Friday, May 17, 2024
Homeតារាខ្មែរស្រីតូច ចំណាន ៖ឈ្នះឆ្នោត៩៣% ក្លាយជាប្រធានសមាគមសិល្បករខ្មែរ អាណត្តិទី៦

ស្រីតូច ចំណាន ៖ឈ្នះឆ្នោត៩៣% ក្លាយជាប្រធានសមាគមសិល្បករខ្មែរ អាណត្តិទី៦

ភ្នំពេញ៖ការបោះឆ្នោតជ្រើសរើសប្រធានសមាគមសិល្បករខ្មែរអាណត្តិថ្មីទី៦ រកឃើញអ្នកឈ្នះហើយនោះគឺលោកជំទាវអ្នកឧកញ៉ាម៉ៅ ចំណាន ក្លាយទៅជាប្រធានថ្មី បន្ដតំណែងពីអ្នកនាងចន ច័ន្ទលក្ខិណា ហើយអ្នកនាងចំណាន ហៅស្រីតូច ចំណាន ទួទួលបានសន្លឹកឆ្នោតដល់ទៅ៥២៧ សម្លេង ឬស្មើ៩៣% ពីសិល្បករមានសិទ្ធបោះឆ្នោតសរុបចំនួន៦០០​នាក់ ហើយអ្នកជាប់លេខ២បានទៅលើលោកផាត់ តារារ័ត្ន ២៩ សម្លេង ឬស្មើ៥%  និង​លោកគួច ខេវិន បាន១១សម្លេង ឬស្មើ២% ។ការបោះឆ្នោតស្វែងរកប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦ នេះរៀបចំនៅរាជបណ្ឌិតសភាកម្ពុជា ផ្លូវសហព័ន្ធរុស្សី នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ ។

 លោកជំទាវអ្នកឧកញ៉ាម៉ៅ ចំណាន បានមានប្រសាសន៍ក្រោយឈ្នះឆ្នោតដាច់នេះថាលោកជំទាវប្ដេជ្ញាចិត្តថានឹងខិតខំធ្វើឲ្យបានល្អទាំងសម្ថភាព លទ្ធភាព និង ពេលវេលា ជាអត្ថប្រយោជន៍ដល់សិល្បករ។លោកជំទាវថាមូលហេតុលោកជំទាវទើបតែឈរឈ្មោះជាប្រធានសិល្បករខ្មែរអាណត្តិថ្មីនាពេលនេះដោយសារតែរូបលោកជំទាវផ្ទាល់មានពេលវេលាសមស្រប ព្រោះកូនៗលោកស្រីធំៗអស់ហើយ ហេតុនេះលោកជំទាវចង់ចូលរួមចំ​ណែកជួយដល់សង្គម និងសិល្បករខ្មែរ។លោកជំទាវក៍ចង់នាំវប្បធ័មខ្មែរទៅកាន់ពិភពលោក ហើយកិច្ចការដំ​បូងដែលលោកជំទាវត្រូវធ្វើនោះគឺត្រូវរៀបចំការងារថ្មីនៅសមាគមឡើងវិញទាំងអស់ ។លោកជំទាវក៍បើកដៃឲ្យអ្នកជំនាញសិល្បៈទាំងឡាយ​មកចាប់ដៃគ្នជាមួយសមាគមដើម្បីឲ្យសមា​គម​នេះរីកចម្រើនទៅមុខដោយគ្រប់មជ្ឈដ្ឋានទាំងអស់អាចចូលរួមរិះគន់ដោយស្ថាបនាគឺលោក​ជំទាវទទួលដោយក្ដីរីករាយ ។លោកជំទាវចំណាន ក៍បានបង្ហើបថាលោកស្រីក៍បានដៅរួចជាស្រេចទៅហើយថាសូមឲ្យអ្នកធ្វើការនៅសមាគមចាស់អាចមកធ្វើនៅសមាគមថ្មីអាណត្តិទី៦នេះដែរ ព្រោះពួកគាត់ធ្លាប់ដើរផ្លូវនេះរួចទៅហើយ  ។

