជាតិ ធ្លាប់ជាប់គុក ២ដង ជិត ៤ឆ្នាំនោះ បានលើកឡើងថា ទោះកាលៈទេសៈបែបណា អ្នកនយោបាយ ប្រជាពលរដ្ឋដែលចូលធ្វើនយោបាយ កុំតក់ស្លុត រួញរា ព្រោះបើខ្លាច គេនឹងជាន់ហើយ ។
បន្ថែមលើសំណេរតាមបណ្ដាញសង្គម ខាងលើនេះ លោកមាជ សុវណ្ណារ៉ា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥ថា កាលណាបើយើងនាំគ្នាខ្លាច ហើយអត់យល់ពីនយោបាយ អត់តាមដានអ្នកនយោបាយ អត់យល់ពីច្បាប់ គោលការណ៍ប្រជាធិបតេយ្យនោះទេ ធ្វើឲ្យអ្នកនយោបាយទុច្ចរិត អ្នកនយោបាយប្រជាភិថុតិ ងាយនឹងជាន់ឈ្លីយើង ងាយនឹងធ្វើឲ្យយើងភ័យខ្លាច ។ ដូច្នេះប្រជាពលរដ្ឋមានការយល់ដឹងពីច្បាប់ ប្រជាពលរដ្ឋដែលយល់អំពីកាតព្វកិច្ច តួនាទីរបស់ខ្លួននៅក្នុងសង្គមប្រជាធិបតេយ្យ មិនមានអ្វីដែលត្រូវរួញរា និងតក់ស្លុតទេ គឺត្រូវងើបតស៊ូមតិ ។

លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍ថា “ ខ្ញុំចង់បង្ហាញថា នៅក្នុងសង្គមប្រជាធិបតេយ្យ ដែលយកប្រជាពលរដ្ឋជាធំ ប្រជាពលរដ្ឋជាម្ចាស់ប្រទេស តាមរយៈការអនុវត្តគោលការណ៍ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស គឺធានាការពារដោយរដ្ឋធម្មនុញ្ញ ហើយពលរដ្ឋយល់ដឹងអំពីច្បាប់ នៃរបបប្រជាធិបតេយ្យសេរីពហុបក្ស គឺថា នៅក្នុងសង្គមដែលមានការចេះដឹង សង្គមដែលពលរដ្ឋយល់អំពីសិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួន ដូចនៅក្នុងជំពូកទី៣ នៃមាត្រាទី៣០ ដល់មាត្រាទី៥០ ហើយនៅក្នុងមាត្រា៣៥ហ្នឹង ក៏គេបានបង្ហាញថា ពលរដ្ឋទាំង២ភេទ មានសិទ្ធិពេញលេញក្នុងការធ្វើនយោបាយ ក្នុងការចូលរួមសេដ្ឋកិច្ច សង្គម ប្រពៃណី វប្បធម៌ ដែលធានាការពារដោយច្បាប់នៅចំពោះមុខ អ្វីដែលជាការគោរពនូវនីតិរដ្ឋ ។ អ៊ីចឹងហើយខ្ញុំចង់ថា បើប្រទេសកម្ពុជាយើងអនុវត្តនូវនីតិរដ្ឋ អ៊ីចឹងអាបញ្ហាធ្វើនយោបាយ គាំទ្រគណបក្សនយោបាយ ឬក៏តាំងខ្លួនក្លាយជាអ្នកនយោបាយ ដើម្បីប្រកួតប្រជែងការបោះឆ្នោត ៥ឆ្នាំម្ដង ខ្ញុំថា ពលរដ្ឋមិនត្រូវតក់ស្លុត រួញរា ហើយយើងនៅខ្លាចការគំរាមកំហែង បំភិតបំភ័យនោះទេ ។ កាលណាបើយើងនាំគ្នាខ្លាច ហើយយើងអត់យល់ពីនយោបាយ អត់តាមដានអ្នកនយោបាយ អត់យល់ពីច្បាប់ នីតិរដ្ឋ អត់យល់ពីគោលការណ៍តុលាការ នីតិប្រតិបត្តិ នីតិបញ្ញត្តិ នៃគោលការណ៍ប្រជាធិបតេយ្យ នីតិរដ្ឋទេ អាហ្នឹងហើយដែលធ្វើឲ្យថ្នាក់ដឹកនាំ ឬក៏អ្នកនយោបាយទុច្ចរិត អ្នកនយោបាយប្រជាភិថុតិ គេងាយនឹងជាន់ឈ្លីយើង គេងាយនឹងធ្វើឲ្យយើងភ័យខ្លាច គំរាមកំហែង បំភិតបំភ័យ ដែលដើរផ្ទុយពីគោលការណ៍នីតិរដ្ឋ ផ្ទុយពីប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស “ ។
លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្តថា “ អ៊ីចឹងអាសិទ្ធិនយោបាយ សិទ្ធិនិយាយស្ដី សិទ្ធិបញ្ចេញមតិរបស់យើងត្រូវបានគេយកមកគំរាមកំហែង ហើយបើយើងយល់ដឹង ប្រជាពលរដ្ឋមានការយល់ដឹងពីច្បាប់ ប្រជាពលរដ្ឋដែលយល់អំពីកាតព្វកិច្ច តួនាទីរបស់ខ្លួននៅក្នុងសង្គមប្រជាធិបតេយ្យ ខ្ញុំថា មិនមានអ្វីដែលត្រូវរួញរា និងតក់ស្លុតទេ ដូចជាករណីលោក រ៉ុង ឈុន ដែលជាទីប្រឹក្សារបស់គណបក្សកម្លាំងជាតិ អីហ្នឹង គឺក្នុងហេតុផលនយោបាយ ឬក៏ក្នុងហេតុផលព្រហ្មទណ្ឌ នៃប្រព័ន្ធតុលាការ ដូចជាកាត់ទោសឲ្យលោកជាប់គុក៤ឆ្នាំ ឲ្យនៅក្រៅឃុំ ហើយពិន័យជាប្រាក់៤លានរៀល និងមិនផ្ដល់សិទ្ធិឲ្យគេបោះឆ្នោតឲ្យ មិនឲ្យឈរឈ្មោះបោះឆ្នោត ឲ្យមិនធ្វើនយោបាយអស់មួយជីវិតអីហ្នឹង គឺថា សុទ្ធតែជាអ្វីដែលកាន់តែរំលោភធ្ងន់ធ្ងរទៅលើលទ្ធិប្រជាធិបតេយ្យ ទៅលើអ្នកនយោបាយ ដែលមិនមែនជាគណបក្សរបស់ខ្លួន ក្រៅតែពីគូបដិបក្ខ ដែលមិនបានធ្វើឲ្យសិទ្ធិនយោបាយពេញលេញ ការបើកលំហប្រជាធិបតេយ្យស្មើមុខ ស្មើមាត់ ។ អ៊ីចឹងហើយពលរដ្ឋមិនត្រូវមើលឃើញនៃការភ័យខ្លាចជាងការបំពេញតួនាទីក្នុងការងើប ។ ងើបហ្នឹងមិនមែនងើបហិង្សា ឬក៏ងើបបះបោរ ផ្ដួលរំលំអីទេ ងើបតស៊ូមតិ ហើយបង្ហាញមជ្ឈដ្ឋានជាតិ ជាពិសេសសហគមន៍អន្តរជាត ដែលជាអតីតប្រទេសចុះហត្ថលេខី ដែលដាក់ទូតនៃប្រទេសប្រជាធិបតេយ្យ នៅក្នុងប្រទេសកម្ពុជា លើកលែងតែប្រទេសកម្មុយនីស្ត ប្រទេសផ្ដាច់ការ មិនថាចិន មិនថាយួន ឡាវអី គឺថា ប្រទេសផ្សេងដែលកាន់ប្រជាធិបតេយ្យ គឺគេនឹងឃើញហើយ ឃើញថា ពលរដ្ឋខ្មែរងើបឡើង ក្រោកឡើង ដោយមិនរួញរា មិនតក់ស្លុត មិនភ័យខ្លាចក្នុងការគំរាមកំហែង បំភិតបំភ័យ ក្រៅពីទាមទារសិទ្ធិ ក្រៅពីការបញ្ចេញមតិ ក្រៅពីចូលរួមសកម្មនយោបាយ និងក្លាយជាអ្នកនយោបាយនៅក្នុងគណបក្សណាមួយ ដើម្បីឲ្យពលរដ្ឋមានការបោះឆ្នោត ពលរដ្ឋមានការយល់ដឹងអីហ្នឹង វាផ្សារភ្ជាប់នឹងករណីលោករ៉ុង ឈុន ដែលគេគំរាមកំហែង បំភិតបំភ័យ ដែលមជ្ឈដ្ឋានជាតិ និងសហគមន៍អន្តរជាតិគេមើលឃើញថា ជារឿងនយោបាយធំជាងច្បាប់ព្រហ្មទណ្ឌ ក្រៅពីពលរដ្ឋមានសិទ្ធិការពារ មានសិទ្ធិដឹងឮអំពីអធិបតេយ្យភាព បូរណភាពទឹកដី ឯករាជ្យភាព អព្យាក្រឹតប្រទេសរបស់ខ្លួន ។

សូមបញ្ជាក់ថា ការលើកឡើងរបស់លោកមាជ សុវណ្ណារ៉ា ខាងលើនេះ បានធ្វើឡើងក្រោយពីចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ បានប្រកាសសាលក្រមលើសំណុំរឿងលោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម» តាមមាត្រា ៤៣៧ និង ៤៩៤ មាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ និងការមិនរាងចាលក្នុងបទមជ្ឈិម បន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈិម ប្រព្រឹត្តនៅកម្ពុជា ក្នុងឆ្នាំ២០២៤។ ការប្រកាសសាលក្រមនេះ បានធ្វើឡើងបន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ បើកសវនាការកាលពីព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ។
បន្ទាប់ពីត្រូវបានតុលាការប្រកាសសាលក្រមផ្តន្ទាទោសលើរូបលោកដូចខាងលើនេះ លោករ៉ុង ឈុន ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅមុខសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៥ ខែឧសភាឆ្នាំ២០២៥ ដោយបានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា លោកនៅតែមានជំហររឹងមាំ មិនតក់ស្លុតឡើយ នៅពេលដែលលោកឈរលើភាពត្រឹមត្រូវ ហើយតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជន ធំជាងផលប្រយោជន៍បុគ្គល។
លោករ៉ុង ឈុន បានមានប្រសាសន៍ថា “បើសិនជាខ្ញុំតក់ស្លុត ប្រហែលខ្ញុំនិយាយរអាក់រអួលហើយ មិនអ៊ីចឹង? ខ្ញុំមិនមានតក់ស្លុតអីទេ មានន័យថា ធម្មតានៅក្នុងសង្គមមួយបែបនេះ យើងត្រូវតែមានជំហរមួយច្បាស់លាស់ រឹងមាំ ។ បើយើងមិនមានជំហរមួយច្បាស់លាស់ រឹងមាំ ក៏យើងមិនអាចជួយដល់ស្រុកទេយើងបានដែរ ។ អ៊ីចឹងយើងមានតែយើងត្រូវតែប្រកាន់ជំហរមួយ ឈរលើភាពត្រឹមត្រូវ ។ នៅពេលដែលយើងឈរលើភាពត្រឹមត្រូវ ហើយយើងតម្កល់ផលប្រយោជន៍ជាតិ ធំជាងផលប្រយោជន៍បុគ្គល ផលប្រយោជន៍ប្រជាពលរដ្ឋ ធំជាងផលប្រយោជន៍បុគ្គល ។ ដូច្នេះគ្មានអ្វីដែលត្រូវតក់ស្លុតនោះទេ“ ។

