Monday, May 20, 2024
Homeតារាខ្មែរឌី សូនីតា ៖១៦​ខែ អត់បាន១បទ ?

ឌី សូនីតា ៖១៦​ខែ អត់បាន១បទ ?

ភ្នំពេញ៖រយៈពេល១ឆ្នាំកន្លះមកហើយដែលក្រោយពីតារាចម្រៀងឌី សូនីតា បានលើកពានI Am A Singer Cambodia រដូវកាលទី៣ របស់ហង្សមាស តារាកូន១រូបនេះមិនបានធ្វើឲ្យទីផ្សារចម្រៀងរបស់នាងមានការប្រែប្រួលឡើយ ប៉ុន្ដែគេបែជាមិនដែលឃើញបទចម្រៀងរបស់នាងចេញ១បទណានៅហង្សមាសគួរឲ្យចាប់​អារម្មណ៍ទៅវិញ ដែលផ្ទុយពីម្ចាស់ពានកម្មវិធីមួយនេះនៅរដូវកាលទី១លោកដួង វីរៈសិទ្ធ និងវី ឌីណែត ដែលសុទ្ធតែធ្លាប់ត្រូវបានផលិតកម្មមួយនេះឡង់សេទាំងអស់ក្រោយពួកគេលើកពានភ្លាមៗ។ប៉ុន្ដែសម្រាប់សូនីតា វិញនាងបែជាគ្មានឱកាសទៅវិញបើទោះជានាងអាចច្រៀងបានជាច្រើនទម្រង់ ហើយសម្ថភាពរបស់នាងបាន​យកឈ្នះតារាចម្រៀងអាជីពជាច្រើនដួងរហូតក្លាយទៅជាម្ចាស់ពានI Am A Singer Cambodia រដូវកាលទី៣ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ក្ដី ។

 ឌី សូនីតា មិនអាចទក់ទងបានទេកាលពីរសៀលថ្ងៃទី៧ ខែឧសភា ព្រោះទូរស័ព្ទតេមិនចូល។ទោះជាយ៉ាងណាគេឃើញសូនីតា នៅតែចេញបទចម្រៀងនិងសកម្មភាពសិល្បៈនៅខាង​ក្រៅហង្សមាសដូចមុន។ចំណែកតារា​ហង្សមាសដែលស្និតសូនីតា បានប្រាប់អ្នកយកព័តមានយើងកាលពីពេលថ្មីៗនេះថាការដែលសូនីតា មិនទទួលបានបទចម្រៀង ឬការងារសិល្បៈពីហង្សមាសក្រោយនាងលើកពាននោះគឺអាចមកពីនាងមិនចុះកុងត្រាជាមួយហង្សមាសច្រើនជាង មិនមែន​ថៅកែហង្សមាសមើលរំលង ឬនាងមិនសំខាន់នោះទេ ។ប្រភពបានឲ្យដឹងថាសូនីតា ដឹងខ្លួនថាហង្សមាសប្រជុំទៅដោយតារាខ្លាំងៗ ហេតុនេះហើយការប្រជែងឬដណ្ដើមភាពលេច​​​ធ្លោប្រាកដ​ជាពិបាកទើបនាងសុខចិត្តធ្វើបទចម្រៀងនៅខាងក្រៅដោយខ្លួនឯង បើទោះ​ជា​ប្រឈមចំណាយលុយលើការ​ផលិត​​MV ផ្ទាល់ខ្លួនក្ដី ។

 សូមបញ្ជាក់ថាជាលើកទី១ហើយដែលហង្សមាសជ្រើសបានម្ចាស់ពានI Am A Singer Cambodia ជាតារានៅខាងក្រៅផលិតកម្មរបស់ខ្លួន ខណៈដែលដួង វីរៈសិទ្ធ និងវី ឌីណេត បានពាននេះមុនឌី សូនីតា ពេលនោះពួក​គេសុទ្ធតែជាតារាហង្សមាស ប៉ុន្ដែពេលនេះលោកវីរៈសិទ្ធ ជ្រកនៅរាម ខណៈដែលឌីណែត ធ្លាប់ប្រកាសជំហរចង់បញ្ចប់អាជីពកាលពីឆ្នាំ២០២០ តែ​បច្ចុប្បន្ននៅតែជាតារាហង្សមាសដដែល ។សម្រាប់សូនីតា វិញរយៈពេលចុងក្រោយនេះនាងមិនសូវមានមុខលើសារព័តមានទេ ហេតុនេះហើយបានជាមិនលេចធ្លោដូចមុនទៀតក្រោយលើកពាន១ឆ្នាំកន្លះមកនេះ ។

គួរំលឹកថាឌី សូនីតា ធ្លាប់ជំពប់រឿងស្នេហាជាមួយតារាសម្ដែងរូបសង្ហារលោកអាឡិច ហ្សូរ៉ា រហូតដល់គេសង្ស័យ​ថាកូនស្រីនាងអាយុជាង៣ឆ្នាំ ជាតំណក់ឈាមរបស់លោកហ្សូរ៉ា ទៀតផង ។ប៉ុន្ដែការពិតអ្វីៗបានបញ្ជាក់ច្បាស់ថាលោកហ្សូរ៉ា គ្រាន់តែដើរតួនាទីជាបុរសបាំងមុខប្រុសស្នេហ៍ពិតរបស់សូនីតា ប៉ុណ្ណោះ ។ចំណែកសូនីតា វិញរហូតមកដល់ពេលនេះនាងនៅតែមិនហ៊ានបង្ហាញមុខប្ដីជាសាធារណៈម្ដងណាឡើយ ហេតុនេះបុរសណាឲ្យពិតប្រាកដថាជាឪពុកកូនស្រីនាងនៅតែជាអាថ័កំបាំងតទៅទៀត ។

 ក្រៅពីឌី សូនីតា តារាដែលយកកូនមុនរៀបការមានដូចជាអ្នកនាងខាត់ សុឃីម ,យុគ ចិន្ដា ,សុន ស្រីពេជ្រ ,ផាត់ ផាន់ណា ,ឌុច លីដា,នៅ សូនិតា ,ពេជ្រ សូលិកា និងកែវ ពេជ្រពិសី ជាដើម ។មជ្ឈដ្ឋានមហាជនមើលឃើញថាការបាត់បង់ឱកាសឡង់សេពីហង្សមាសទៅលើឌី សូនីតា ធ្វើឲ្យនាងខាតលុយធំ ព្រោះបណ្ដារConcerts ក្រៅStudio របស់ផលិតកកម្មនេះដែលម្ចាស់ពានភាគច្រើនត្រូវប៉ាន់កើបលុយនៅរដូវក្ដៅនោះគ្មានមុខតារាកូន១តាមឆាកធំៗទាំងនោះឡើយ ៕

RELATED ARTICLES