 ទាក់ទងរឿងការជេប្រមាថគ្នានៅលើបណ្ដាញសង្គមរវាងសិល្បករល្បីៗកក្រើកហ្វេសបុកនោះលោកជំទាវអ្នកឧកញ៉ាស្រីតូច ចំណាន ថារឿងនេះត្រូវការបង្កើតក្រុមប្រឹក្សាភិបាលជាមុនសិនដោយមានខាងមេធាវីមួយចំនួនគាត់បានស្ម័គ្រចិត្តជួយ បើសិនជាពួកគាត់រងនូវភាពអយុត្តិធ័មណាមួយ។លោកជំទាវថាបញ្ហាធំយ៉ាងណាក៍ដោយត្រូវការសួរនាំពិភាក្សាគ្នាវែកញែកគឺត្រូវតែមានការដោះ​ស្រាយជានិច្ច ហើយគោលដៅធំរបស់លោកជំទាវគឺចង់ឲ្យសិល្បករទាំងអស់បានប្រយោជន៍រួមពីសមាគម។លោកជំទាវសង្កត់ថា”ខំធ្វើការទើបបានឃើញលុយ មិនមែនឃើញលុយហើយបានខំធ្វើការទេ” ។

 លោកជំទាវស្រីតូច ចំណាន បន្ថែមទៀតថាលោកស្រីនឹងធ្វើការជាមួយអ្នកសិល្បករដោយបេះដូងដើម្បីតប​ស្នងចំពោះម្ចាស់ឆ្នោតដែលជឿរទុកចិត្តលើលោកជំទាវ។ដោយឡែកអ្នកនាងចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៥ វិញលោកស្រីក៍បានសា​ទរចំពោះលោ​ក​ជំទាវស្រីតូច ចំណាន ដែលនឹងបន្ដវេនពីនាងកាន់តំណែងជាប្រធានសិល្បករខ្មែរអា​ណត្តិទី៦ នេះដែរ ។

 លោកជំទាវបណ្ឌិតសភាចារ្យភឿង សកុណា រដ្ឋមន្រ្ដីក្រសួងវប្បធ័ម និងវិចិត្រសិល្បៈ បានមានប្រសាសន៍ថាការឈ្នះឬចាញ់មិនសំខាន់ទេ សំខាន់គឺការងារ ព្រោះអ្វីទាំងអស់ជាបំ​ណង​ល្អ ។តាមកម្មវិធីតូចធំ ទាំងជាតិ និងអន្ដរជាតិទទួលបានជោគជ័យដោយសារមានការចូលរួមពីសិល្បករគ្រប់ៗផ្នែក ហេតុនេះលោកស្រីសូមថ្លែងអំណរគុណសិល្បករគ្រប់ផ្នែកទាំងអស់។សិល្បករគឺជាស្ពាននាំកម្ពុជាដែលចែករំលែកទាំងចំណេះដឹងនិងបទ​ពិសោធន៍ក្នុងការផ្លាស់ប្ដូរវប្បធ័មសិល្បៈ និងការគោរពគ្នាទៅវិញទៅមក។លោកជំទាវបន្ថែមថាសម្ដេចធិបតីលោក​បានលើកឡើងស្នើរឲ្យសិល្បករសិល្បការិនីទាំងអស់ផ្ដោតអារម្មណ៍និងរួមសាមគ្គីគ្នាដូចពាក្យដូនតារបស់យើង”ចង្កឹះមួយបាច់ មិនអាចកាច់បាក់ទេ”  ហេតុនេះលោកជំទាវសូមលើកទឹកចិត្តឲ្យបងប្អូនសិល្បករទាំងអស់ចងក្រងជាសមាគមសមាជិកដើម្បីជួយគ្នាទៅវិញទៅមក ព្រោះសិល្បករជាទូកដែលមានឥទ្ធិពលទៅលើសង្គមតាមរយៈការសម្ដែង ដូចច្នេះមុននឹងធ្វើអ្វីមួយត្រូវគិតគួរឲ្យបានច្បាស់លាស់ ពិសេសសម័យDigital នេះតែម្ដង។ប្រភពបានឲ្យដឹងថាលោកគួច ខេវិន និងផាត់ តារារ័ត្ន ទោះជាមិនបានជោគជ័យក្នុងការបោះឆ្នោតនេះមែន ប៉ុន្ដែលោកទាំងពីរបានដឹងលទ្ធផលរួចជាស្រេចទៅហើយ ប៉ុន្ដែលោកចង់ចូលរួមជាផ្នែកណាមួយក្នុងសមាគមដើម្បីជ្រោមសមាគមឲ្យរីកចម្រើនថែមទៀត៕

RELATED ARTICLES