ជុំវិញតុលាការផ្ដន្ទាទោសលោករ៉ុង ឈុន នេះដែរ ក្រៅពីគណបក្សកម្លាំងជាតិ ដែលជាទ្រនំនយោបាយរបស់លោករ៉ុង ឈុន កំពុងជ្រកកោន បានចេញសេចក្ដីថ្លែងការណ៍ សម្ដែងការសោកស្ដាយ និងបានអំពាវនាវដល់រាជរដ្ឋាភិបាលកម្ពុជា សម្របសម្រួលឱ្យមានការផ្តល់សិទ្ធិសេរីភាពពេញលេញ និងយុត្តិធម៌ដល់លោក រ៉ុង ឈុន ដើម្បីបង្កើតបរិយាកាសនយោបាយប្រសើរឡើងវិញ សម្រាប់ការបោះឆ្នោត នាពេលខាងមុខ ក៏ដូចជាការបង្ហាញឱ្យឃើញពីការផ្សះផ្សា បង្រួបបង្រួមជាតិ សាមត្តីភាព ឯកភាពផ្ទៃក្នុងជាតិ ព្រមទាំងការរក្សាបាននូវផលប្រយោជន៍ជូនប្រជាពលរដ្ឋ និងប្រទេសជាតិ ដែលប្រទេសកម្ពុជា កំពុងធ្វើការចរចាការធ្វើពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ដែលជាប្រទេសគាំទ្រលទ្ធិប្រជាធិបតេយ្យនោះ គណបក្សជំនាន់ថ្មី ដែលមានលោកមាជ សុវណ្ណារ៉ា ជាប្រធាន ក៏បានចេញសេចក្ដីថ្លែងការណ៍ ស្នើសុំឲ្យផ្ដល់សម្បទានយោបាយដល់លោករ៉ុង ឈុន ឡើងវិញផងដែរ ។
សេចក្ដីថ្លែងការណ៍ របស់គណបក្សជំនាន់ថ្មី ចុះថ្ងៃអង្គារ ១០កើត ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ មានខ្លឹមសារថា «គណបក្សជំនាន់ថ្មី សូមចូលរួមសោកស្តាយ និងខកចិត្តយ៉ាងខ្លាំងចំពោះសេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃចន្ទ ទី៥ ខែឧសភា ឆ្នាំ២០២៥ ដែលបានសម្រេចផ្តន្ទាទោសលោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ ចំនួន៤ឆ្នាំ ពិន័យជាប្រាក់ ចំនួន៤លានរៀល និងដកហូតសិទ្ធិពលរដ្ឋជាអចិន្ត្រៃយ៍ នូវសិទ្ធិបោះឆ្នោត និងឈរឈ្មោះឱ្យគេបោះឆ្នោត។
គណបក្សជំនាន់ថ្មី យល់ឃើញថា ការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ជាសេចក្តីសម្រេចយ៉ាងអយុត្តិធម៌ ព្រោះថា កន្លងមក លោក រ៉ុង ឈុន បានធ្វើសកម្មភាពក្នុងនាមជាប្រជាពលរដ្ឋម្នាក់ មានការឈឺឆ្អាលកិច្ចការសង្គម និងធ្វើការតស៊ូមតិតាមបែបអហិង្សា ដើម្បីបូរណភាពទឹកដី សិទ្ធិសេរីភាពគ្រូបង្រៀន សហជីព និងសិទ្ធិការងារ កម្មករ កម្មការិនី ជាដើម។
