Sunday, May 4, 2025
Homeព័ត៌មានជាតិបញ្ហាពន្ធអាមេរិក មេបក្សជំនាន់ថ្មី ថារួមគ្នាដោះស្រាយ ប្រសើរជាងបន្ទោសគ្នា​

បញ្ហាពន្ធអាមេរិក មេបក្សជំនាន់ថ្មី ថារួមគ្នាដោះស្រាយ ប្រសើរជាងបន្ទោសគ្នា​

ភ្នំពេញៈ ក្រោយពីបានឮសម្ដេចនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) លើកឡើងកាលពីពេលថ្មីៗនេះថា ការដែលអាមេរិកផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធ (GSP) ដោយសារតែលោក សម រង្ស៊ី អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) និងកញ្ញាកឹ«ម មនោវិទ្យា កូនស្រីលោក កឹម សុខា ហើយធ្វើឲ្យមានប្រតិកម្មពីអតីតថ្នាក់ដឹកនាំនៃអតីតគណបក្សប្រឆាំងនោះ មេបក្សជំនាន់ថ្មី លោកមាជ សុវណ្ណារ៉ា បានលើកឡើងថា អ្នកនយោបាយ គួររួមគ្នាដោះស្រាយពន្ធអាមេរិក ដែលសង្តត់កខ្មែរ ប្រសើរជាងបន្ទោសគ្នា ស្របពេលដែលអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីវឌ្ឍនភាពការងារត្រៀមសម្រាប់ការចរចា លើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ (ពន្ធបដិការ) រវាងកម្ពុជា និងសហរដ្ឋអាមេរិក នឹងប្រព្រឹត្តទៅដោយផ្ទាល់ នៅថ្ងៃទី១៤-១៥ ខែឧសភា ឆ្នាំ២០២៥ នារដ្ឋធានីស៊ីងតោន សហរដ្ឋអាមេរិក  ។

សូមបញ្ជាក់ថា ថ្លែងក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៩ ទិវាពលកម្មអន្តរជាតិ ១ ឧសភា កាលពីថ្ងៃអាទិត្យ ទី២៧ ខែមេសា ឆ្នាំ២០២៥ សម្ដេចហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងថា ការផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធ (GSP) របស់អាមេរិក មានបាតដៃអតីតគណបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) ដឹកនាំដោយលោកសម រង្ស៊ី ។

សម្ដេចនាយករដ្ឋមន្រ្តីហ៊ុន ម៉ាណែត បានមានប្រសាសន៍នៅពេលនោះថា “ កាត់ EBA ក៏មានបាតដៃលោកសម រង្ស៊ី ទៅជួបប្រធាន ។ កាលនោះលោកសម រង្ស៊ី និងកឹម មនោវិទ្យា ក៏បានជួបជាមួយសភាអឺរ៉ុប ទាមទារឲ្យគេបោះឆ្នោតកាត់ EBA ។ អ៊ីចឹងបើអ្នកឯងមិនមែនក្នុងរដ្ឋាភិបាល ប៉ុន្តែអ្នកឯងជាអ្នកនយោបាយ ចាំបាច់តទៅទាមទារឲ្យគេដកធ្វើអី? នៅស្ងៀមទៅ មិនល្អ? ហើយបើទៅជួបជាមួយវិនិយោគបរទេស កុំគំរាមគេ ថាបើឡើងកាន់អំណាច នឹងលុបចោល ។ ទៅទាក់ទាញទៅ! ទៅជួបអាមេរិក ថាអេ្ហ! ខ្ញុំអត់ត្រូវជាមួយរដ្ឋាភិបាលទេ ប៉ុន្តែបងប្អូនខ្ញុំ អ្នកគាំទ្រខ្ញុំក៏មានបោះឆ្នោត ធ្វើការនៅអ៊ីចឹង សុំឲ្យអាមេរិក លើកទឹកចិត្តឲ្យវិនិយោគទៅ ។ បើលើកបែបនេះ គ្មានពីណាថាគទេ មែនទេ? វាមិនមែនរឿងលទ្ធភាពធ្វើទេ យ៉ាងហោចណាស់ក៏មានទឹកចិត្តធ្វើដែរ ហើយសិទ្ធិនៅក្នុងការជួបសំណូមពរ ក្នុងនាមជាអ្នកនយោបាយ ឬជាបុគ្គល ហើយខ្ញុំសុំប្រាប់! អ្នកនយោបាយដូចគាត់ចាញ់ទាំងប្រជាពលរដ្ឋខ្មែរផង ។ ប្រជាពលរដ្ឋខ្មែរយើងមួយចំនួន ពេលដែលគេគិតគូរ ខ្មែរអាមេរិកាំង នាំគ្នាសរសេរសំបុត្រទៅសភារបស់គាត់ ដើម្បីឲ្យអាមេរិកគិតគូរពីការការពារ ថែរក្សា GSP មកដើម្បីការពារអត្ថប្រយោជន៍របស់យើង ។ អ៊ីចឹងបានន័យថា អ្នកនយោបាយប្រឆាំងខ្មែរ គាត់ទៅអាមេរិក គាត់ទៅឲ្យគេកាត់ GSP នៅពេលដែលអាមេរិកធ្វើការវ៉ៃតម្លៃថាឲ្យ ឬមិនឲ្យ ដាក់សម្ពាធ ពេលដែលខ្មែរអាមេរិកាំងមួយចំនួន បានសរសេរសំបុត្រទៅអ្នកនយោបាយអាមេរិកាំង សភាអាមេរិកាំង សុំឲ្យជួយផ្ដល់ការអនុគ្រោះបន្តឲ្យកម្ពុជា ឲ្យបងប្អូនមានការងារធ្វើ ។ នេះវាចាញ់ប្រជាពលរដ្ឋខ្មែរអាមេរិកាំងត្រង់ហ្នឹង ហើយខ្លួនក៏ធ្លាប់នៅក្នុងសភា ស៊ីប្រាក់ខែរដ្ឋ ៥៥កៅអីដែរ…” ។

