អូស្ត្រាលី ៖ អតីតតារាសម្តែងល្បីឈ្មោះ លោកស៊ុក សុភា ដែលសព្វថ្ងៃកំពុងរស់នៅប្រទេសអូស្ត្រាលី បើកភោជនីយដ្ឋាន ជាមួយភរិយានោះ ថ្មីៗនេះ បន្ទាប់ពីលោកបានមកលេងស្រុកកំណើត ហើយបានបង្ហោះសារជាបន្តបន្ទាប់ ក្នុងន័យគាំទ្របក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា ស្របពេលដែលពួកប្រឆាំងនៅក្រៅប្រទេសមួយចំនួន កំពុងផុលផុលក្នុងការប្រឆាំងនឹងគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) នោះ ស្រាប់តែមានប្រតិកម្មពីលោកស្រី លុយ សារីណា ភរិយារបស់លោក ដោយលោកស្រីបានសួរទៅលោកស៊ុក សុភា ថា គេឲ្យប៉ុន្មាន បានខំម៉្លេះ? ហើយលោកស្រីបានឆ្លើយដោយខ្លួនឯងថា គ្មានដែលបាន ១រៀលទេ តែទោះបីជាបានរាប់លាន ក៏ទិញក្បាលលោកស្រីមិនបានដែរ។ លោកស្រីជាភរិយាលោកស៊ុក សុភា បានព្រមានថា ប្ដីក៏ដោយ បើខុសជ្រុងហើយ លោកស្រីតម្រង់ឲ្យត្រូវជ្រុងវិញមិនបាន មានតែយកភ្លើងមកដុតដែកនោះឲ្យទន់សិន ទន់ហើយចាំពត់ តែបើពត់មិនមក មានតែគ្រវាត់ចោល (លែងក្បាលចោល)។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ នៅពេលមកលេស្រុកកំណើត លោកស៊ុក សុភា បានបង្ហោះក្នុងគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់លោក នូវរូបភាពអនុស្សាវរីយ៍ នៅលើទឹកដីខេត្តមណ្ឌលគិរី ជាមួយសំណេរថា «អនុស្សាវរីយ៍នៅលើទឹកដីខេត្តមណ្ឌលគិរី សម័យនេះហើយ គ្មានប្រទេសណាមកយកខេត្តយើងងាយៗទេ មែនទេបងប្អូន?»។

បន្ទាប់មក នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ លោកស៊ុក សុភា បានបង្ហោះរូបភាពនៅវិមាន ២ធ្នូ ក្នុងខេត្តក្រចេះ ជាមួយសំណេរថា «ប្រវត្តិនៃថ្ងៃកំណើតរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ឬហៅថា រណសិរ្ស ២ធ្នូ ដែលបង្កើតឡើងនៅថ្ងៃ2 ធ្នូ 1978 ដែលគិតមកដល់ពេលនេះ គឺមានរយៈពេលជិត 46ឆ្នាំហើយ។ រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ត្រូវបានកើតឡើងដោយកម្លាំងមហាសាមគ្គីប្រជាជន ទាំងក្នុងនិងក្រៅប្រទេស ហើយដែលប្រមុខរដ្ឋាភិបាលសព្វថ្ងៃ ជាអ្នករៀបចំកម្លាំងផ្ដួលរំលំរបបប៉ុល ពត និងទទួលបានជ័យជម្នះ នៅថ្ងៃទី7 មករា ឆ្នាំ1979។ ទឹកដីខេត្តក្រចេះ»។

បន្ទាប់ពីបានឃើញសំណេររបស់លោកស៊ុក សុភា ជាស្វាមី ខាងលើនេះ ស្រាប់តែលោកស្រីលុយ សារីណា បានបញ្ចេញប្រតិកម្មភ្លាមៗ តាមរយះសំណេរក្នុងគណនីហ្វេសប៊ុក របស់លោកស្រី ទាំងយប់ ដោយលោកស្រីបញ្ជាក់ថា ដោយសារស្វាមីលោកស្រីដេកលក់ទៅហើយ ទើបលោកស្រីត្រូវបញ្ចេញសារព្រមានប្តី តាមបណ្តា ញសង្គមបែបនេះ។

