Friday, May 3, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមភ្លើងឆេះផ្ទះ ២ខ្នង អស់១០ម៉ឺនដុល្លារ ម្ចាស់យំដល់សន្លប់

ភ្លើងឆេះផ្ទះ ២ខ្នង អស់១០ម៉ឺនដុល្លារ ម្ចាស់យំដល់សន្លប់

ខេត្តសៀមរាប ៖ ផ្ទះប្រជាពលរដ្ឋ ចំនួន២ខ្នងជាប់គ្នា ត្រូវបានអគ្គិភ័យឆាបឆេះបំផ្លាញអស់ទាំងស្រុង គិតជាទំហំការខូចខាតអស់ប្រមាណ ១០ម៉ឺនដុល្លារ និងធ្វើឱ្យម្ចាស់ផ្ទះ អង្គុយយំរហូតដល់សន្លប់។

ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង ១២និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ នៅចំណុចក្រុមទី៦ ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប។

ផ្ទះទាំង២ខ្នងដែលរងការឆាបឆេះ ផ្ទះទី១-ជាប្រភេទផ្ទះសង់ពីថ្មក្រោមឈើលើ ប្រក់ដំបូលស័ង្កសី មានទំហំ១២ម៉ែត្រ គុណនឹង ៨ម៉ែត្រ ជាកម្មសិទ្ធិរបស់ឈ្មោះសួន សុទីន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរបើកភោជនីយ ដ្ឋាន មានលំនៅក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប។ ផ្ទះទី២-ជាប្រភេទផ្ទះសង់ពីថ្មក្រោមឈើលើ ប្រក់ដំបូលស័ង្កសី មានទំហំ១១ម៉ែត្រ គុណនឹង ៨ម៉ែត្រ ជាកម្មសិទ្ធិរបស់ឈ្មោះងួន ចិន្តា ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរនៅផ្ទះ មានលំនៅក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប។

លោកឧត្តមសេនីយ៍ត្រី ឌុត ខុន ស្នងការរងទទួលដឹកនាំការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបញ្ជាក់ប្រាប់ថា មុនកើតហេតុ មានពលរដ្ឋមម្នាក់ ជាអ្នករត់ម៉ូតូកង់បី បានរាយការណ៍ថា មានករណីអគ្គិភ័យឆេះផ្ទះ ប្រជាពលរដ្ឋ ចំនួន២ខ្នង នៅចំណុចភូមិសាស្ត្រខាងលើ។

លោកស្នងការរង បានឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានខាងលើ កម្លាំងនគរបាលការិយាល័យជំនាញ បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យ ចេញអន្តរាគមន៍ភ្លាមៗ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន៨គ្រឿង ក្នុងនោះមាន  រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការនគរបាលខេត្ត ចំនួន៣គ្រឿង។ រថយន្តពន្លត់អគ្គិភ័យរបស់អង្គភាពបេតិកភណ្ឌ ចំនួន១គ្រឿង។ រថយន្តពន្លត់អគ្គិភ័យរបស់អាជ្ញាធរអប្សរា ចំនួន២គ្រឿង និងរថយន្តពន្លត់អគ្គិភ័យរបស់បញ្ជាការដ្ឋានអាវុធហត្ថខេត្ត ចំនួន២គ្រឿង។ ប្រតិបត្តិការខាងលើ បានបញ្ចប់ទាំងស្រុង (ភ្លើងបានរលត់ទៅវិញ) នៅវេលាម៉ោង ១និង២០នាទីរំលងអធ្រាត្រ ថ្ងៃដដែល។

ជុំវិញទំហំនៃការខូចខាតដោយសារគ្រោះអគ្គិភ័យខាងលើ រួមមាន ឆេះផ្ទះ អស់ចំនួន២ខ្នង ដោយផ្ទះទី១ ឆេះខូចខាតទាំងស្រុង ឆេះម៉ូតូចំនួន ៥គ្រឿង និងសម្ភារៈផ្សេងៗខូចខាតទាំងស្រុង។ ចំណែកផ្ទះទី២ ឆេះខូចខាតទាំងស្រុង រួមនិងសម្ភារៈនៅក្នុងផ្ទះទាំងស្រុង ដែលគិតជាទំហំខូចខាត ប្រមាណជាង១០ម៉ឺនដុល្លារ។ ចំណែកមូលហេតុ ផ្តើមចេញពីការឆ្លងចរន្តអគ្គិសនី (ទុស្សខ្សែភ្លើង)៕

RELATED ARTICLES