ជុំវិញការលើកឡើងរបស់សម្ដេចនាយករដ្ឋមន្រ្តីហ៊ុន ម៉ាណែត ខាងលើនេះ លោកមាជ សុវណ្ណារ៉ា អតីតមន្រ្តីជាន់ខ្ពស់ នៃអតីតគណបក្សសង្រ្គោះជាតិ និងបច្ចុប្បន្នជាប្រធានគណបក្សជំនាន់ថ្មី បានលើកឡើងថា ជាសំណូមពរ លោកចង់ឱ្យអ្នកនយោបាយ រួមគ្នាដោះស្រាយរឿងពន្ធ ដែលកម្ពុជាកំពុងប្រឈម និងប្រជាពលរដ្ឋកំពុងចាប់អារម្មណ៍ ប្រសើរជាងស្តីបន្ទោសឱ្យគ្នា ។ ជាពិសេសលោកថា ការរាប់អានជាមួយសហរដ្ឋអាមេរិក វាអាចជាប្រយោជន៍ដ៏ល្អសម្រាប់កម្ពុជា ជាច្រើនវិស័យ ដូចជា លិទ្ធប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស សេដ្ឋកិច្ច សន្តិសុខជាតិ ប្រព័ន្ធសិក្សាធិការ និងវិស័យទេសចរណ៍ ។

លោកមាជ សុវណ្ណារ៉ា បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ថា “ ការរាប់អានជាមួយសហរដ្ឋអាមេរិក វាអាចជាប្រយោជន៍ដ៏ល្អសម្រាប់កម្ពុជា ?

១. លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស៖ ទំនាក់ទំនងជាមួយអាមេរិក វាអាចលើកកម្ពស់តម្លៃប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា ដោយនាំទៅរកការលើកកម្ពស់កេរ្តិ៍ឈ្មោះកម្ពុជា នៅលើឆាកអន្តរជាតិ កាលណាខ្មែរមានឈ្មោះល្អ វាអាចជាការទាក់ទាញការវិនិយោគទុន និងមានការគាំទ្រពីប្រទេសលោកខាងលិចកាន់តែច្រើនថែមទៀត ។

២. ផ្នែកសេដ្ឋកិច្ច៖ កាលណាយើងពង្រឹងទំនាក់ទំនងជាមួយអាមេរិក អាចជួយកម្ពុជាកាត់បន្ថយការពឹងផ្អែកលើតែចិនមួយ ហើយអាចធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាមានពហុវិស័យពីប្រព្រឹត្តិកម្មសេដ្ឋកិច្ចឱ្យកាន់តែច្រើន ហើយបើកាលណាកម្ពុជាជួបនូវហានិភ័យ ឬក៏វិបត្តិទីផ្សារ ក៏យើងមានទីផ្សារផ្សេងដើម្បីទប់ទល់បានដែរ ។

៣. សន្តិសុខជាតិ៖ ក្នុងកិច្ចសហប្រតិបត្តិការជាមួយអាមេរិក វាអាចជួយបង្កើនសមត្ថភាពយោធារបស់កម្ពុជា ហើយនឹងធ្វើឱ្យកម្ពុជាមិនមើលឃើញថាលម្អៀងនូវការថ្លឹងថ្លែងពីឥទ្ធិពលចិនដែលកាន់តែកើនឡើងនៅក្នុងតំបន់ ។

