Sunday, May 19, 2024
Homeតារាខ្មែរទូច ស៊ុននិច អំពាវនាវជនរួមជាតិខ្មែរ ធ្វើសមាធិ បួងសួងឱ្យនាងដើរបានវិញ

ទូច ស៊ុននិច អំពាវនាវជនរួមជាតិខ្មែរ ធ្វើសមាធិ បួងសួងឱ្យនាងដើរបានវិញ

ភ្នំពេញ ៖ អតីតតារាចម្រៀងល្បីឈ្មោះ កញ្ញា ទូច ស៊ុននិច ដែលរងការបាញ់ប្រហារពីខ្មាន់កាំភ្លើង បណ្តាលឱ្យរងរបួសធ្ងន់ រហូតធ្លាក់ខ្លួនពិការ អង្គុយតែលើរទេះរុញ សព្វថ្ងៃស្នាក់នៅបន្តព្យាបាលនៅសហរដ្ឋអាមេរិក អស់រយៈពេលជាង ២០ឆ្នាំមកហើយនោះ ពេលនេះនាងបានចេញមុខអំពាវនាវដល់ជនរួមជាតិខ្មែរ ជួយធ្វើសមាធិ បួងសួងឱ្យអ្នកនាងបានជាសះស្បើយ និងអាចដើររួចវិញឆាប់ៗ។

ទូច ស៊ុននិច បានអំពាវនាវបែបនេះ តាមរយៈសារសំឡេង បង្ហោះតាមបណ្តាញសង្គម ដែល «នគរធំ» ទទួលបាននៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ ។

ក្នុងសារសំឡេងនោះ កញ្ញា ទូច ស៊ុននិច បានថ្លែងថា “ជម្រាបសួរដល់លោកយាយ លោកតា អ៊ំពូមាមីង អស់ លោក លោកស្រី និងបងប្អូនទាំងអស់ ទាំងនៅក្នុងប្រទេសខ្មែរក្តី និងនៅទូទាំងសកលលោកក្តី គឺនាងខ្ញុំសូមជម្រាបសួរ ដោយក្តីនឹករលឹកពីចម្ងាយ! ពេលមុននេះ នាងខ្ញុំបានអំពាវនាវនិងសំណូមពរដល់លោក លោកស្រី ម្តងរួចមកហើយ គឺសូមឱ្យអស់លោក លោកស្រីទាំងអស់ ជួយធ្វើសមាធិ បន់ស្រន់ ដើម្បីឱ្យនាងខ្ញុំបានជា ដើររួចឡើងវិញ ហើយការធ្វើសមាធិនេះ គឺត្រូវការចំនួនអ្នកសមាធិ ១៥០០នាក់ ប៉ុន្តែមកទល់នឹងពេលនេះ ចំនួនអ្នកធ្វើសមាធិ គឺមិនទាន់បានគ្រប់ចំនួននៅឡើយទេ ហេតុដូច្នេះហើយ ទើបពេលនេះ នាងខ្ញុំសូមអំពាវនាវ និងសំណូមពរជាថ្មីម្តងទៀត ដល់ព្រះសង្ឃគ្រប់អង្គ លោកយាយលោកតា អ៊ំពូ មាមីង និងអស់លោកលោកស្រី បងប្អូនទាំងអស់ សូមមេត្តាជួយធ្វើសមាធិ និងបន់ស្រន់ដល់ព្រះ ដើម្បីឱ្យនាងខ្ញុំឆាប់បានជា ដើររួចឡើងវិញ ឱ្យបានគ្រប់ៗគ្នាផង»។

កញ្ញាទូច ស៊ុននិច បន្តថា «ការធ្វើសមាធិនេះ បងប្អូនគ្រាន់តែចំណាយពេលវេលាទំនេរប្រមាណពី១០ ទៅ១៥នាទី ឬក៏លើសពីនេះក៏បាន ដោយបងប្អូនអាចអង្គុយ ឬសម្រាន្តធ្វើសមាធិក៏បាន តែរបៀបសមាធិ គឺអស់ លោក លោកស្រី បិទភ្នែក ផ្ចង់អារម្មណ៍ឱ្យស្ងប់ស្ងាត់ ដាក់បាតដៃទាំង២ ផ្ងារឱ្យឃ្លាតពីគ្នាប្រហែល ១ចំអាម ហើយគិតក្នុងចិត្តថា នៅចន្លោះដៃទាំង២នោះ គឺមានវត្ថុមួយដែលមានបារមីពូកែស័ក្តិសិទ្ធិ ហើយប្អូននិយាយបួងសួងថា សូមបារមីស័ក្តិសិទ្ធិ មេត្តាជួយព្យាបាលកញ្ញាទូច ស៊ុននិច ឬទូច ស្រីនិច ឱ្យនាងមានសុខភាពល្អ បានជាសះស្បើយ និងដើររួចវិញឆាប់ៗនេះផង! ៥នាទីម្តង បងប្អូនបួងសួងពាក្យដដែលនេះ ប្រាប់ទៅបារមីម្តងទៀត រហូតដល់បងប្អួនបញ្ចប់ការសមាធិ…”។

