Friday, May 3, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកូនឈឺព្យួរសេរ៉ូម បេះដូងម៉ែខ្ទេចខ្ទាំ ពេទ្យកា...ត់បង់ ច្រឡំកា...ត់...ម្រា...ម...ដៃ

កូនឈឺព្យួរសេរ៉ូម បេះដូងម៉ែខ្ទេចខ្ទាំ ពេទ្យកា…ត់បង់ ច្រឡំកា…ត់…ម្រា…ម…ដៃ

ខេត្តកណ្តាល ៖ ស្ត្រីម្នាក់ បាននាំកូនតូចរបស់ខ្លួន អាយុ១១ខែ ទៅមន្ទីរពេទ្យឯកជនមួយកន្លែង ដើម្បីពិនិត្យជំងឺ បន្ទាប់ពីកូនតូចកើតមានអាការមិនសូវស្រួលខ្លួន លុះទៅដល់ គ្រូពេទ្យប្រាប់ថា សង្ស័យកូនតូចមានជំងឺគ្រុនឈាម ទើបបន្តោកសេរ៉ូម និងតម្រូវឱ្យសម្រាកព្យាបាល ១យប់សិន។ លុះព្រឹកស្អែកឡើង គ្រូពេទ្យប្រាប់ថា មន្ទីរពេទ្យត្រូវបិទ (សម្រាកថ្ងៃចូលឆ្នាំ) ក៏តម្រូវឱ្យនាំកូនតូច ចេញទៅព្យាបាលនៅមន្ទីរពេទ្យ ឯភ្នំពេញ លុះ ពេលគ្រូពេទ្យស្រីម្នាក់ ដោះសេរ៉ូមចេញ បានកាត់បង់រុំចេញពីដៃក្មេងតូច មិនប្រយ័ត្នក៏ច្រឡំកាត់ម្រាមដៃក្មេងស្រីរងគ្រោះ ធ្វើឱ្យដាច់ម្រាមកូនដៃក្មេងតូចរងគ្រោះ ត្រឹមគល់ក្រចក ធ្លាកឮខ្ពោកដល់ដី និងគ្មានការទទួលខុសត្រូវ ជាហេតុធ្វើឱ្យស្ត្រីជាម្តាយក្មេងតូច កើតទុក្ខមិនសុខចិត្ត ក៏ប្តឹងសុំអន្តរាគមន៍ពីសមត្ថកិច្ច និងក្រសួងសុខា ភិបាល។

ហេតុការណ៍នេះ បានកើតឡើង កាលពីព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ នៅចំណុចមន្ទីរសម្រាកព្យាបាល កុមារពេជ្រឧត្តុង្គ ដែលមានទីតាំងស្ថិតនៅភូមិម្លូម៉ឺន ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល។

តាមសម្តីស្ត្រីឈ្មោះ សេង សុពិលិកុល ជាម្តាយបង្កើតរបស់ក្មេងរងគ្រោះ បានថ្លែងប្រាប់អ្នកសារព័ត៌មាន ទាំងឈឺចាប់ហួសជំនួសកូនស្រីរបស់ខ្លួនថា កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោងប្រមាណ ១រសៀល កូនស្រីរបស់គាត់ (ម្តាយក្មេងតូច) បាននាំចៅស្រីរបស់គាត់ (ក្មេងតូចរងគ្រោះ) អាយុ១១ខែ ទៅពិនិត្យជំងឺ នៅមន្ទីរពេទ្យសម្រាកព្យាបាល «កុមារពេជ្រឧត្តុង្គ» ដែលមានទីតាំងស្ថិតនៅភូមិម្លូម៉ឺន ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល។ បន្ទាប់ពីបានពិនិត្យសុខភាពក្មេងរួចមក ខាងមន្ទីរពេទ្យ បញ្ជាក់ថា សង្ស័យក្មេងតូចមានជំងឺគ្រុនឈាម ត្រូវការសម្រាកនៅក្នុងមន្ទីរពេទ្យ ហើយពេលនោះ គ្រូពេទ្យក៏បានដាក់សេរ៉ូមតូចៗ ចំនួន ៤ប្លោក ឱ្យចៅស្រីរបស់គាត់ និងបានសម្រាកនៅមន្ទីរពេទ្យ ១យប់។

