Monday, May 20, 2024
Homeតារាខ្មែរពេជ្រ សោភា រកបានដៃគូថ្មីជំនួសព្រាប សុវត្ថិ

ពេជ្រ សោភា រកបានដៃគូថ្មីជំនួសព្រាប សុវត្ថិ

ភ្នំពេញ៖រយៈពេលជាង៣ឆ្នាំមកហើយដែលពេជ្រ សោភា ច្រៀងដោយគ្មានដៃគូច្បាស់​លាស់​ទេ បន្ទាប់ពីព្រាប សុវត្ថិ បានដើរចេញពីហង្សមាសគឺនាង​ច្រើនតែចេញបទ​ទោល និងច្រៀងជាមួយតារាវ័យក្មេងជាងខ្លួនដូចជាថ្មីៗនេះចេញបទ​ចូលឆ្នាំខ្មែរនាងចាប់​ដៃ​ជាមួយលោកលីម តិច​ម៉េង ,នាង ដាវីន ,ស៊ឹម ច័ន្ទពន្លឺ និងថុល សុភិទិ ជាដើម ។ប៉ុន្ដែនៅដើម​ឆ្នាំ​២០២៤ នេះដែរពេជ្រ សោ​ភា រកបានដៃគូថ្មីច្បាស់លាស់ជំនួសព្រាប សុវត្ថិ ហើយនោះគឺ​តារាចម្រៀងរោមទ្រូងច្រើនលោកឆន សុវណ្ណារាជ ដែលនេះមិនមែនជាការចាប់ដៃគូ​គ្នាជា​លើកដំបូងបំផុតនោះទេ ព្រោះអ្នកទាំងពីរ​ក៍ធ្លាប់ធ្វើជាដៃគ្នាកាលពីឆ្នាំ២០១៥ -២០១៦ ផង​ដែរ។អ្វីដែលគួរឲ្យកត់​សម្គាល់ពេជ្រ សោ​ភា និងឆន សុវណ្ណារាជ មកលើកនេះមិនដូចពីមុន​នោះទេ ពោលគឺហាក់លើសពីដៃគូធម្មតា ព្រោះ​មានពេលខ្លះអ្នកទាំងពីរអោបថើបគ្នាលើឆាក​ទៅតាម​អត្ថន័យបទចម្រៀងតែម្ដង ដែលធ្វើឲ្យFan ទាំងសង​ខាងស្រឡាំងកាំង ។សោភា ដែលមានអាយុ៤១ឆ្នាំ បងសុវណ្ណារាជ ២ឆ្នាំ (៣៩ឆ្នាំ)​នោះនាងធ្លាប់សរសើរលោកព្រាប សុវត្ថិ ថាបានជួយនាងច្រើនតាមរយៈការចាប់ដៃគូគ្នាកន្លង​មក​ដែល​នាងជាអ្នកតោងកាលីពលោក​ឧក​ញ៉ា​ស្នាយ ។ប៉ុន្ដែសោ ភា ក៍ធ្លាប់និយាយលើកពីគុណ​សម្បត្តិ​របស់សុវណ្ណារាជ ដែរថាអំ​ឡុង​ពេលនាងធ្លាក់កូដនៅឆ្នាំ២០១៥ ហើយពេលនោះ​សុវ​ណ្ណា​រាជ កំពុងតែឡើងល្បី​ល្បាញ​ខ្លាំង​​គឺមានតែរាជ នេះហើយដែលព្រម​ចាប់ដៃគូជាមួយ​នាង ។ពេលនេះរំលងបានជាង៨ឆ្នាំ សោភា -រាជ បានវិលមកចាប់ដៃគូគ្នាសារជាថ្មីម្ដងទៀត ខណៈ​ដែល​ថ្មីៗនេះបទចម្រៀង​របស់​សុវណ្ណារាជ រងការរិះគន់ដូចទឹកបាក់ទំនប់នោះសោភា បាន​ចេញ​​មុខភ្លាមៗដើម្បី​ការពារនិង​លើក​ទឹកចិត្តបុរសរោមទ្រូងច្រើនរូបនេះយ៉ាងពេញ​ទំហ៊ឹងតែម្ដង។