គណបក្សជំនាន់ថ្មី សូមអំពាវនាវស្នើសុំទៅប្រមុខរាជរដ្ឋាភិបាលកម្ពុជា ពិចារណាសម្របសម្រួលទម្លាក់បទចោទនៃសេចក្តីសម្រេចផ្តន្ទាទោសលោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ ដោយផ្តល់សម្បទាធ្វើនយោបាយឡើងវិញ ដើម្បីធានាបានថា លោកមានសិទ្ធិសេរីភាពពេញលេញក្នុងនាមជាពលរដ្ឋម្ចាស់ប្រទេស ដែលធានាការពារដោយរដ្ឋធម្មនុញ្ញ ដើម្បីបង្ហាញពីចេតនានៃការផ្សះផ្សាជាតិ សាមគ្គីជាតិ ឯកភាពជាតិ និងជាពិសេស ធានាបានថា បរិយាកាសការបោះឆ្នោត នាពេលខាងមុខ មានការប្រកួតប្រជែងដោយស្មើភាព» ។

ជាការកត់សង្កត់ធ្ងន់លើខ្លឹមសារនៃសេចក្ដីថ្លែងការណ៍ខាងលើនេះ លោកមាជ សុវណ្ណារ៉ា បញ្ជាក់ថា ក្នុងនាមជាប្រធានគណបក្សជំនាន់ថ្មី លោកចង់ឃើញរដ្ឋាភិបាលមានការសម្របសម្រួលក្នុងផ្នែកនយោបាយណាមួយ បើកលំហលទ្ធិប្រជាធិបតេយ្យ ដោយមិនតែចំពោះលោករ៉ុង ឈុន មួយទេ អ្នកនយោបាយណាក៏ដោយ មិនថាបក្សកាន់អំណាច មិនថាបក្សក្រៅរដ្ឋាភិបាល បក្សជំទាស់ គឺអាចមានសេរីភាពពេញលេញក្នុងការបញ្ចេញមតិ បញ្ចេញសារនយោបាយ ដែលស្របនឹងច្បាប់ និងធានាការពារដោយរដ្ឋធម្មនុញ្ញ ។
លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្ថែមថា “ អ៊ីចឹងហើយសម្រាប់ខ្ញុំជាប្រធានគណបក្សជំនាន់ថ្មី បក្សក្រៅរដ្ឋាភិបាល ខ្ញុំចង់ឃើញរដ្ឋាភិបាលមានការសម្របសម្រួលក្នុងផ្នែកនយោបាយណាមួយ បើកលំហលទ្ធិប្រជាធិបតេយ្យ និងការប្រកួតប្រជែងផ្នែកនយោបាយឲ្យពេញលេញ ឲ្យស្មើមុខ ស្មើមាត់គ្នា មិនថាបក្សតូច បក្សធំ បក្សកាន់អំណាច ឬបក្សក្រៅរដ្ឋាភិបាលណាឲ្យវាដើរនៅក្នុងបន្ទាត់នៃការគោរពនីតិរដ្ឋ បន្ទាត់នៃសង្វៀនប្រកួតប្រជែង ដែលមានការបោះឆ្នោត៥ឆ្នាំហ្នឹង សេរី យុត្តិធម៌ ត្រឹមត្រូវ អាចទទួលយកបាន ។ អ៊ីចឹងហើយមានតែរដ្ឋាភិបាលទេ បើទោះបីតុលាការកាត់ក្ដី កាត់អីក៏ដោយ ប៉ុន្តែការសម្របសម្រួលផ្នែកនយោបាយ វប្បធម៌សន្ទនា យើងឃើញកន្លងមក ដូចជាករណីអតីតប្រធានគណបក្សសង្រ្គោះជាតិ លោកសម រង្ស៊ី លោកកឹម សុខា សុទ្ធតែជម្លោះផ្នែកនយោបាយ ហើយផ្សារភ្ជាប់ទៅនឹងព្រហ្មទណ្ឌ ប៉ុន្តែវប្បធម៌សន្ទនា ការជជែកគ្នា ឯកភាពផ្ទៃក្នុងជាតិ រវាងអ្នកនយោបាយ និងអ្នកនយោបាយ យើងឃើញអាចជជែកគ្នាបាន ហើយយើងអាចសម្របសម្រួល ទម្លាក់បទចោល ឬក៏ការលើកលែងទោសពីព្រះមហាក្សត្រ ដើម្បីឲ្យអ្នកនយោបាយហ្នឹង មិនតែចំពោះលោករ៉ុង ឈុន មួយទេ អ្នកនយោបាយណាក៏ដោយ មិនថាបក្សកាន់អំណាច មិនថាបក្សក្រៅរដ្ឋាភិបាល បក្សជំទាស់ គឺថា មានសេរីភាពពេញលេញក្នុងការបញ្ចេញមតិ ការនិយាយស្ដី ហើយបញ្ចេញសារនយោបាយ វោហារសាស្រ្ត វោហារសព្ទដែលស្របនឹងច្បាប់ ហើយធានាការពារដោយរដ្ឋធម្មនុញ្ញ ខ្ញុំថា អានេះគួរតែបើកសិទ្ធិពេញលេញនៃការប្រកួតប្រជែងស្មើមុខ ស្មើមាត់គ្នានៃអ្នកនយោបាយក្នុងសករាជថ្មី គឺអ្នកបន្តវេននៃបក្សជំនាន់ថ្មី ក៏ដូចជាអ្នកបន្តវេននៃបក្សកាន់អំណាច គឺថា នេះជាគំនិតថ្មីមួយ ជាការចែករំលែកឲ្យគ្នា បំពេញឲ្យគ្នា នៃអ្នកនយោបាយសករាជថ្មី ជំនាន់ថ្មី ឈាមថ្មី គំនិតថ្មី គិតថ្មី ធ្វើថ្មី ដែលយកយុត្តិធម៌មួយចេញពីការបោះឆ្នោត៥ឆ្នាំម្ដង គឺអ្នកឈ្នះ ឈ្នះដោយថ្លៃថ្នូរ ដឹកនាំប្រទេស កសាង អភិវឌ្ឍប្រទេសអ៊ីចឹងទៅ អ្នកចាញ់ មានអាសនៈនៅក្នុងសភា ចូលជាតំណាងរាស្រ្ត តំណាងឲ្យប្រជាពលរដ្ឋ ហើយធ្វើច្បាប់ អនុវត្តច្បាប់ ឃ្លាំមើលការដឹកនាំរបស់រដ្ឋាភិបាល និងទទួលនូវការស្ដាប់ ការចុះមូលដ្ឋាន ថាតើប្រជាពលរដ្ឋចង់បានអី? មានវិបត្តិបញ្ហាសង្គមជាតិបែបណា? ត្រូវដោះស្រាយបែបណា ទៅលើបញ្ហាភាពអយុត្តិធម៌ អំពោះពុករលួយ ការជិះជាន់សិទ្ធិ គំរាមកំហែងផ្នែកនយោបាយអីជាដើម? ជាសរុបទាំងអស់ហ្នឹងហើយ ដែលយើងហៅថា រដ្ឋាភិបាលមួយ នីតិរដ្ឋមួយ ដែលប្រកបទៅដោយនីតិបញ្ញតិ្ត នីតិប្រតិបត្តិ នីតិតុលាការ ហើយយើងធ្វើការបំពេញឲ្យគ្នារវាងបក្សកាន់អំណាច និងបក្សក្រៅរដ្ឋាភិបាល ដែលមានអាសនៈក្នុងសភាហ្នឹង គឺថា យើងប្រដំប្រសងគ្នាទៅ រកខុស រកត្រូវ រកការរីកចម្រើន ការវិវឌ្ឋន៍បែបណា ហើយកុំជាន់ឈ្លី រំលោភអំណាចហួសព្រំដែន តុល្យភាពនៃអំណាច គឺថា យើងមានសេចក្ដីសុខ សុភមង្គល សុខដុមរមនាដល់ប្រទេសជាតិ ដល់ប្រជារាស្រ្តហើយ “ ៕