Sunday, April 28, 2024
Homeតារាខ្មែរលោកគួច ខេវិន ៖”ប្រសិនបើមិនបានជួយលើកតម្កើង សូមកុំជាន់ពន្លិចគុណតម្លៃនៃភា​សារជាតិ​សាសន៍​របស់ខ្លួន តាមចរឹកបរទេសនិយមហួស​..."

លោកគួច ខេវិន ៖”ប្រសិនបើមិនបានជួយលើកតម្កើង សូមកុំជាន់ពន្លិចគុណតម្លៃនៃភា​សារជាតិ​សាសន៍​របស់ខ្លួន តាមចរឹកបរទេសនិយមហួស​…”

ភ្នំពេញ៖លោកគួច វិន ដែលធ្លាប់បណ្ដុះបណ្ដាលពិធីករ ពិធីការនី ល្បីល្បាញឈ្មោះជាច្រើនដួងមកហើយនោះបានចេញសារដាស់តឿន ក៍ដូចជាពញាក់ស្មារតីយុវជនខ្មែរផងដែរថាប្រសិន​បើមិនបានជួយលើកតម្កើង សូមកុំជាន់ពន្លិច គុណតម្លៃនៃភាសារជាតិសាសន៍របស់ខ្លួន តាមចឬកបរទេសនិ​យមហួសហេតុ។ប្រតិកម្មរបស់លោកខេវិន នាពេលនេះកើតមានក្រោយពីនៅលើបណ្ដាញសង្គមគេឃើញមានការចែកចាយ(Share) នូវពិធីករ ពិធីការិនី ក្នុងកម្មវិធីThe Thomith Show របស់ទូរទស្សន៍មួយដែលពួកគេជជែក សាសងគ្នាឡើងវ៉ល់ព្រោះនិយាយភាសារខ្មែរ និងបរទេសចូលគ្នា ច្របូកប្រចល់ពេក ហាក់ដូចជាពួកគេកំពុងតែនិយាយនៅតៀមកាហ្វេ ឬ​បា មិនមែនការជាការផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ ហើយសូម្បីតែឈ្មោះកម្មវិធីក៍មិនមែនជាភាសារជាតិផងដែរ ។មហាជនជាច្រើនបានលើកឡើងថាសិល្បៈជាអាវុធមុខពីរ បើបង្ហាញត្រូវ និងឲ្យគេយកគំរូតាមល្អ តែបើខុសគឺប៉ះពាល់ធ្ងន់ធ្ងរដល់សង្គម ។

អតីតអគ្គនាយកទូរទស្សន៍CTN ,SEA TV និងETV លោកគួច ខេវិន បានថ្លែងសារបង្កប់ទៅដោយខ្លឹមសារស៊ីជម្រៅពញាក់ដល់កូនខ្មែរទាំងឡាយថា”ក្នុងសកម្មភាពសិល្បៈរបស់ខ្ញុំកន្លងមក ខ្ញុំបានធ្វើការផលិតកម្មវិធី និងបណ្តុះ បណ្តាលសមត្ថភាពពិធីករ ពិធីការនីជាច្រើននាក់ សម្រាប់ការងារទូរទស្សន៍និងកម្មវិធីជាសាធារណៈផ្សេងៗទៀត ពួកគេមានកម្រិតវប្បធ៌មជំនាញ ភាសាជាតិនិងភាសាបរទេសយ៉ាងស្ទាត់ជំនាញទាំងការសន្ទនានិងបកប្រែ ក៏ប៉ុន្តែនៅក្នុងកម្មវិធីនិមួយៗពួកគេបានប្រកាន់ខ្ជាប់នូវអត្តសញ្ញាណជាតិខ្មែររបស់ខ្លួនយ៉ាងល្អប្រ​សើរ​ដោយមិនប្រើភាសាច្របូកច្របល់តាមទំនើងចិត្តនោះឡើយ។ ពិធីករពិធីការនីមានតួនាទីសំខាន់ក្នុងការបង្ហាញនូវគោលគំនិត អត្ថប្រយោជន៍នៃកម្មវិធីជាពិសេសបង្ហាញនូវអត្តសញ្ញាណថ្លៃថ្នូររបស់ជាតិសាសន៍ខ្លួនទាំងអកប្បកិរិយានិងពាក្យសម្តី។

