Thursday, May 2, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចា...ក់ប៉ូលិសរបួស២នាក់ ខឹងចាប់វ៉ៃ...ខ្នោះ

ចា…ក់ប៉ូលិសរបួស២នាក់ ខឹងចាប់វ៉ៃ…ខ្នោះ

ខេត្តតាកែវ ៖ នាយប៉ុស្តិ៍នគរបាលម្នាក់ រួមនឹងមន្ត្រីប៉ុស្តិ៍ម្នាក់ទៀត កំពុងចុះល្បាតក្នុងមូលដ្ឋាន ដើម្បីការពារសន្តិសុខក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ស្រាប់តែប្រទះឃើញជនសង្ស័យជាមុខសញ្ញាប្រើប្រាស់គ្រឿង ញៀនម្នាក់ ក៏ឃាត់ខ្លួន ឆែកឆេរ រកឃើញថ្នាំញៀន ១កញ្ចប់ ជាប់ ខ្លួនជនសង្ស័យ លុះរៀបចំដាក់ខ្នោះ ត្រូវជនសង្ស័យដកកាំបិតចាក់មន្ត្រីនគរបាល ទាំង២រូប បណ្តាលឱ្យរងរបួស។

ហេតុការណ៍នេះ បានកើតឡើង កាលពីរសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ នៅត្រង់ចំណុចភូមិព្រាល ឃុំគិរីចុងកោះ ស្រុកគិរីវង់។

ជនសង្ស័យដែលចាក់ប្រហារសមត្ថកិច្ច បណ្តាលឱ្យរងរបួស២នាក់ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះយ៉ត យឿន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅភូមិព្រាល ឃុំគិរីចុងកោះ ស្រុកគិរីវង់ (ជា មុខសញ្ញាប្រើប្រាស់គ្រឿងញៀន)។ ចំណែកជនរងគ្រោះ ចំនួន២នាក់ ទី១-ឈ្មោះម៉ៃ ឆាយ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរនាយប៉ុស្តិ៍គិរីចុងកោះ នៃអធិការដ្ឋាននគរបាលស្រុកគិរីវង់ (រងរបួសត្រង់ចង្កេះផ្នែកខាងឆ្វេង ដេរចំនួន២ថ្នេរ) និងទី២-ឈ្មោះព សីហា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមន្ត្រីប៉ុស្តិ៍គិរីចុងកោះ នៃអធិការដ្ឋាននគរ បាលស្រុកគិរីវង់ (រងរបួសលើទ្រូង ដាច់រលាត់ចេញឈាម)។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីរសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ លោកវរសេនីយ៍ត្រី ម៉ៃ ឆាយ នាយនគរបាលប៉ុស្តិ៍គិរីចុងកោះ បានដឹកនាំកម្លាំងដើរល្បាតក្នុងមូលដ្ឋាន ដើម្បីការពារសន្តិសុខ និងរៀបចំសណ្តាប់ធ្នាប់ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ លុះមកដល់ចំណុចភូមិព្រាល ឃុំគិរីចុងកោះ ស្រុកគិរីវង់ បានឃើញមុខសញ្ញាសង្ស័យម្នាក់ ឈ្មោះយ៉ត យឿន ក៏បានហៅសាកសួរ ហើយនៅពេលសមត្ថកិច្ចឆែកឆេរខ្លួនប្រាណជនសង្ស័យ ស្រាប់តែប្រទះឃើញមានថ្នាំញៀន ចំនួន ១កញ្ចប់តូច។

ប្រភពខាងលើ បញ្ជាក់ថា ដោយពិនិត្យឃើញមានសារធាតុញៀនជាប់ខ្លួន ជាទង្វើខុសច្បាប់យ៉ាងដូច្នេះ ទើបលោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តតាកែវ បានបញ្ជាឱ្យកម្លាំងជំនាញធ្វើការឃាត់ខ្លួនជនសង្ស័យ តាមបញ្ជារបស់ស្ថាប័នអយ្យការអមសាលាដំបូងខេត្ត ដើម្បី ធ្វើការតាមនីតិវិធី ។

ខណៈពេលសមត្ថកិច្ចកំពុងរៀបចំវ៉ៃខ្នោះ ដើម្បីនាំយកទៅសាកសួរ ជនសង្ស័យបានធ្វើសកម្មភាពប្រតាយប្រតប់ជាមួយសមត្ថកិច្ច និងបានដកកូនកាំបិតចាក់ បណ្តាលឱ្យរងរបួសមន្ត្រីនគរបាល ចំនួន២នាក់។

ក្រោយកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យខាងលើ នាំយកទៅសាកសួរ និងរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការតាមច្បាប់។

ចំណែកមន្ត្រីនគរបាលទាំង២នាក់ដែលរងរបួស ត្រូវបានដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ភ្លាមៗ៕

RELATED ARTICLES