ភ្នំពេញ ៖ ពលរដ្ឋខ្មែរ ភាគច្រើន មិនទាន់បានស្គាល់ឬធ្លាប់ឮព្រះនាម “ព្រះភៃសជ្យគុរុ” ឬ“ព្រះពុទ្ធគ្រូថ្នាំ” នៅ ឡើយ។ ក្នុងចំណោមអ្នកស្រាវជ្រាវនិងប្រជាជនមួយចំនួន ដែលស្គាល់ព្រះអង្គ តែងមានជំនឿមុតមាំថា ព្រះអង្គ គឺជាព្រះទេពសង្គ្រោះជីវិត និងជាអ្នកព្យាបាលរាល់ជំងឺតម្កាត់ទាំងឡាយរបស់មនុស្សលោក។ ក្នុងសម័យបុរាណ ការគោរពបូជាព្រះភៃសជ្យគុរុ ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ ជាពិសេស ក្នុងសម័យអង្គរ នារជ្ជកាលព្រះ បាទជយវរ្ម័នទី៧។

យោងតាមសិលាចារឹកប្រាសាទតាព្រហ្ម បានបញ្ជាក់ថា ក្នុងរជ្ជកាលព្រះបាទជយវរ្ម័នទី៧ ព្រះអង្គ បានកសាងមន្ទីរពេទ្យ (អរោគ្យសាលា) ចំនួន ១០២កន្លែង ដែលសុទ្ធសឹងតែមានតម្កល់រូបព្រះបដិមាភៃសជ្យគុរុ សម្រាប់គោរពបូជា។ “ភៃសជ្យគុរុ” ជាភាសាសំស្ក្រឹត មានន័យ ថា “ព្រះពុទ្ធគ្រូថ្នាំ” ឬ “ព្រះពុទ្ធ អ្នកព្យាបាលជំងឺ” ដែលជាជំនឿដ៏សំខាន់នៅក្នុងព្រះពុទ្ធសាសនាមហាយាន។

លោកស្រី ជន ចន្ទណារ័ត្ន មគ្គុទ្ទេសក៍នៅសារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ បានឱ្យដឹងថា ព្រះបដិមាភៃសជ្យគុរុ គឺជាទម្រង់នៃព្រះពុទ្ធដែលគង់ភ្នែនក្នុងកាយវិការសមាធិ ដោយមានទ្រវត្ថុស័ក្តិសិទ្ធិម៉្យា ងនៅលើបាតព្រះ ហស្ត។ ព្រះបដិមាខ្លះ មានទ្រផ្លែឈើរាងមូលទ្រវែង ដែលគេជឿថា ជាផ្លែស្រម៉ និងខ្លះទៀតមានរាងជាដន្លាប់ ឬភាជន៍ ដែលអ្នកស្រាវជ្រាវមានការសន្និដ្ឋានខុសៗគ្នាទៅលើវត្ថុទាំងនោះ។
ក្នុងសិល្បៈខ្មែរ ព្រះភៃសជ្យគុរុ ត្រូវបានបង្ហាញតាម ៣ទម្រង់សំខាន់ៗ ៖
-ទម្រង់ទី១ ៖ ព្រះបដិមាព្រះពុទ្ធគង់ភ្នែន តែឯង (បដិមាទោល)។
-ទម្រង់ទី២ ៖ ព្រះបដិមាព្រះពុទ្ធគង់ភ្នែន អមដោយព្រះពោធិសត្វ ២អង្គ គឺព្រះលោកេស្វរ: នៅខាងស្តាំ និងព្រះនាងប្រាជ្ញាបារមី នៅខាងឆ្វេង។
-ទម្រង់ទី៣ ៖ ចម្លាក់ក្រឡោតខ្ពស់លើផ្ទាំងថ្ម បង្ហាញពីព្រះពុទ្ធ គង់ភ្នែនលើបល្ល័ង្កនាគ ដោយមានព្រះលោកេស្វរ: ខាងស្តាំ និងព្រះនាង ប្រាជ្ញាបារមីនៅខាងឆ្វេង។

កាលពីឆ្នាំ២០០១ អាជ្ញាធរជាតិអប្សរា សហការជាមួយសាកលវិទ្យាល័យសូហ្វីយ៉ា (Sophia University) នៃប្រទេសជប៉ុន បានធ្វើកំណាយស្រាវជ្រាវនៅបរិវេណប្រាសាទបន្ទាយក្តី និងបានរកឃើញបំណែកព្រះបដិមា ចំនួន២៧៤បំណែក។ ក្នុងនោះមានបំណែកចម្លាក់ ចំនួន ២៤អង្គ ជាព្រះភៃសជ្យគុរុ។ ក្នុងចំណោមនោះ មានព្រះបដិមាមួយអង្គ មានលក្ខណៈពិសេសលើសគេ ដោយមានចម្លាក់ព្រះលោកេស្វរ: និងព្រះនាងប្រាជ្ញាបារមី អមសងខាង ប៉ុន្តែគួរឱ្យស្តាយ ចម្លាក់អមសងខាងនោះ ត្រូវបានខូចខាត បាត់បង់រូបរាង។

ដោយឡែក កាលពីខែសីហា ឆ្នាំ២០១៧ អាជ្ញាធរជាតិអប្សរា សហការជាមួយសាកលវិទ្យាល័យជាតិសិង្ហបុរី (NUS) ក៏បានធ្វើកំណាយនៅប្រាសាទទន្លេស្ងួត ដែលជាសំណង់មន្ទីរពេទ្យបុរាណ ក្នុងរជ្ជកាលព្រះបាទជយវរ្ម័នទី៧ និងបានរកឃើញព្រះបដិមាភៃសជ្យគុរុ ផងដែរ។

បច្ចុប្បន្ន ព្រះបដិមាភៃសជ្យគុរុ ទាំងនោះ ត្រូវបានថែរក្សានិងដាក់តាំងបង្ហាញ នៅសារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ ដើម្បីឱ្យសាធារណជនបានទស្សនា និងសិក្សាស្វែងយល់៕