ទូច ស៊ុននិច បានបន្តថា “នាងខ្ញុំត្រូវការការជួយពីអស់លោក លោកស្រី និងបងប្អូនទាំងអស់ គ្រប់សាសនាទាំងអស់ ដោយមិនកំណត់ថាសាសនាមួយណាទេ ដោយបងប្អូនគ្រាន់តែបួងសួងទៅដល់ព្រះ និងប្រាប់ឈ្មោះនាងខ្ញុំ ទូច ស៊ុននិច ឬទូច ស្រីនិច ហើយសូមឱ្យព្រះ ជួយព្យាបាលនាងខ្ញុំ ឱ្យបានជា និងដើររួចឆាប់ៗនេះ នោះផលបុណ្យ និងការបួងសួងរបស់អស់លោក ទៅដល់ព្រះ នឹងបានមកដល់នាងខ្ញុំ ដោយបានព្យាបាលនាងខ្ញុំបានជា ដើររួចវិញឆាប់ៗនេះជាមិនខាន។ ទោះបីជាអស់លោក លោកស្រី និងបងប្អូនទាំងអស់ មិនមានជំនឿទៅលើបារមីក៏ដោយ ឱ្យតែបងប្អូនមានចិត្តអាណិតស្រលាញ់នាងខ្ញុំ និងមានបំណងចង់ឱ្យនាងខ្ញុំបានជាដើររួចវិញ ចេញពីទឹកចិត្ត ចេញពីបេះដូងរបស់បងប្អូន នោះការបួងសួងរបស់បងប្អូន គឺប្រាកដជាមានប្រសិទ្ធភាព និងបានសម្រេច…”។

កញ្ញាទូច ស៊ុននិច បានអំពាវនាវទៀតថា “ជាថ្មីម្តងទៀត នាងខ្ញុំសូមអំពាវនាវ និងសំណូមពរចំពោះព្រះសង្ឃគ្រប់អង្គ លោកយាយ លោកតា អ៊ំពូមាមីង អស់លោក លោកស្រី និងបងប្អូនទាំងអស់ សូមមេត្តាបងប្អូនជួយធ្វើសមាធិ បន់ស្រន់ដល់ព្រះ ដើម្បីឱ្យនាងខ្ញុំ ឆាប់បានជា ដើររួចវិញផង។ ក្នុងឱកាសនេះដែរ ខ្ញុំព្រះករុណា នាងខ្ញុំ សូមថ្លែងអំណរគុណ ចំពោះព្រះថេរានុត្ថេរ:គ្រប់អង្គ លោកយាយ លោកតា អ៊ំពូមាមីង អស់លោកលោកស្រី និងបងប្អូនទាំងអស់ ដែលពេលមុន បានធ្វើសមាធិ បន់ស្រន់ដល់ព្រះរួចហើយ ហើយនាងខ្ញុំ ក្នុងនាមជាសា ស្ត្រាចារ្យមួយរូប ក៏សូមថ្លែងអំណរគុណដល់ប្អូនៗ និងក្មួយៗ ដែលជាសិស្សានុសិស្សទាំងអស់ ដែលបាននាំគ្នាជួយធ្វើសមាធិ បន់ស្រន់នេះ គឺអ្នកគ្រូ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ប្អូនៗ និងក្មួយៗទាំងអស់គ្នា។ នាងខ្ញុំសង្ឃឹមថា អស់លោក លោកស្រីទាំងអស់ ប្រាកដជាជួយនាងខ្ញុំ ក្នុងការធ្វើសមាធិ ហើយផលបុណ្យ និងកម្លាំងបារមីនៃការធ្វើសមាធិ និងការបន់ស្រន់ដល់ព្រះ របស់អស់លោក ប្រាកដជាបានមកជួយនាងខ្ញុំ និងព្យា បាលនាងខ្ញុំ ឱ្យបានឆាប់ជា ដើររួចវិញ ជាក់ជាមិនខាន…”។

គួររំលឹកថា អតីតតារាចម្រៀង ទូច ស៊ុននិច ត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារ ប៉ងផ្តាច់ជីវិតកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០០៣ បណ្តាលឱ្យនាងស្ទើរតែបាត់បង់ជីវិត ហើយត្រូវជម្លៀសចេញទៅរស់នៅសហរដ្ឋអាមេរិក ក្នុងនាមជាជនភៀសខ្លួន ក្រោមការជួយជ្រោមជ្រែងរបស់រដ្ឋាភិបាលអាមេរិក។ មកទល់សព្វថ្ងៃ ទូច ស៊ុននិច កំពុងរស់នៅក្នុងពិការភាព អង្គុយតែលើរទេះរុញ មិនអាចកម្រើកខ្លួនមួយកំណាត់ក្រោមបាន ដោយមានឪពុករបស់នាង និងប្អូនៗមើលថែ៕

RELATED ARTICLES