៤. ប្រព័ន្ធសិក្សាធិការ និងវិស័យទេសចរណ៍៖ ទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក គឺវាជួយបង្កើនការផ្លាស់ប្តូរអ្នកទេសចរ រីឯការសិក្សាវិញក៏ផ្តល់នូវការពង្រីកធនធានមនុស្ស ការលើកកម្ពស់នៃទំនាក់ទំនងជាតិសាសន៍ឱ្យគ្នាទៅវិញទៅមក និងការជួយបង្កើនសមត្ថភាពផងដែរ ខណៈមានពលរដ្ឋខ្មែរ~អាមេរិកាំង ដែលបាននិងកំពុងរស់នៅលើទឹកដីសហរដ្ឋជិត១លាននាក់ ។

ដូច្នេះទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក វាអាចនាំមកនូវអភិបាលកិច្ច ឬការដឹកនាំ ដែលអាចឱ្យកម្ពុជាចូលរួមកិច្ចការច្រើនសម្រាប់ពិភពលោក ដូចជាបញ្ហាការប្រែប្រួលអាកាសធាតុ បញ្ហាសុខភាព និងការអភិវឌ្ឍន៍សេដ្ឋកិច្ច អ្វីជារួមដែលកម្ពុជាធ្វើបាន គឺដើម្បីពលរដ្ឋខ្មែរដែលជាអ្នកទទួលផលប្រយោជន៍ “ ។

បន្ថែមលើសំណេរតាមបណ្ដាញសង្គម ខាងលើនេះ លោកមាជ សុវណ្ណារ៉ា បានប្រសាសន៍ប្រាប់ “នគរធំ” នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ថា  “ បាទ! យើងប្ដូរទម្លាប់អ្វីដែលយើងធ្វើធ្លាប់ឈ្លោះប្រកែកគ្នា នៃអ្នកនយោបាយនិងអ្នកនយោបាយ នៃគំនុំបុគ្គល ឬការចន្លោះប្រហោងបែបណា នៃការដឹកនាំរបស់បក្សកាន់អំណាច ហើយបក្សក្រៅរដ្ឋាភិបាលរិះគន់ស្ថាបនាបែបណា ហើយក្នុងគ្រាមានអាសន្ននៃសង្គមជាតិមានវិបត្តិ? វិបត្តិសេដ្ឋកិច្ច វិបត្តិបែកបាក់ផ្ទៃក្នុងជាតិ ឬក៏វិបត្តិផ្នែកពន្ធដារ ជំនួញជួញដូរ ពាណិជ្ជកម្ម ក្នុងសេដ្ឋកិច្ចបែបណា យើងមើលឃើញដូចជាទិដ្ឋភាពជាក់ស្ដែងការដំឡើងពន្ធគយពីសហរដ្ឋអាមេរិក ដល់ទៅ៤៩% ។ អ៊ីចឹងអ្នកនយោបាយ ទាំងបក្សកាន់អំណាច ទាំងបក្សក្រៅរដ្ឋាភិបាល ត្រូវរិះរកគ្រប់មធ្យោបាយ វិធីសាស្រ្តបែបណា ដើម្បីជាមធ្យោបាយមួយយកមកគិតប្រមើលថា តើមកពីកំហុសនៃកម្ពុជា ពាក់ព័ន្ធទៅនឹងការមិនមានតម្លាភាព មិនបានបង្ហាញនូវភាពស្អាតស្អំ? ឬក៏ក្នុងមធ្យោបាយងងឹតណា អាថ៌កំបាំងបិទបាំងបែបណា ទាក់ទៅនឹងកូតា ទាក់ទងទៅនឹងទំនិញសព្វសារពើ ដែលផលិត ដែលជាចង្វាក់ផលិតកម្ម ជាពិសេសគឺខាងក្រុមហ៊ុនអ្នកវិនយោគទុនចិនស្ទើរតែជិត៥០%ជាងហ្នឹង គឺថា មានការបង្កើតនូវរោងចក្រផលិតកសិឧស្សហកម្ម ឬក៏រោងចក្រវាយនភ័ណ្ឌ សម្លៀកបំពាក់ ខោអាវ កាបូប ស្បែកជើងអីហ្នឹង វាពិតជាបានធ្វើ ឬក៏ការផលិតនៅប្រទេសណាមួយ ឬក៏អាចចូល ឬក៏របៀបលក់កូតា ឡៃសិនបែបណាអី អាហ្នឹងសុទ្ធតែជាការដែលយើងត្រូវយកមកប្រមូលនូវសំណុំរឿងបញ្ហាដាក់នៅក្នុងការជជែកជាមួយនឹងក្រុមរបស់សហរដ្ឋអាមេរិក តាមរយៈក្រសួងពាណិជ្ជកម្មអាមេរិក ក៏ដូចជាក្រសួងការបរទេស នៃសហរដ្ឋអាមេរិក ហើយក្រុមកម្ពុជា គណៈកម្មការចំពោះកិច្ច ដឹកនាំដោយឧបនាយករដ្ឋមន្រ្តីស៊ុន ចាន់ថុល ក៏ដូចជារដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ចម និម្មល អីជាដើមហ្នឹង គឺថា យើងត្រូវឲ្យពហុគំនិតគ្នា ពីហេតុផលអី បានជាសុខៗគេដំឡើងពន្ធដ៏ខ្ពស់កប់ពពក? ខណៈដែលកម្ពុជាយើងធ្លាប់អនុគ្រោះពន្ធពីឆ្នាំ១៩៩៧ ហើយមកដល់ឆ្នាំ២០២០ គឺត្រូវបានគេព្យួរ៥ឆ្នាំហើយ ពី២០២០ មកដល់២០២៥ “ ។

លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្តថា “ អាហ្នឹងហើយដែលយើងត្រូវបង្កើតនូវក្រុមការងារពិសេសណាមួយ ដើម្បីធ្វើការពន្យល់ បកស្រាយ ហើយសួរមកក្រុមការងារពាណិជ្ជកម្មរបស់សភាអាមេរិកាំងហ្នឹង តាមរយៈក្រសួងពាណិជ្ជកម្មអាមេរិក ក្រសួងការបរទេសអាមេរិក ប្រចាំនៅកម្ពុជា តាមរយៈស្ថានទូតអាមេរិកប្រចាំកម្ពុជា ក៏ដូចជាក្រសួងការបរទេសហ្នឹង គឺថា យើងត្រូវសួរ ត្រូវនាំ ត្រូវបង្ហាញដោះស្រាយបញ្ហាបែបណា? អាហ្នឹងហើយដែលជាការចាប់ផ្ដើមថា នៅពេលដែលយើងមានវិបត្តិហិរញ្ញវត្ថុ វិបត្តិពន្ធដារ ដែលជាផលប្រយោជន៍ជាតិ ផលប្រយោជន៍ប្រជារាស្រ្តរួមនោះ យើងត្រូវផ្អាក ត្រូវឈប់ស្ដីបន្ទោសគ្នា ហើយរួមគ្នារកដំណោះស្រាយរវាងអ្នកនយោបាយ ទាំងបក្សកាន់អំណាច ទាំងបក្សក្រៅរដ្ឋាភិបាល ហៅថា បក្សជំទាស់ បក្សប្រឆាំងហ្នឹង បង្ហាញទៅ បង្ហាញវិធីសាស្រ្តបែបណា ដោះស្រាយទាន់យើងនៅពេល៩០ថ្ងៃ មានន័យថា ៣ខែ ហើយគេយកពន្ធអន្តរកាលតែ១០%ទេ ក្នុងចន្លោះនៃ៣ខែហ្នឹង ។ អ៊ីចឹងយើងត្រូវរកគន្លឹះនៃយុទ្ធសាស្រ្តសេដ្ឋកិច្ច ពាណិជ្ជកម្ម ជួញដូរទ្វេភាគីជាមួយអាមេរិកហ្នឹង ដើម្បីឲ្យវាធូរស្រាលមកវិញ វាប្រសើរជាងដែលយើងមិនបានបង្ហាញ មិនបានទទួលការពិតនូវបញ្ហា កំហុសខុសឆ្គងបច្ចេកទេស ឬក៏អំពើពុករលួយ ឬក៏ការមិនផ្ដល់នូវជំនឿជឿជាក់ ទំនុកចិត្តឲ្យគ្នាទៅវិញទៅមកបែបណា អាហ្នឹងហើយជាដំណោះស្រាយចុងក្រោយ ដែលខ្ញុំថា យើងត្រូវតែបញ្ចប់អាបញ្ហាជម្លោះបុគ្គល ជះទឹកដាក់គ្នា នៃអ្នកនយោបាយបក្សកាន់អំណាច និងអ្នកនយោបាយក្រៅរដ្ឋាភិបាល បក្សជំទាស់ បក្សប្រឆាំងអីហ្នឹង ក្នុងអន្តរកាលណាដែលយើងកំពុងតែជួបវិបត្តិពន្ធគយពីសហរដ្ឋអាមេរិក នោះ ហើយកម្ពុជា យើងដឹងហើយថា ទីផ្សារនៅអាមេរិកធំធេងណាស់នៅលើពិភពលោក អ្នកណាក៏ចង់រកស៊ីដៃគូទ្វេភាគីជាមួយគ្នាដែរ ដើម្បីនាំទំនិញរបស់ខ្លួន ដែលផលិតនៅក្នុងស្រុក ហើយនាំចេញមកសហរដ្ឋអាមេរិក ។ ហើយយើងឃើញថា បើយើងបង្កើតការរាប់អាន បង្កើតទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិក យើងអត់មានអ្វីដែលត្រូវខុសឆ្គងទេ រដ្ឋធម្មនុញ្ញធានានិងការពារនូវអធិបតេយ្យភាព មិនជាប់ចំណង មិនឱនក្បាលដាក់បរទេស មិនអាចបរទេសណាមកដាក់ឥទ្ធិពលសម្ពាធនយោបាយដល់កម្ពុជា ក្រៅពីកម្ពុជាមានទំនាក់ទំនងនយោបាយការបរទេស ទំនាក់ទំនងការទូត ក៏ដូចជាទំនាក់ទំនងជួញដូរសេដ្ឋកិច្ច ពាណិជ្ជកម្មទេ្វភាគី ពហុភាគី ជាមួយនឹងសហគមន៍អន្តរជាតិ ហើយយើងដឹងហើយថា កម្ពុជា ក្រោយពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១មក គឺកម្ពុជាត្រូវបានធានាអះអាងដោយរដ្ឋបរទេស ពីការពារអធិបតេយ្យភាពដែលមិនអាចឲ្យរដ្ឋបរទេសណារំលោភបំពាននូវអធិបតេយ្យភាព បូរណភាពទឹកដី ឯករាជ្យភាព អព្យាក្រឹត ក្រៅតែពីសន្យា និងប្ដេជ្ញាជួយកសាងកម្ពុជា អភិវឌ្ឍ ឲ្យប្រទេសកម្ពុជាមានការរីកចម្រើនរុងរឿងទៅមុខ ដោយជំនួយឥតសំណង ឬក៏ប្រាក់កម្ចី ពីអតីតប្រទេសចុះហត្ថលេខីទាំង១៨ហ្នឹង រួមទាំងមហាអំណាចអាមេរិក មហាអំណាចចិន ប្រទេសជិតខាង មានយួន មានសៀម មានឡាវ និងប្រទេសនោក្នុងសហភាពអឺរ៉ុប និងប្រទេសលោកខាងលិចអីជាដើម សុទ្ធតែយើងមានចំណងមេត្រីភាពនៅក្នុងរកស៊ីជំនួញជួញដូរ ទំនាក់ទំនងនយោបាយការទូត មានមិត្ត តែគ្មានសត្រូវ “ ។

លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្តទៀតថា “ អ៊ីចឹងខ្ញុំថា ការរាប់អានជាមួយអាមេរិកហ្នឹង វាមានអត្ថប្រយោជន៍ដ៏ល្អសម្រាប់កម្ពុជា នៅពេលដែលកម្ពុជាអនុវត្តនូវស្ថាប័នក្នុងការគោរពនូវគោលការណ៍នីតិរដ្ឋ មានន័យថា គោលការណ៍ប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ធ្វើឲ្យកម្ពុជាហ្នឹងមានកេរ្តិ៍ឈ្មោះល្អ អាចមានការជឿជាក់ពីវិនិយោគទុន ជឿជាក់នឹងច្បាប់ នៃការគោរពនីតិរដ្ឋ មករកស៊ី មកអីទៅ ហើយមានការរាប់អានគ្នាជាមួយនឹងប្រទេសលោកខាងលិច ដែលគេរីកចម្រើន ជាប្រទេសមហាអំណាចអី មិនថាសហភាពអឺរ៉ុប មិនថាអាមេរិក អូស្រ្តាលី បារាំង កាណាដា អីហ្នឹង វាសុទ្ធតែជាផលចំណេញ កើតពីការមានទំនុកទុកចិត្តគ្នា ស្អាតស្អំ ស្មោះត្រង់ដៃគូ ក្នុងការធ្វើវិនិយោគ រកស៊ី ក្នុងការដាក់ទូត ចរចាការទូត ដើម្បីឲ្យបំពេញស្មើមុខ ស្មើមាត់ឲ្យគ្នា ដោយគ្មានការកេងប្រវ័ញ្ចគ្នា បឺតឈាមគ្នា ឬក៏ចាត់ទុកមិនស្មើប្រទេសនិងប្រទេស រដ្ឋនិងរដ្ឋ ។ អាហ្នឹងវាជារឿងល្អសម្រាប់កម្ពុជា ហើយនិយាយអំពីបញ្ហាសេដ្ឋកិច្ច គឺយើងដឹងហើយថា យើងចាប់យកប្រទេសមហាអំណាចទាំងពីរហ្នឹង វាអត់មានអីខុសទេ ព្រោះវាសុទ្ធតែធានាការពារដោយរដ្ឋធម្មនុញ្ញ ការរកស៊ីជួញដូរអីហ្នឹង គឺថា យើងកុំលម្អៀង កុំវ៉ៃប្រហារ លើកដាក់ ទម្លាក់ចុះមហាអំណាចណាមួយ ចាប់ចិន ទាត់អាមេរិកចោល ចាប់អាមេរិក ទាត់ចិនចោល យើងមិនមែនមានគោលនយោបាយបក្សសម្ព័ន្ធទេ គឺថា យើងឈរនៅលើប្រទេសអព្យាក្រឹត ឯករាជ្យ មិនចូលបក្សសម្ព័ន្ធណាមួយ ។ អ៊ីចឹងយើងប្រើគោលនយោបាយទំនាក់ទំនងសកលភាវូបនីយកម្ម ជួញដូរទ្វេភាគីតាមបែបដែលគ្មានមហាអំណាចណាមួយមកគាបសង្កត់អធិបតេយ្យភាពយើងបាន ។ អាហ្នឹងហើយគឺបញ្ហាសេដ្ឋកិច្ចជួញដូរជាមួយអាមេរិក ដែលមានទីផ្សារលក់ទំនិញរហូតទៅដល់១ឆ្នាំ កម្ពុជាអាចលក់ចង្វាក់ផលិតកម្មនាំពីកម្ពុជាចូលមកសហរដ្ឋអាមេរិក បើទោះបីអ្នកវិនិយោគទុនណាគេមករកស៊ីនៅស្រុកខ្មែរ ហើយមានអ្នកវិនិយោគទុនចិន រហូតទៅដល់ជាង៥០% បន្ទាប់មកមានកូរ៉េ មានជប៉ុន មានយួនអី ថៃអីអ៊ីចឹងទៅ គឺមានទំហំទឹកប្រាក់ជិត១ម៉ឺនដុល្លារសហរដ្ឋអាមេរិក ក្នុង១ឆ្នាំ ។ អាហ្នឹងយើងនិយាយពីនីតិវិធីដែលយើងមានទំនាក់ទំនងសេដ្ឋកិច្ចជាមួយអាមេរិក ហើយនៅសន្តិសុខជាតិអីហ្នឹង បញ្ហាការពារជាតិអី គឺថា យើងបានធ្វើការសមយុទ្ធគ្នាទៅ អីទៅ យើងមានសមត្ថភាពកម្លាំងទ័ព យើងអាចមានជំនួយផ្នែកយោធា ដែលមិនអាចថាយើងមិនទទួលយក ហើយមិនមែនជារឿងខុសច្បាប់អីទេ គឺថា ជំនួយឥតសំណង ដែលយើងធ្លាប់មានកន្លងមក អតីតកាលម្ភៃសាមសិបឆ្នាំនេះ តែទើបយើងមានការប្រេះស្រាំជាមួយសហរដ្ឋអាមេរិកហ្នឹង រយៈពេលបីបួនឆ្នាំចុងក្រោយនេះ គឺយើងត្រូវស្ដារឡើងវិញ ស្ដារអំពីទំនាក់ទំនងយោធា ក៏ដូចជាសន្តិសុខជាតិ ខណៈដែលកម្ពុជាកំពុងស្ថិតនៅក្នុងចន្លោះនៃភូមិសាស្រ្តនយោបាយរវាងមហាអំណាចអាមេរិក និងមហាអំណាចចិន ហើយយើងមិនទាន់និយាយទៅដល់ឥទ្ធិពលនៃប្រទេសយួន ទៅទៀត ដែលអតីតកាលប្រវត្តិសាស្រ្ត អតីតកាលនយោបាយនៃការចងសម្ព័ន្ធភាពមិត្តម៉ឺនឆ្នាំអីអ៊ីចឹងទៀត ហើយបើនិយាយអំពីបញ្ហាទេសចរណ៍ ទំនាក់ទំនងជាមួយអាមេរិក ក៏បានចំណេញភ្ញៀវទេសចរណ៍ ព្រោះយើងដឹងហើយ អាមេរិកជាប់ចំណាត់ថ្នាក់លេខ២ បន្ទាប់ពីចិន ក្នុងការទៅទស្សនាប្រាង្គប្រាសាទអង្គរវត្ត និងប្រទេសកម្ពុជា ប៉ុន្តែបើយើងពង្រឹងសន្តិសុខ យើងពង្រឹងផ្នែកច្បាប់ ការគោរពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យនោះទៀត យើងកាន់តែមានការដោះដូរអ្នកទេសចរណ៍អាមេរិកាំងហ្នឹងទៅស្រុកខ្មែរកើនឡើង ហើយយើងចំណេញសព្វគ្រប់បែបយ៉ាង បានផល់ប្រយោជន៍ដល់ប្រជាពលរដ្ឋ ដល់អី “ ។

លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្ថែមថា “ អាទាំងអស់ហ្នឹងហើយ ដែលសុទ្ធតែជាការរាប់អានអត់មានអីត្រូវខាតទេ ហើយអាមេរិកក៏មិនអាចទៅដាក់សម្ពាធនយោបាយ ឬក៏លូកផ្ទៃក្នុងជាតិ ធ្វើឲ្យបែកបាក់អធិបតេយ្យជាតិរបស់កម្ពុជាដែរ ព្រោះកម្ពុជាដើរនៅក្នុងជំហរដែលមហាអំណាចទាំងអស់ ទាំង៥មហាអំណាចហ្នឹង មានចិន មានអាមេរិក មានអង់គ្លេស មានបារាំង មានរុស្ស៊ី អីហ្នឹង គឺថា គេមិនលូកលាន់ផ្ទៃក្នុងកម្ពុជា ឬក៏រំលោភអធិបតេយ្យភាពកម្ពុជា ឲ្យផ្ទុយពីរដ្ឋធម្មនុញ្ញ ពិសេសដែលអនុលោមពីសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ ដែលមហាអំណាចទាំង៥ហ្នឹង បានដុតដៃ ដុតជើងឲ្យកម្ពុជាមានរបបសេរីពហុបក្ស ក្រោមការដឹកនាំនៃរបបរាជានិយម មិនអាចផ្លាស់ប្ដូរបានជាដាច់ខាតអីហ្នឹង សុទ្ធតែជារឿងដែលយើងមិនខាតបង់ ហើយនិយាយពីរឿងប្រព័ន្ធសិក្សាធិការ គឺថា យើងដោះប្ដូរការមកពង្រីក បង្កើនធនធានមនុស្ស របៀបអភិបាលកិច្ច ការងាររដ្ឋបាលសាធារណៈអី យើងចូលរួមធ្វើការដោះប្ដូរអនុស្សរណៈឲ្យគ្នាអី យកធនធានមនុស្សមកពង្រីកលើទឹកដីអាមេរិក ដែលជាប្រទេសមហាអំណាចខាងបច្ចេកវិទ្យា ខាងយោធា ខាងចំណេះដឹងពិភពលោកមួយ ដែលយើងអាចចូលរួមដោះស្រាយជាមួយគ្នា មិនថាបញ្ហាបម្រែបម្រួលអាកាស បញ្ហាសុខភាព ឬក៏ការអភិវឌ្ឍសេដ្ឋកិច្ចយើង រវាងការមើល ការចេះ ការដឹង ទាំងបច្ចេកវិជ្ជាទំនើប ទាំងការបង្ហាញនូវភាពខ្លាំងខាងសេដ្ឋកិច្ច និងទំនាក់ទំនងអន្តរជាតិ នយោបាយការបរទេស ការទូត ទៅនឹងវិស័យសិល្បៈ វប្បធម៌បែបណាអី សុទ្ធតែជារឿងដែលយើងត្រូវតែមានមិត្តភាពរវាងកម្ពុជា-អាមេរិក អាមេរិក-កម្ពុជា ហើយយើងមានខ្មែររស់នៅតាំងពីទសវត្សរ៍ឆ្នាំ១៩៧០ ១៩៨០ ១៩៩០ រហូតបន្តបន្ទាប់ វាមានអតីតជនភៀសខ្លួន វាមានជនអន្តោប្រវេសន៍ខ្មែរយើងមកនៅអាមេរិកហ្នឹង មកដល់ឥឡូវហ្នឹង វាមិនតិចជាង១លាននាក់ទេ ។ អ៊ីចឹងយើងឃើញថា កូនខ្មែរ ពលរដ្ឋខ្មែរអាមេរិកាំងហ្នឹង គាត់អាចទំនាក់ទំនងគ្នា ចាប់ដៃធ្វើការរកស៊ីរវាងខ្មែរនិងខ្មែរ រវាងខ្មែរនិងជាតិអាមេរិកកាំង មានទំនុកចិត្ត ការយល់គ្នាអំពីវប្បធម៌ប្រពៃណី ពូជសាសន៍ ផ្ដល់នូវការរស់នៅក្នុងជីវភាព ទៅនឹងប្រពៃណី វប្បធម៌ អ្វីដែលជាការប្លែក មានន័យថា ការកែច្នៃប្លែក គិតថ្មី ធ្វើថ្មី ដើម្បីផ្ដោះប្ដូរ យល់គ្នាអំពីពូជសាសន៍ រវាងខ្មែរនិងអាមេរិកាំង ដូចដែលយើងមានតាំងពីសម័យបុរេប្រវត្តិ សម័យបុរមបុរាណមកហ្នឹង គឺយើងមើល! តាំងពីសម័យព្រះថោង នាងនាគ កោណ្ឌញ្ លីវយី ហ៊ុនទៀន អីហ្នឹង គឺថា ប្រពៃណីរវាងខ្មែរនិងចិនហ្នឹង វាមានយូរលង់ណាមកហើយ រាប់រយសតវត្សរ៍ ហើយបន្តមកជាមួយនឹងជនជាតិខាងពួកអឺរ៉ុប ពួកអីហ្នឹង ឥឡូវនេះ យើងផ្សារភ្ជាប់ពួកបស្ចឹមប្រទេស លោកខាងលិច អាមេរិកអីអ៊ីចឹងទៅ គឺថា វាសុទ្ធតែជាការស្រស់បំព្រងគ្រប់ជ្រុងជ្រោយនៃនយោបាយការបរទេស នយោបាយជំនួញសេដ្ឋកិច្ច ពាណិជ្ជកម្ម ទៅនឹងនយោបាយទេសចរណ៍ វិស័យទេសចរណ៍ និងវិស័យសិក្សាធិការ អប់រំអីហ្នឹង គឺថា យើងពង្រីក បង្កើនធនធានមនុស្សឲ្យគ្នា វាមិនមែនជារឿងខុសឆ្គងទេ “ ៕