 សូមរំលឹកថាក្រៅពីព្រាប សុវត្ថិ តារាវ័យ៤១ឆ្នាំពេជ្រ សោភា ធ្លាប់បានចាប់ដៃគូជាមួយ​តារា​ប្រុសមួយចំនួនទៀតមានដូចជាលោកងួន ចាន់ដេវីត ,Step ,ហ្សូណូ និងឈឿន ជាលឿយ ជាដើម ប៉ុន្ដែអ្នក​ជំនាញសិល្បៈបានអះអាងថាក្នុងចំណោមនោះសោភា ជោគជ័យ​ខ្លាំងបំផុតគឺច្រៀង​ចង្វាក់​រ៉េប​ជាមួយងួន ចាន់ដេវីត ។ដោយឡែកសម្រាប់ការវិលរកបាន​ដៃគូ​ចាស់វិញរបស់សោភា នា​ពេ​ល​​នេះគេមិនទាន់អាចសន្និដ្ឋានបានទេថា​ទីផ្សារចម្រៀងរបស់អ្នក​ទាំងពីរនឹងបោះ​ពួយ​ទៅ​មុខទៀត ឬយ៉ាងណាឡើយ ព្រោះបច្ចុប្បន្នតារាវ័យក្មេងរបស់​ហង្ស​មាសមានបរិមាណកាន់តែច្រើនពោលគឺឡើងគជាន់ជើងគ្នា ហើយសោភា ធ្លាប់ប្រាប់អ្នក​យក​ព័ត​មានយើងថា​នៅ​ពេ​ល​​នាងមានអាយុច្រើនជាងនេះបន្ដិចនោះនឹងប្រឹងនិពន្ធ​បទចម្រៀង​ឲ្យតារាក្មេងៗនៅ​ហង្ស​មាស​​​ច្រៀងហើយនាងអង្គុយស្ដាប់វិញម្ដង។

 គេកត់សម្គាល់ថាអំឡុងពេលដែលពេជ្រ សោភា ចាប់ដៃលោករាជ សារជាថ្មីដោយ​មាន​​​​ពេល​ខ្លះអ្នកទាំងពីរអោបថើបគ្នាលើឆាកយ៉ាងស្អិតល្មូតនោះគូដណ្ដឹងរបស់នាងលោកឆឹម សក្កដា ឯណ្ណោះវិញបែជាចេញសារយ៉ាងចម្លែកៗដែលបង្ហាញសញ្ញា​ថាចំណងស្នេហារបស់​ពួក​គេអាចនឹងមានការប្រែប្រួល។កាលពីថ្ងៃទី៣ ខែមេសា លោកសក្កដា ទម្លាយសារថាលោក​ចង់​ធ្វើអត្តឃាត ហើយនៅពេលមិត្តភក្ដិសួររកហេតុផលនៃការចង់បញ្ចប់ជីវិត​នោះលោកថា​”រស់​នៅគ្មានន័យ” ។ប៉ុន្ដែនៅពេលដែលអ្នកយកព័តមានយើងសួរសោភា ពាក់ព័ន្ធរឿងលោក​សក្កដា ចង់ជ្រើសផ្លូវបិទភ្នែកជារៀងរហូតលែងដកដង្ហើម​នេះនាងបែជាថាមិនដឹង​រឿងអ្វីទាំង​អស់​ទៅវិញ ដោយលើកហេតុផលថារវល់ការងារសិល្បៈ​និងលេងហ្វេសុបកផ្ដោតតែ​លើ​ការធ្វើបទចម្រៀងនិងការច្រៀងសម្ដែងប៉ុណ្ណោះ។អ្វីដែលគូរឲ្យកត់សម្គាល់ផងដែរនៅថ្ងៃនាងដួង ម៉ានិច្ច រៀបការប្ដីនៅឆ្នេរមួយនៅខេត្តព្រះសីហនុដែលតារាភាគ​ច្រើនបណ្ដើរគ្នាជាគូ​ទៅ​ចូលរួមរៀងៗខ្លួននោះគេឃើញលោកសក្កដា ទៅបង្ហាញខ្លួនតែម្នាក់ឯងនិងដោយទឹក​មុខ​ក្រៀម​ក្រំហាក់​គ្មាន​អារម្មណ៍ក្នុងខ្លួនទៅវិញ។Fan របស់សោភា បារម្ភថាបើតារាហង្ស​មាស​រូបនេះនៅតែ​ពន្យា​ពេលរៀបការជាមួយលោកឆឹម សក្កដា តទៅទៀតនោះចំណងស្នេហា​មួយនេះអាចនឹង​ក្រ​ឡាប់​​​ចាក់ជាមិនខាន ។

 មជ្ឈដ្ឋានមហាជនបានលើកឡើងថាពេជ្រ សោភា ដែលយកការងារសិល្បៈធំ​ជាង​ស្នេ​ហានោះអាចនឹងជួបវិបត្តិស្នេហ៍ជាលើកទី៣ ប្រសិនបើនាងនិងសង្សារកាន់តែរយាលៗគ្នា​បែបនេះតទៅទៀត។​តែសោភា វិញបែជាថាសព្វថ្ងៃក្រៅពីផ្ដោតលើការងារសិល្បៈនាង​គ្មាន​គិតលើរឿងអ្វីផ្សេង​ទៀត​នោះទេ ពិសេសគឺរឿងរៀបការអត់ទាន់បានត្រៀមខ្លួននៅឆ្នាំ២០២៤ នេះឡើយ៕

RELATED ARTICLES