Saturday, March 7, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបណ្តេញចេញពីកម្ពុជា ជនរបទេស ៦១៥នាក់

បណ្តេញចេញពីកម្ពុជា ជនរបទេស ៦១៥នាក់

ភ្នំពេញ ៖ ក្នុងរយៈពេល ៤ថ្ងៃ កម្ពុជា បានបណ្តេញជនបរទេស ចំនួន៦១៥នាក់ (ស្រី៨៤នាក់) មាន១៧សញ្ជាតិ ដែលមកស្នាក់នៅ ធ្វើការខុសច្បាប់ ចេញពីប្រទេសកម្ពុជា។

យោងតាមអគ្គនាយកដ្ឋានអន្តោរប្រវេសន៍ បានឱ្យដឹងនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ ថា នៅដើមខែមីនា គិតចាប់ ពីថ្ងៃទី១ ដល់ទី៤ ខែមីនា ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់លោកបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោ ប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធី បន្តធ្វើការបណ្តេញជនបរទេស សរុបចំនួន ៦១៥នាក់ (ស្រី៨៤នាក់) មាន១៧សញ្ជាតិ រួមមាន ចិន ប៉ាគីស្ថាន បង់ក្លាដែស មីយ៉ាន់ម៉ា ចិនតៃវ៉ាន់ កាមេរូន ឥណ្ឌូនេស៊ី ឥណ្ឌា យ៉ូហ្គង់ដា កេនយ៉ា នីហ្សេរីយ៉ា ម៉ាឡេស៊ី ហ្គាណា ថៃ កូរ៉េ រវ៉ាន់ដា និងនេប៉ាល់ ចេញពីព្រះ រាជាណាចក្រកម្ពុជា ក្នុងនោះដែរ មានជនជាតិចិន ចំនួន ៣៣០នាក់ (ស្រី១២នាក់) បណ្តេញចេញតាមរយៈយន្តហោះពិសេស នៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសអន្តរជាតិតេជោ និងជនបរទេសមួយចំនួនទៀត ពាក់ព័ន្ធករណីលួចឆ្លងដែន ស្នាក់នៅគ្មានលិខិតឆ្លងដែន និងធ្វើការខុសច្បាប់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ប្រភពបានលើកឡើងថា ការបណ្តេញចេញជនជាតិបរទេសខាងលើនេះ គឺជាការអនុវត្តតាមវិធានការច្បាប់ យ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសម្អាតនិងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ ទាំងក្នុងតំបន់និងសកលលោក ដោយគ្មានការលើកលែងនោះឡើយចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូចជាការជួយសង្គ្រោះជនរងគ្រោះដែលត្រូវមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មានសេរីភាពនិងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ៕

RELATED ARTICLES