Sunday, April 28, 2024
Homeតារាខ្មែរបេប៊ី ៖ថាទីផ្សារចម្រៀងបច្ចុប្បន្នមិនដូចមុន

បេប៊ី ៖ថាទីផ្សារចម្រៀងបច្ចុប្បន្នមិនដូចមុន

ភ្នំពេញ៖បេប៊ី បានឲ្យដឹងថាសម្រាប់ការវិលវិញជាថ្មីលើកនេះរូបនាងពិត​ជាមើលឃើញថាទីផ្សារ​ចម្រៀងនាពេលបច្ចុប្បន្នមិនដូចពីមុនឡើយ​។ការថ្លែងបែបនេះរបស់ស្រីស្រស់ជុំ រចនាពេជ្រ ហៅ​បេប៊ី បន្ទាប់ពីនាងទើបតែត្រ​ឡប់​មកកាន់ក្បាលមីក្រូបានជាង៥ខែប៉ុណ្ណោះ ក្រោយ​បាត់​មុខពីឆាកតន្រ្ដីដល់ទៅ៣ឆ្នាំ។

 បេប៊ី ថ្លែងប្រាប់អ្នកយកព័តមានយើងតាមទូរស័ព្ទកាលពេលថ្មីៗ​នេះថាតាំងពីចាប់ផ្ដើម​អាជីពចាស់នេះសារជាថ្មីមកនាងចេញច្រៀងសម្ដែងបានឆាកតូចៗច្រើនជាងឆាកធំ នៅតាម​ខេត្ត​​ក្រុងមួយចំនួន ព្រោះថាបច្ចុប្បន្នទីផ្សារចម្រៀងមិនដូចពីមុននោះទេ ដោយសារតែ​តារា​មាន​ច្រើន ការគាំទ្រត្រូវបែកខ្ញែក។យ៉ាងណាស្រីស្រស់ថាថ្មីៗ​នេះ​នាងទើបបាន​ចេញបទ​ចម្រៀង​កន្ទ្រឹមជាលើកដំបូងក្នុងអាជីពនោះគឺបទ”កន្រ្ទឹមបាត់បង “ ដែលជារស​ជាតិថ្មីមួយ​ទៀតសម្រាប់នាង ព្រោះកន្លងមកនាងច្រើនតែច្រៀងបទញាក់ តែពេលនេះបានផ្លាស់ប្ដូរការ​ច្រៀងចង្វាក់ថ្មី​មួយ​នេះ ដើម្បីជាការសាទរសម្រាប់ពិធីបុណ្យប្រពៃណី​ចូលឆ្នាំខ្មែរខាង​មុខនេះ​ផង ។យ៉ាងណា​បេ​ប៊ី ថាការធ្វើបទចម្រៀងរបស់នាងគឺអាស្រ័យទៅលើទីផ្សារនាពេលបច្ចុប្បន្ន ពោលគឺមិនមែន​ច្រៀងតែញាក់ ឬស្លូវសុទ្ធគ្រប់ពេលឡើយ ។

 បេប៊ី បានផ្អាកការច្រៀងសម្ដែងអំឡុងពេលផ្ទុះកូវីដ ហើយនៅខែ១១ ឆ្នាំ២០២៣ ទើប​នាងវិលត្រឡប់មកកាន់ក្បាលមីក្រូជាថ្មី ប៉ុន្ដែមកលើកនេះមិនមែនក្នុងនាមជាតារាថោន ទៀត​នោះទេគឺជាតារាចម្រៀងឯករាជ្យផលិតបទចម្រៀងដោយខ្លួនឯង។បេប៊ី ថាថ្វីត្បិតតែអាជីព​ចម្រៀងនាពេលបច្ចុប្បន្នពិបាកប្រកួតប្រជែងនិងដណ្ដើមភាពលេចធ្លោជាងមុនមែន តែនាង​គ្មាន​​​បំណងវិលងត្រឡប់ទៅរកអាជីពចាស់តាមរយៈការធ្វើជាពិធីការិនីម្ដង​ទៀតឡើយ បើ​ទោះ​​ជារូបនាងបានតស៊ូជាមួយអាជីពចាស់មួយនេះជាច្រើនឆ្នាំ ហើយអាជីព​ចម្រៀង​ជាជំ​ហ៊ានបន្ទាប់របស់នាងក៍ដោយ។