ស្ត្រីជាជីដូន បន្តថា លុះមកដល់ព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ ខាងមន្ទីរពេទ្យ បានមកប្រាប់ថា មន្ទីរពេទ្យមិនទទួលសម្រាកទៀតទេ ព្រោះត្រូវបិទ (សម្រាកថ្ងៃចូលឆ្នាំ) និងតម្រូវឱ្យបញ្ជូនទៅមន្ទីរពេទ្យ ឯរាជធានីភ្នំពេញ។ ពេលនោះ កូនស្រីគាត់ (ម្តាយក្មេងស្រីរងគ្រោះ) បានស្នើឱ្យគ្រូពេទ្យ ដោះសេរ៉ូម និងគិតលុយ ដើម្បីយកកូនទៅមន្ទីរពេទ្យផ្សេង។ ភ្លាមនោះ មានពេទ្យស្រីម្នាក់ មិនស្គាល់ឈ្មោះ បានមកដោះសេរ៉ូម និងកាត់បង់ចេញ តែដោយសារតែការធ្វេសប្រហែស ទើបពេលដែលពេទ្យស្រីនោះ យកកន្ត្រៃមកកាត់បង់រុំដៃ ក៏បានកាត់ច្រឡំចំដៃចៅស្រីរបស់គាត់ បណ្តាលឱ្យដាច់ម្រាមកូនដៃខាងឆ្វេង (ដាច់ត្រឹមគល់ក្រចក) ធ្វើឱ្យចៅស្រីគាត់ ស្រែកទ្រហោយំយ៉ាងខ្លាំងឡើងគាំង ផ្អើលពេញមន្ទីរពេទ្យ។ ជាមួយនេះ ខាងមន្ទីរពេទ្យមិនព្រមដាក់ឡានសង្គ្រោះបន្ទាន់ បញ្ជូនចៅគាត់ទៅព្យាបាលនៅមន្ទីរពេទ្យ ឯភ្នំពេញ នោះទេ ដោយទុកឱ្យក្មេងនិងម្តាយ ស្រែកយំទ្រហឹងពេញមន្ទីរពេទ្យ។ ចំណែកនាយកមន្ទីរពេទ្យខាងលើ ហាក់មិនទទួលខុសត្រូវទាល់តែសោះ ដោយបានទូរស័ព្ទមកសួរសុខទុក្ខ ពេលក្មេងតូចមកដល់មន្ទីរពេទ្យគន្ធបុប្ផា ភ្នំពេញ និងបាននិយាយថា “នរណាធ្វើខុស អ្នកហ្នឹងទទួលខុសត្រូវ” គឺរុញឲ្យបុគ្គលិកពេទ្យទទួលខុសត្រូវទាំងស្រុង។

គួរបញ្ជាក់ថា ក្រោយកើតមានករណីខាងលើនេះ ឪពុកម្តាយក្មេងតូចរងគ្រោះ បានដាក់ពាក្យបណ្តឹងនៅអធិ ការដ្ឋាននគរបាលស្រុកពញាឮ រួចរាល់ហើយ។ ជាមួយនេះ ក្រុមគ្រួសារក្មេងតូចរងគ្រោះ ក៏បានស្នើដល់ក្រ សួងសុខាភិបាល មន្ទីរសុខាភិបាលខេត្តកណ្តាល មេត្តាពិនិត្យចាត់វិធានការចំពោះមន្ទីរពេទ្យខាងលើនេះផងដែរ។

ជាមួយគ្នានេះ នៅថ្ងៃទី១៧ ខែមេសាឆ្នាំ២០២៤ ស្ត្រីជាម្តាយក្មេងស្រីរងគ្រោះ បានលើកឡើងបន្ថែមថា ចិត្តជាម្តាយ អ្នកស្រីថែកូនណាស់ តែពេលជួបហេតុការណ៍បែបនេះ ធ្វើឲ្យបេះដូងនាងជាម្តាយ ខ្ទេចខ្ទាំអស់ហើយ ព្រោះកូនស្រីទើបតែអាយុ ១១ខែ ស្រលាញ់លើសពីជីវិត តែមកឃើញជាក់ស្តែងផ្ទាល់ភ្នែក អ្នកគ្រូពេទ្យគ្មានវិជ្ជាជីវៈម្នាក់ បានយកកន្ត្រៃ មកកាត់ម្រាមដៃកូននាង ពេលដោះសេរ៉ូម ឲ្យកូនរបស់នាង សំឡេងកូនយំដោយការឈឺចាប់ បាញ់ឈាមពេញបន្ទប់ នាងជាម្តាយ យំស្ទើរតែគាំងបេះដូង ឃើញដៃកូនដាច់ធ្លាក់ចុះដល់ដី។