សូមបញ្ជាក់ថា ជុំវិញ្បញ្ហាចរចារឿងពន្ធបដិការសហរដ្ឋអាមេរិក លើទំនិញកម្ពុជា នេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីវឌ្ឍនភាពការងារត្រៀមសម្រាប់ការចរចា លើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ (ពន្ធបដិការ) រវាងកម្ពុជា និងសហរដ្ឋអាមេរិក នឹងប្រព្រឹត្តទៅដោយផ្ទាល់ នៅថ្ងៃទី១៤-១៥ ខែឧសភា ឆ្នាំ២០២៥ នារដ្ឋធានីស៊ីងតោន សហរដ្ឋអាមេរិក  ។

សេចក្ដីប្រកាសព័ត៌មាន របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃសុក្រ ៦កើត ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥ មានខ្លឹមសារទាំងស្រុងថា “ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា មានកិត្តិយសសូមជម្រាបជូនសាធារណជន មេត្តាជ្រាបថាៈ នា​ព្រឹក​ថ្ងៃ​ទី​២ ខែ​ឧសភា​ ឆ្នាំ២០២៥ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ (CDC) ឯកឧត្ដម ស៊ុន ចាន់ថុល ឧប​នាយករដ្ឋមន្ត្រី និងជាអនុប្រធានទី ១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកជំទាវ ចម និម្មល រដ្ឋ​មន្ត្រី​ក្រសួងពាណិជ្ជកម្ម បានដឹកនាំ​ក្រុម​ការងារ​ចំពោះ​កិច្ច​សម្រប​សម្រួល​ទំនាក់​ទំនង​ពាណិជ្ជ​កម្ម និងវិនិយោគទ្វេភាគី​ កម្ពុជា-សហរដ្ឋអាមេរិក បានជួបប្រជុំទ្វេភាគី​ តាមប្រព័ន្ធវីដេអូ ជាមួយនឹង​​តំណាង​ពាណិជ្ជកម្មសហរដ្ឋអាមេរិក ដែល​ដឹកនាំដោយលោកស្រី Sarah Ellerman អនុ​ប្រធាន​តំណាង​ពាណិជ្ជកម្មសហរដ្ឋអាមេរិក ទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក។

កិច្ចប្រជុំពិភាក្សានេះ ផ្ដោតសំខាន់លើវឌ្ឍនភាពការងារ និងការត្រៀមសម្រាប់ការចរចា លើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ រវាងកម្ពុជា និងសហរដ្ឋអាមេរិក ដែលនឹងប្រព្រឹត្តទៅដោយផ្ទាល់ នៅថ្ងៃទី១៤-១៥ ខែឧសភា ឆ្នាំ២០២៥ នារដ្ឋធានីវ៉ាស៊ីងតោន ។

​រាជរដ្ឋាភិបាលដែលមាន​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នឹង​បន្ត​ធ្វើកិច្ចការងារនេះ ដោយយកចិត្តទុកដាក់បំផុត ។

អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជា្របជាព័ត៌មាន “ ។

RELATED ARTICLES