Saturday, April 27, 2024
Homeតារាខ្មែរសុខ ពិសី ៖នឹងបញ្ចប់អាជីពដូចឱក សុគន្ធកញ្ញា

សុខ ពិសី ៖នឹងបញ្ចប់អាជីពដូចឱក សុគន្ធកញ្ញា

ភ្នំពេញ៖រយៈពេលជាង១០ឆ្នាំមកហើយដែលសុខ ពិសី បានជ្រកកោននៅក្រោម​ដំបូលផលិត​កម្ម​សាន់ដេ បន្ទាប់ពីជំហានទី១របស់នាងនៅKH និងទី២Nice Star ។ពិតណាស់ពិសី ត្រូវបាន​គេព្យាករណ៍ថានាងនឹង ច្រៀងនៅសាន់ដេ រហូតដល់ចូលនីវត្តន៍ពីអាជីពចម្រៀងតែម្ដង ដោយ​គ្មានផែនការណ៍ផ្លាស់ប្ដូរផលិតកម្មនោះទេ គឺដូចគ្នានិងឱក សុគន្ធកញ្ញា នៅហង្សមាសដែរ។ចំ​ពោះ​មូលហេតុវិញមិនមែនពិសី គ្មានថៅកែផលិតកម្មផ្សេងចង់បាននាងនោះឡើយ ប៉ុន្ដែតារា​វ័យ​៣៤ឆ្នាំរូបនេះបានជាប់ចំណងស្នេហាថៅកែសាន់ដេ ហើយនៅរងចាំតែថ្ងៃរៀប​ការមកដល់​តែប៉ុណ្ណោះ ពិសី នឹងក្លាយទៅជាថៅកែស្រីផលិតកម្មធំនេះជាមិនខាន។ទាំងមិត្តភក្ដិរួមអាជីព និងFan សុទ្ធតែជម្រុញឲ្យពិសី គួរតែមានភាពក្លាហាន ហ៊ានដឹកដៃម្ចាស់ស្នេហាលោកឡាយ សុខ​ចំរើន រៀបការដូចគ្នាទៅនិងឱក សុគន្ធកញ្ញា អូសលោកអ៊ឹង សុខលី រៀបការនៅឆ្នាំ​២០​២៩ ដែរហើយពេលនេះនាងមានកូន២ទៅហើយ ។ប៉ុន្ដែសម្រាប់ពិសី វិញមិនគិតដូច​សុគន្ធ​កញ្ញា ទេពោលគឺនាងនៅតែរារែកចិត្តដែលចំណុចសំខាន់នោះមិនមែន​រូបនាងនិងគូស្នេហ៍មិន​ទាន់​ច្បាស់​លាស់ជាមួយគ្នា១០០% នោះឡើយ តែហេតុផលមានតែម្យាងគត់នោះគឺបារម្ភខ្លាច​អាជីពចម្រៀងចុះខ្សោយលែងមានទីផ្សារក្រោយមានប្ដីនិងកូន។ប្រសិនបើពិសី នៅតែគិត​បែប​​នេះទៀតនោះការសាងស្នេហាដោយលួចលាក់នឹងបន្ដទៅមុខទៀត ដែលធ្វើឲ្យនាងប្រ​ឈម​បាត់បង់ភាពផ្អែមល្ហែមស្នេហ៍ និងឥទ្ធិពលរបស់នាងនៅសាន់ដេនៅតែមិន​ទាន់​ក្ដាប់​ពេញដៃដូចអំណាចសុគន្ធកញ្ញា នៅហង្សមាសឡើយ ។

 ថ្វីត្បិតតែសុខ ពិសី និងលោកឡាយ សុខចំរើន មិនទាន់ហ៊ានប្រកាសស្នេហា​ជាសា​ធារណៈ ឬបណ្ដើរគ្នាជាចំហម្ដងណាឡើយក្ដី ប៉ុន្ដែតាមព័តមានថានៅតាមបណ្ដារ​កម្មវិធី​មង្គ​ល​ការអ្នកស្និតស្នាល ពិសី និងថៅកែតែងតែជិះរថយន្ដជាមួយគ្នា ដោយគ្រាន់តែដល់ទីតាំង​កម្ម​វិធី​ពួកគេដើរមុនឬក្រោយប៉ុណ្ណោះ ជាក់ស្ដែងដូចជាមង្គលការបុគ្គលិករបស់សាន់ដេម្នាក់​កាល​ពី​រាត្រីថ្ងៃទី២១ មីនា ក៍អ្នកទាំងពីរលេងវិធីនេះដូចមុនទៀតដែរ។តែសម្រាប់​តារាប្រុស​ស្រី​របស់​សាន់ដេពួកគេគោរពពិសី ប្រៀបបានជាម្ចាស់របស់ផលិតកម្មធំនេះជាច្រើនឆ្នាំមកហើយ បើ​ទោះជានៅក្នុងរចនាសម្ព័ន្ធរបស់សាន់ដេពិសី គ្រាន់តែជាតារាចម្រៀងម្នាក់គ្មានតួនាទី​ផ្សេង​ទៀតក៍ដោយ។