លោកស្រី លុយ សារីណា បានសរសេរនៅរាត្រីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ ថា «ថារកដេកហើយ តែដល់គេផ្ញើមកឲ្យអាននូវសំណេររបស់ប្ដីខ្ញុំហើយ មានអ្នកជេរគាត់ច្រើនក្នុងរឿងនេះ ក្នុងនាមជាប្រពន្ធ ឃើញខុសថាខុស ឃើញត្រូវថាត្រូវ!!!
មនុស្សដូចខ្ញុំ តាំងពីដើមមក ថាខ្ញុំជាមនុស្សបែបណា ថាបើមិនខាំខ្ញុំមុន ខ្ញុំអត់ខាំអ្នកឯងវិញទេ ហើយទម្រាំខ្ញុំខាំវិញ គឺខ្ញុំទ្រំឆ្អែតរាប់ឆ្នាំ ទឹកដល់ច្រមុះ ទើបខ្ញុំលេងវិញ។ មនុស្សដូចជាខ្ញុំ មានហេតុមានផលច្បាស់លាស់ណាស់។ អ្នកដឹងបានដឹង នៅឡើយអ្នកល្ងង់ដែលមិនដឹង ហើយដែលគិតថាខ្ញុំនេះមានពេលទំនេររឿងឥត ប្រយោជន៍ ក៏ស្រេចតែតាមខួររបស់អ្នកទៅ ខ្ញុំអត់ប្រកាន់ទេ។
កុំតែយប់ម៉ោង១ ទើបចេញពីហាង ដល់ផ្ទះ ដាក់ក្បាលដល់ខ្នើយទេ កុំអីឡាយដាក់ចំៗឲ្យតែម្ដង!!!
ហើយមានស្អីជាសំអាង បានជាហ៊ានប្រើពាក្យមកថា សម័យនេះហើយ គ្មានប្រទេសណាហ៊ានមកយកខេត្តយើងបានងាយៗទេ?

អានហើយក្ដៅហ្មង កុំថាតែអ្នកដទៃ សូម្បីតែខ្ញុំជាប្រពន្ធ ក៏ខ្ញុំអត់គាំទ្រនឹងពាក្យនេះដែរ! បើមិនបានប្រាប់ មិនថាទេ ទាំងដែលខ្ញុំទើបតែប្រាប់សោះថា ប្រវត្តិសាស្រ្ដ គឺធ្លាប់បាត់បង់ទឹកដីហើយ មានដែលដឹងឬអត់? ឬមួយក៏ចាញ់ខ្ញុំដែលជាក្មេងដែលធំនៅស្រុកគេទេ? ខ្ញុំខំអានឲ្យយល់ដឹងប្រវត្តិសាស្រ្ដខ្មែរ កុំឲ្យគេក្លែងបន្លំបាន ម៉េចបានមិនយល់ បើស្រួសយល់សឹងអីលោក ស៊ុក សុភា???»។
លោកស្រី សារីណា បន្តថា «ឬមួយក៏យល់ដែរ តែធ្វើមិនយល់? គេឲ្យប៉ុន្មាន បានខំម៉្លេះ? គ្មានដែលបាន ១រៀលទេ តែទោះបីជាបានរាប់លាន ក៏ទិញក្បាលស្ដ្រីម្នាក់នេះមិនបានដែរ បើខ្ញុំឃើញថាវាខុសហើយនោះ។ ហើយបើតាមខ្ញុំដឹង គ្មានដែលបាន ១សេនទេ កុំខំពេក កុំភ្លេចពេលដែលគេជេរយើង មានអស់លោកអង្គណាចេញរកយុត្តិធម៌ឲ្យទេ? បើតាមការសង្កេតមើល គឺមានតែអ្នកស្រុកក្រៅទេដែលគេយល់ដឹងច្បាស់ពីច្បាប់ ពីរបៀបទម្លាប់រស់នៅស្រុកគេ ដែលគេគាំទ្រ ហើយមិនសូវមានអ្នកជេរនៅពេលនោះ តែបើអ្នកនៅខ្មែរ គឺសឹងតែ ៨០ទៅ៩០% ហើយដែលគេជេរតាមគ្នា ចុះម្ដេចក៏នៅតែខំម៉្លេះ? ពេលគេត្រូវការប្រើក្បាល ទើបមានអ្នកទាក់ទងមក ពេលដែលមិនអាចទៅជួយបាន គ្មានអ្នកអើពើមកទៀតទេ ត្រូវអត់? មិនត្រឹមតែប៉ុណ្ណឹងទេ ថែមទាំងទីបំផុត រឿងស ប្រែទៅជាខ្មៅ ខ្មៅប្រែទៅជាស ហើយគេលើកកំហុសដាក់មកយើងអីខ្លះ នៅមិនយល់ទៀតឬ?

