Saturday, May 16, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមលោកសង្ឃ បួសសន្សំលុយសង់ផ្ទះ ជួលឲ្យក្រុមឆបោកអនឡាញ

លោកសង្ឃ បួសសន្សំលុយសង់ផ្ទះ ជួលឲ្យក្រុមឆបោកអនឡាញ

ខេត្តបន្ទាយមានជ័យ ៖ ជារឿងដ៏គួរឱ្យភ្ញាក់ផ្អើល និងហួសចិត្តបំផុត ខណៈដែលកម្លាំងសមត្ថកិច្ច ចុះបង្ក្រាបបទល្មើសឆបោកអនឡាញ ដោយឃាត់ខ្លួនជនបរទេស ប្រមាណ ១៣០នាក់ ដែលស្នាក់នៅផ្ទះ មួយកន្លែង ស្ថិតក្នុងភូមិទួលពង្រ សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ស្រាប់តែស្រាវជ្រាវឃើញថា ម្ចាស់ផ្ទះជួលឲ្យក្រុមឆបោកអន ឡាញនោះ គឺជាព្រះសង្ឃ ធ្វើឱ្យមហាជន ពុទ្ធបរិស័ទ លាន់មាត់គ្រប់គ្នាថា លោកសង្ឃអង្គនេះ ពិតអ្នកបួសសន្សំទ្រព្យមែន ដោយមានលទ្ធភាពសង់ផ្ទះ ថ្មីសន្លាង ចំនួន១០បន្ទប់ បំពាក់សុទ្ធតែម៉ាស៊ីនត្រជាក់ ដាក់ជួលឱ្យជនបរទេស បានចំណូលក្នុងមួយខែៗ រាប់ពាន់ដុល្លារ។

ព្រះសង្ឃដែលមានផ្ទះល្វែង ជួលឱ្យក្រុមជនបរទេសឆបោកអនឡាញនោះ មានព្រះនាម ភិក្ខុ គាត សីហា ហៅ គឹម សុខជា ព្រះជន្ម ៣៧វស្សា បច្ចុប្បន្នគង់នៅវត្តរតនារាម ផ្សារកណ្តាល ស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ប្រភពត័ត៌មាន បានឱ្យដឹងថា កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ កម្លាំងចម្រុះ ដឹកនាំដោយ អគ្គស្នងការរងនគរបាលជាតិ បានចុះបង្ក្រាបក្រុមជនបរទេសឆបោកអនឡាញ ប្រមាណ១៣០នាក់ ដែលស្នាក់នៅផ្ទះ មួយកន្លែង ស្ថិតក្នុងភូមិទួលពង្រ សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ក្រោយសមត្ថកិច្ចឡោមព័ទ្ធ និងស្រាវជ្រាវរកម្ចាស់ផ្ទះ ឱ្យមកចូលរួមមើលសកម្មភាពអាជ្ញាធរចុះបោសសម្អាតបទល្មើសឆបោកអនឡាញ (Online Scams) ស្រាប់តែមានការភ្ញាក់ផ្អើលថា ម្ចាស់ផ្ទះជួលនោះ ជាព្រះសង្ឃ ព្រះនាម គាត សីហា ហៅគឹម សុខជា ជាហេតុធ្វើឱ្យមហាជន ក៏ដូចជាសមត្ថកិច្ច នៅក្នុងរង្វង់ប្រតិបត្តិការនោះ ស្រឡាំកាំងគ្រប់គ្នា។

សមត្ថកិច្ចម្នាក់ បានលើកឡើងថា ខ្លួនខំធ្វើការបម្រើជាតិ ជិតចូលនិវត្តន៍ទៅហើយ នៅតែផ្ទះជួល ចាញ់ព្រះសង្ឃ គាត សីហា ហៅគឹម សុខជា មានលុយទិញដី សង់ផ្ទះថ្មីសន្លាង ចំនួន១០បន្ទប់ បំពាក់សុទ្ធតែម៉ាស៊ីនត្រជាក់ ដាក់ជួលឱ្យជនបរទេស បានចំណូល ក្នុងមួយខែៗ រាប់ពាន់ដុល្លារ។

ទោះជាបែបនេះក្តី ព្រះគ្រូ សិរីរក្ខិតវង្ស តែម ម៉ាច ព្រះចៅអធិការវត្តរតនារាម ផ្សារកណ្តាល បានឱ្យដឹងថា “រឿងភិក្ខុ គាត សីហា ហៅគឹម សុខជា មានផ្ទះជួលនោះ អាត្មាអត់បានដឹងទេ…”។

ជុំវិញការភ្ញាក់ផ្អើលនេះ ភិក្ខុ គាត សីហា ហៅគឹម សុខជា មិនទាន់បកស្រាយ ឬពន្យល់ពីមូលហេតុដែលបួសជាសង្ឃ មានផ្ទះជួលធំស្កឹមស្កៃនេះទេ។

លោកវរសេនីយ៍ទោ រ៉េន សុភ័ក្ត អធិការរងទួលផែនព្រហ្មទណ្ឌកម្រិតស្រាល នគរបាលក្រុងប៉ោយប៉ែត បានឱ្យដឹងថា អាជ្ញាធរបានឱ្យភិក្ខុសង្ឃ គាត សីហា ម្ចាស់ផ្ទះជួលនោះ និមន្តទៅគង់នៅវត្តរតនារាម វិញហើយ មិនបានឃុំព្រះកាយព្រះអង្គទេ។

ចំណែកព្រះអនុគណក្រុងប៉ោយប៉ែត ភិក្ខុ បោ សុខឿន បានមានថេរដីកាថា “អាត្មាពិតជាហួសចិត្ត ដ្បិតថារឿងបែបនេះ ក៏អ្នកបួសយើងធ្វើទៅរួចដែរ។ វាខុសធ្ងន់ណាស់ គ្មានអ្នកបួសឯណាគេធ្វើបែបនេះឡើយ អ្នកបួសឯណាធ្វើអាជីវកម្ម ដូចឧបាសកនោះ?…”។

យ៉ាងណា បញ្ហានេះ ព្រះអង្គថា ចាំមើលព្រះចៅអធិការវត្ត មានវិធានការបែបណា លើភិក្ខុ ដែលគង់ក្នុងអារាមដែលខ្លួនគ្រប់គ្រងនោះ។

ជាមួយគ្នានេះ ព្រះអនុគុណក្រុងប៉ោយប៉ែត ថានេះជារឿងថ្មីមួយទៀតហើយ សម្រាប់សង្គមសង្ឃ នៅក្នុងក្រុងប៉ោយប៉ែត តទៅមុខព្រះអង្គនឹងមានផែនការកោះប្រជុំព្រះមន្ត្រីសង្ឃ លើបញ្ហាប្រឈមនេះ បើពុំនោះទេ សាស នាព្រះពុទ្ធ មុខជាដើរថយក្រោយហើយ…៕

RELATED ARTICLES