 បេប៊ី ថ្លែងថា “ខ្ញុំគ្មានបំណងវិលត្រឡប់ទៅធ្វើជាMC ម្ដងទៀតនោះទេ ។ខ្ញុំស្រលាញ់​ចម្រៀង ត្រូវប្រឹងបញ្ចេញ​សម្ថភាពឲ្យអស់តាមដែលអាចធ្វើទៅបាន ។ខ្ញុំមកវិញនេះមិនមែន​ដើម្បី​ប្រជែងជាមួយអ្នកណាទេ គឺខំប្រឹងដោយ​ខ្លួនឯងគេល្បីបែបគេ យើងល្បីបែបយើង “។

 អ្នកជំនាញសិល្បៈបានលើកឡើងថាបច្ចុប្បន្នតារាកាន់តែច្រើនងាកមកធ្វើបទចម្រៀងដោយខ្លួនឯង ព្រោះពួកគេខ្លះមិនសូវត្រូវបានផលិតកម្មយកចិត្តទុកដាក់ធ្វើបទចម្រៀងឲ្យ និង​ខ្លះទៀតចង់ចេញបទចម្រៀងដែលខ្លួនឯងស្រលាញ់ ហេតុនេះត្រូវតែចំណាយលុយផ្ទាល់ខ្លួន ធ្វើបទដែលខ្លួនចង់ច្រៀង ត្រូវនឹងសម្លេងខ្លួន ។

បេប៊ី បន្ថែមទៀតថា”កាលខ្ញុំច្រៀងនៅផលិតកម្ម ខាងក្រុមហ៊ុនជាអ្នកធ្វើ​បទឲ្យនិង​ការ​ថតMV គេចំណាយទាំងអស់ ។ប៉ុន្ដែពេលយើងច្រៀងខ្លួនឯង ចំណាយលុយផ្ទាល់ខ្លួនទាំង​ការ​ធ្វើបទ និងការថតMV តែនេះមិនមែនជាលើកដំបូងនោះទេ ព្រោះខ្ញុំធ្លាប់ចាយលុយធ្វើបទ​ខ្លួន​ឯង​​​ជាយូមកហើយ  អីចឹងទៅជាទម្លាប់ហើយ អត់អីទេ “។

ក្រៅពីបេប៊ី តារាចម្រៀងដែលវិលត្រឡប់មកវិញ ក្រោយផ្អាកពីសិល្បៈជាច្រើនឆ្នាំមាន​ដូចជាអ្នក​នាង​ឡាយ លក្ខិណា ,លោកឃុំ ប៉ុណ្ណាដែត និងនារីរ័ត្ន គន្ធា ជាដើម ។សម្រាប់បេប៊ី វិញអំឡុងពេលដែលសុខៗសា្រប់តែបាត់ខ្លួនពីអាជីពចម្រៀងនោះនាងធ្លាប់ត្រូវបានគេសង្ស័យ​ថាអាចមានគូស្នេហ៍ហួងហែង រហូតមានអ្នកខ្លះថានាង​មិនត្រូវបានម្ចាស់ចិត្តឲ្យវិលរកអា​ជីព​ចាស់ទៀតផង ។ប៉ុន្ដែបេប៊ី ថានាងជាប់ដៃបើកហាងកាហ្វេ ដែលពង្រីក​ជាច្រើនសាខា ទើ​ប​រកតែពេលដកឃ្លាមកច្រៀងរាំមិនកើត ។នាងរចនាពេជ្រ ថាពេលនេះហាងកាហ្វេនាងបាន​បង​ប្រុសនាងមើលខុសត្រូវជំនួស ហើយពេលទំនេរពីការងារសិល្បៈរូបនាងក៍ឆ្លៀត​ទៅមើល​ហាងម្ដងៗដែរ ។

សូមបញ្ជាក់ថាបេប៊ី បានធ្វើជាពិធីការិនីនៅCTN រយៈពេលជាង១០ឆ្នាំ ប៉ុន្ដែចុង​ក្រោយ​នាងបោះបង់ទាំងអាជីពMC និងតារាសម្ដែង ដើម្បីផ្ដោតតែលើការច្រៀងតែមួយច្រកប៉ុណ្ណោះ ។អ្នកជំនាញតន្រ្ដីខ្លះថាបេប៊ី មានទឹកដមសម្លេងស្រដៀងទៅនិងសុខ ស្រីនាង ពេលច្រៀង​បទ​ស្លូវ ៕

RELATED ARTICLES