“ភាសារលត់ជាតិរលាយ ភាសាពណ្ណរាយជាតិថ្កើងថ្កាន” បើយើងជាកូនខ្មែរមិនចេះថែរក្សាលើក ស្ទួយផ្តល់គុណតម្លៃចំពោះភាសាជាតិខ្មែររបស់ខ្លួន តើគួរគប្បីទុកឲ្យជាតិសាសន៍ណាគេមកលើកតម្កើងជំនួស? ប្រសិនបើមិនបានជួយលើកតម្កើងសូមកុំជាន់ពន្លិចគុណតម្លៃនៃភា​សារជាតិសាសន៍របស់ខ្លួនតាមចរឹកបរទេសនិយមហួសហេតុ “។

 លោកសេត គឹមសឿន ជាអ្នកផលិតនិងដឹកនាំកម្មវិធីសិល្បៈរបស់ទូរទស្សន៍CNC បានប្រាប់”នគរធំ”តាមទូរស័ព្ទកាលពីរសៀលថ្ងៃទី២០ ខែមីនា ថាជាទូទៅការចេញកម្មវិធីមួយយើង​​បានសិក្សារពីកម្មវិធីនោះច្បាស់ហើយ និងគោរពទៅ​តាមច្បាប់ មិនឲ្យប៉ះពាល់ដល់វប្បធ័ម និងប្រពៃណីរបស់ខ្មែរយើងទេ ។ប៉ុន្ដែលោកថាមិនមានក្រសួង ឬស្ថាប័នពាក់ព័ន្ធតម្រូវឲ្យអ្នកផលិតកម្មវិធីនៅខ្មែរត្រូវតែធ្វើកម្មវិធីដាក់ចំណងជើងជាអក្សរខ្មែរនោះឡើយ គឺនៅលើអ្នកផលិតចង់បានគេធ្វើបែបនោះ។លោកថាការផលិតកម្មវិធីទូរស្សន៍នាពេលបច្ចុប្បន្នមិនមានការឆ្លងទៅក្រសួងពាក់ព័ន្ធទេ គឺសា្ថនីយ៍ជាអ្នកផលិតនិងអ្នកដឹកនាំទទួលខុសត្រូវដោយខ្លួនឯង ព្រោះការធ្វើការងារនោះស្រដៀងគ្នាទៅនិងក្រសួងព័តមានដែរពោលគឺសេរីភាព ការផ្សាយ ។ប៉ុន្ដែលោកថាយើងជាខ្មែរមានការប្រុងប្រយ័ត្នណាស់ មុនចេញកម្មវិធីមួយៗ ព្រោះយើងមានវប្បធ័ម ប្រពៃណរបស់យើង មិនដូចបរទេសទេ ពេលខ្លះកម្មវិធីគេស៊ិចស៊ីខ្លាំងណាស់ …។លោកគឹមសឿន សង្កត់ថាមិនមែនតែការផលិតកម្មវិធីទូរទស្សន៍នោះទេ ដែលមិនឆ្លងទៅក្រសួងពាក់ព័ន្ធឬថ្នាក់លើនោះ តែការផលិតរឿងរបស់ស្ថានីយ៍ទូរទស្សន៍នីមួយៗក៍ខាងប៉ុស្ដិ៍គេទទួលខុសត្រូវដោយខ្លួនគេដែរ លើកលែងតែជារឿងដុំបញ្ចាំងតាមរោងទើបត្រូវតែឆ្លងក្រសួងពាក់ព័ន្ធសិនមុនដាក់បញ្ចាំង ។

  គួរបញ្ជាក់ថាលោកគួច ខេវិន ធ្លាប់បានដឹកនាំនិងគ្រប់គ្រងកម្មវិធីសិល្បៈរយៈពេលជាង២០ឆ្នាំមកហើយ ដែលក្នុងនោះកម្មវិធីដែលលោកផលិតចេញមកសុទ្ធតែបង្កប់ទៅដោយខ្លឹមសារអប់រំ ,បង្ហាញពីប្រពៃណីខ្មែរ និងអភិរក្សពីភាសារជាតិសឹងគ្រប់ពេល។មានពិធីករ ពិធីការិនីជាច្រើនណាស់ដែលបានល្បីល្បាញឈ្មោះក្រោមការដឹកនាំរបស់លោកខេវិន និងបន្ដអាជីពសិល្បៈរហូតមកដល់បច្ចុប្បន្ន  ៕

RELATED ARTICLES