 អ្នកធ្វើការពាក់ព័ន្ធវិស័យសិល្បៈបានសរសើរសុខ ពិសី ថានាងជានារីម្នាក់ដែលមិន​ជ្រួល​ជ្រើមទៅតាមអំណាចទឹកលុយឡើយ ព្រោះមានមន្រ្ដីធំខ្លះ និងអ្នកជំនួញគ្រាក់ៗ​មួយចំនួនក្នុងនោះមានទាំងឧកញ៉ាម្នាក់ដែលជាម្ចាស់ សណ្ឋាគារល្បីឈ្មោះមួយក៍បានតាមស្នេហានាងជាច្រើនឆ្នាំ តែពិសី សុខចិត្តជ្រើសផ្លូវសាងស្នេហ៍ដោយបេះដូង ពោលគឺនាង​ចង់​បានគូស្នេហ៍ជាអ្នកដែលធ្វើការក្នុងវិស័យសិល្បៈយល់ពីអាជីពនាងច្បាស់ជាជាងស្រវ៉ាចាប់ងារជាជំទាវរស់ក្នុងទ្រុងមាស។ដោយឡែកលោកចំរើន វិញតាមព័តមានថាលោក​ក៍​បានផាត់​ចោ​លស្នេហ៍តារាវ័យក្មេង មួយចំនួនដែលចង់ធ្វើជាប្រពន្ធលោកដែរហើយពេលនេះលោកមិនចាប់អារម្មណ៍តារាណាផ្សេងទាំងអស់ក្រៅពីពិសី ដែរ ។ប្រភពបានឲ្យដឹងថាលោកចំរើន នឹង​សម្រ​ប​ខ្លួនតាមពិសី គ្រប់ពេលទាក់ទងរឿងរៀបការនេះពោលគឺបើនាងចង់​រៀបការពេល​ណា​លោ​ក​នឹងOK ជានិច្ច ។ប៉ុន្ដែពិសី អាចនឹងមានការប្តូរចិត្តពីរឿងខ្លាចចូលរោងការ មកជា​ចង់​ធ្វើជា​កូនក្រមុំមែនទែនវិញ ប្រសិនបើសិស្សប្អូននាងអ៊ីវ៉ា ហ៊ានរៀបការនៅឆ្នាំ២០២៤ នេះ​តាមបំ​ណងឪពុកនាងលោកអ៊ូ វ៉ាវ ព្រោះថាលោកសុខ ហេង ឪពុករបស់ពិសី ក៍ជម្រុញឲ្យកូន​ស្រី​លោកចូលរោងការជាច្រើនឆ្នាំមកហើយដែរ ប៉ុន្ដែនាងមិនចង់។

 គួរបញ្ជាក់ថាក្រោយសុខ ពិសី ប៉ះស្នេហាថៅកែសាន់ដេ​ជាង១ទសវត្សន៍មកនេះនាង​មិន​ធ្លាប់​ចេញមុខបក ស្រាយឬបំភ្លឺរឿងមួយនេះនៅចំពោះមុខអ្នកសារព័តមានឬFan ឲ្យបាន​ច្បាស់​លាស់ម្ដងណាទេ ហើយចម្លើយរបស់នាងមានដែដដែល គឺ”ចង់ពង្រឹងអាជីពចម្រៀង ជាង​គិតគូររឿងស្នេហា”។ការវាបែបនេះរបស់ពិសី ច្បាស់ណាស់ថាបុរសដែលលង់​ស្នេហា​នាងនៅតែ​មានសិទ្ធិអាចចូលទៅប្រជែងដណ្ដើមយកបេះដូង​ស្រីស្អាតរូបនេះបាន​គ្រប់ពេល​មុន​ថ្ងៃនាងចូលរោងការ។

ក្រៅពីសុខ ពិសី តារាដែលជ្រើសរើសផ្លូវសាងស្នេហ៍ដោយមិនបើកចំហនៅឆ្នាំ២០២៤ នេះមានដូចជាតន់ ច័ន្ទសីម៉ា ,រ៉េត ស៊ូហ្សាណា ,យូរី និងសុខ សោម៉ាវត្តី ជាដើម ៕

RELATED ARTICLES