Thursday, May 2, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមគោយន្តក្រឡាប់ ស្លា...ប់៥ រ...បួ...ស១១

គោយន្តក្រឡាប់ ស្លា…ប់៥ រ…បួ…ស១១

ខេត្តឧត្តរមានជ័យ ៖ គោយន្តកន្ត្រៃ ១គ្រឿង បើកបរចុះពីលើភ្នំជប់គគីរ រួចរេចង្កូតធ្លាក់ផ្លូវ ក្រឡាប់ជាច្រើនត្រឡប់ បណ្តាលឱ្យមនុស្ស៥នាក់ បានស្លាប់ ចំណែក១១នាក់ផ្សេងទៀត បានរងរបួសធ្ងន់-ស្រាល។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅច្រកជប់គរគី ក្នុងភូមិជប់គគីរខាងកើត ឃុំបេង ស្រុកបន្ទាយអម្ពិល។

ជនរងគ្រោះទាំង៥នាក់ ដែលបាត់បង់ជីវិតក្នុងហេតុការណ៍គ្រោះថ្នាក់ខាងលើ រួមមាន ទី១-ឈ្មោះរ៉ុន សល់ ភេទស្រី អាយុ៦០ឆ្នាំ។ ទី២-ឈ្មោះសាឡាត់ គឺមលី ភេទស្រី អាយុ៣២ឆ្នាំ។ ទី៣-ឈ្មោះឡាវ ណូ ភេទស្រី អាយុ៤៨ឆ្នាំ។ ទី៤-ឈ្មោះភួន គង់ ភេទស្រី អាយុ៤៤ឆ្នាំ។ និងទី៥-ឈ្មោះវណ្ណៈ ពិសី ភេទស្រី អាយុ១២ឆ្នាំ។ ដោយឡែកអ្នករបួសធ្ងន់ និងស្រាលទាំង១១នាក់ផ្សេងទៀត មិនទាន់ស្កាល់ឈ្មោះនៅឡើយ។ ជនរងគ្រោះទាំង១៦នាក់ ខាងលើ មានលំនៅក្នុងភូមិខ្ទុម សង្កាត់កូនក្រៀល ក្រុងសំរោង។

ទាក់ទិនហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ លោកអធិការស្រុកបន្ទាយអម្ពិល បានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានធ្វើដំណើរមកពីភូមិខ្ទុម សង្កាត់កូនក្រៀល ដោយធ្វើដំណើតាមគោយន្តកន្ត្រៃ មួយគ្រឿង មានមនុស្សប្រុសស្រីជិះ ចំនួន១៦នាក់ ក្នុងគោលបំណងមកច្រកជប់គគីរ ចូលទៅផ្សារថៃ ទិញសម្ភារៈប្រើប្រាស់ និងទំនិញផ្សេងៗសម្រាប់រៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ។ លុះក្រោយពីទិញសម្ភារៈប្រើ ប្រាស់បានហើយ  ជនរងគ្រោះទាំង១៦នាក់ បានធ្វើដំណើរត្រឡប់មកវិញ ដោយធ្វើដំណើរតាមគោយន្តកន្ត្រៃ ចេញពីច្រកជប់គគីរ ចុះពីលើភ្នំ ស្រាប់តែមកដល់ត្រង់ចំណុចកើតហេតុ គោយន្តបានរេចង្កូតធ្លាក់ចេញពីផ្លូវក្រឡាប់ជាច្រើនត្រឡប់ បណ្តាលឱ្យមនុស្សចំនួន៥នាក់ស្លាប់ នៅនឹងកន្លែងកើតហេតុភ្លាមៗ។ ចំណែក១១នាក់ផ្សេងទៀតបានរងរបួសធ្ងន់-ស្រាល ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តបូរីរាំ ប្រទេសថៃ ភ្លាមៗផងដែរ៕

RELATED ARTICLES