ចំពោះខ្ញុំ អត់ចេះតែស្ករ ឬឆ្អិនក្បាលស៊ីក្បាល ឆ្អិនកន្ទុយស៊ីកន្ទុយទេ ប្ដីក៏ដោយ តែខុសថាខុស ត្រូវថាត្រូវ! បើមិនបាននិយាយប្រាប់ជារឿយៗ ហើយពន្យល់យ៉ាងល្អិតល្អន់ទេ មកប្រើពាក្យបែបហ្នឹងក៏មិនថាដែរ តែនេះហេតុផលពន្យល់ឡើងច្បាស់ៗ មកធ្វើសរសេរបែបហ្នឹង អានហើយចង់ក្អួត និយាយមែន កុំខំពេក! ខំតែធ្វើម្ហូបឲ្យភ្ញៀវឲ្យទាន់ទៅបានហើយ ដើម្បីកុំឲ្យមានអ្នកដៀលថា ជាសត្វប្រឡាំងកាស ទាំងដែលអ្នកស្រុកនេះ គេឃើញ គេឲ្យតម្លៃទៅបង ដែលខំជួយការងារប្រពន្ធ មើលថែកូនៗ និងធ្វើការ គេមិនដែលដៀលផង គឺមានតែអ្នកនៅខ្មែរ មួយចំនួនធំ ដែលជេរមក តែស្ករៗតាមគ្នា»។
ភរិយាលោកស៊ុក សុភា បន្តថា «បើគ្មានលុយបង់ហាង គ្មានពួកអ្នកស្រុកខ្មែរ ឯណាមកចេញឲ្យយើងទេ ហើយបើតាមតែបទពិសោធន៍កន្លងមក គឺមានតែអ្នកស្រុកក្រៅទេ ដែលខំប្រមូលលុយទៅជួយអ្នកក្រនៅខ្មែរ ឥតល្ហែ ល្មមដឹងខ្លួនហើយ រួមទាំងយើងដែរ អស់ប៉ុន្មានហើយ?ប្រយ័ត្នតែខ្ញុំទ្រំលែងបាន ហែករឿងរ៉ាវដែលកើតឡើងកន្លងមក ដោយការដោះស្រាយដ៏ថោកទាប ហើយចោទមកលើខ្ញុំទាំងអស់ ឲ្យខ្ទេច។ មេរៀននេះហើយ ដែលធ្វើឲ្យខ្ញុំលែងតែកាន់ជឿជាក់ទៅលើប្រទេសខ្ញុំ។ ខ្ញុំធ្លាប់ទៅលេង កាលពីពេលថ្មីៗ ហើយស្រែកថា ចង់ទៅទៀត តែដល់ការដោះស្រាយយ៉ាងអយុត្តិធម៌មកលើរូបខ្ញុំ ខ្ញុំខ្ពើមហើយនៅពេលនេះ ខ្ញុំមិនចង់ត្រឡប់ទៅវិញ លុះត្រាណាតែប្រទេសខ្ញុំ មានភាពយុត្តិធម៌ច្បាស់លាស់ ហើយមានសិទ្ធិបញ្ចេញយោបល់ ដោយគ្មានការដាក់ ទោស ឬបិទមាត់ ពេលដែលយើងហ៊ាននិយាយការពិត»។

លោកស្រី លុយ សារីណា បន្តទៀតថា «Souk Sorphea សព្វថ្ងៃនេះប្ដីល្អ ឪពុកល្អហើយ ហើយបានរស់នៅលើទឹកដីដែលមានសិទ្ធិសេរីភាព មានយុត្តិធម៌ពេញទី មានសព្វគ្រប់បែបយ៉ាង កុំក្បត់ឧត្ដមគតិខ្លួនឯង កុំតែស្ករ កុំឆ្អិនក្បាលស៊ីក្បាល ឆ្អិនកន្ទុយស៊ីកន្ទុយ ហើយក៏កុំឲ្យចាញ់ខ្ញុំដែលជាក្មេងស្រុកក្រៅ ដែលយល់ដឹងពីទុក្ខលំបាកបងប្អូននៅខ្មែរ ជាងឲ្យសោះ បើខ្លាំងមែន មិនមែនកន្លងមក បងប្អូនដែលនៅស្រុកក្រៅ ទាំងអ្នកមានឬក្រ គេសុខចិត្តដាក់លុយទៅជួយអ្នកអត់នៅស្រុកខ្មែរទេ ទាន់?!!!!!

ប្ដីក៏ដោយវើយ… តែបើខុសជ្រុងហើយ តម្រង់ឲ្យត្រូវជ្រុងវិញមិនបាន មានតែយកភ្លើងមកដុតដែកនោះឲ្យទន់សិន ទន់ហើយចាំពត់ ពត់មិនមក គ្រវាត់ចោល ចប់! កុំជោរ ខ្ញុំគឺជាខ្ញុំ អត់ថោកទាបតាមគេបញ្ជាទេ ព្រោះខ្ញុំរស់នៅលើទឹកដីដែលមានសិទ្ធិ ហើយរស់នៅបែបឯករាជ្យ»៕ ខៀវទុំ