ស្រ្តីជាម្តាយរបស់ក្មេងស្រីរងគ្រោះ បានបង្ហោះរូបភាព និងសំណេរក្នុងគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់ខ្លួន នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ ថា “ចិត្តជាម្តាយ ពពោះកូន ៩ខែ ១០ថ្ងៃ តស៊ូណាស់ មិនហ៊ានធ្វើអ្វីទេ ដេកមួយកន្លែង ថែកូនណាស់ បេះដូងខ្ញុំខ្ទេចខ្ទាំអស់ហើយពេលនេះ កូនស្រីខ្ញុំទើបតែអាយុ ១១ខែ ហេតុអីកូនស្រីដែលស្រលាញ់លើសពីជីវិត រាល់កូនទៅចាក់វ៉ាក់សាំង ខ្ញុំនេះឈឺចាប់តាមកូន ស្ទើតែប្រេះទ្រូង មិនហ៊ានសូម្បី តែមើល តែមកឃើញជាក់ស្តែង អ្នកគ្រូពេទ្យគ្មានវិជ្ជាជីវៈម្នាក់ (ស្រី) បានយកកន្ត្រៃ (មិនមែនកន្ត្រៃពេទ្យទេ) មកកាត់ចំម្រាមដៃកូន (ដោះសេរ៉ូម ហើយកាត់ចំដៃកូនរបស់កូនខ្ញុំ)។ កូនខ្ញុំទិដ្ឋភាពផ្ទាល់ភ្នែក សំំឡេងកូនរបស់ខ្ញុំយំដោយការឈឺចាប់ បាញ់ឈាមពេញហ្នឹង ខ្ញុំជាម្តាយ យំស្ទើរតែគាំងបេះដូង ឃើញដៃកូនដាច់ចុះមកដល់ក្រោម ឃើញនឹងភ្នែក នេះបានដក់ជាប់ខួរក្បាលរបស់ខ្ញុំ រាល់យប់…”។

ស្ត្រីជាម្តាយក្មេងរងគ្រោះ បន្តថា “មន្ទីរសម្រាកព្យាបាល កុមារពេជ្រឧត្តុង្គ ផ្លូវ៥១ និងអ្នកគ្រូពេទ្យដែលបង្កឱ្យកូនខ្ញុំដាច់ដៃកូន មិនបានសួរនាំសូម្បីមួយម៉ាត់ ឈរមើលធ្វើមិនដឹង ទាល់តែស្រែក ទើបមក និងមិនបានលាងរបួសត្រឹមត្រូវ មិនបានយកឡានសង្គ្រោះ ដើម្បីដឹកកូនខ្ញុំមកសង្គ្រោះបន្ទាន់នោះទេ អ្វីដែលខ្ញុំបានពីក្រុមគ្រូពេទ្យនោះ គឺថាដៃដាច់នោះ នឹងដុះឡើងវិញ! តែផ្ទុយទៅវិញ ដៃដែលដាច់នោះ គឺក្រុមគ្រូពេទ្យជំនាញនៅពេទ្យគន្ធបុប្ផា ថាមិនដុះទេ ព្រោះដាច់ដល់គល់ក្រចកហើយ!…”។

ស្ត្រីជាម្តាយក្មេងស្រីរងគ្រោះ បានស្នើថា “ខ្ញុំសូមស្នើទៅកាន់ក្រសួងស្ថាប័ន ពាក់ព័ន្ធ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ សូមរកយុត្តិធ៌មឱ្យកូនស្រីខ្ញុំផង ពិសេសក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល និងអង្គការសិទ្ធិកុមារ និងស្ថាប័នជំនាញ បងប្អូនដែលជាឪពុកម្តាយទូទាំងប្រទេស រកយុត្តិធម៌ដល់កូនខ្ញុំ និងក្រុមគ្រួសារខ្ញុំផង…”។

ជុំវិញករណីខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំការបំភ្លឺពីភាគីមន្ទីរសម្រាកព្យាបាល «កុមារពេជ្រឧត្តុង្គ» បានទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំទទួលការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ នៅពេលក្រោយ៕ ខៀវទុំ

RELATED ARTICLES