Monday, April 29, 2024
Homeព័ត៌មានអន្តរជាតិពូទីន ព្រមានប្រើអាវុធនុយក្លេអ៊ែរ បើអធិបតេយ្យ ឬឯករាជ្យភាពរុស្ស៊ី ត្រូវបានគំរាមកំហែង

ពូទីន ព្រមានប្រើអាវុធនុយក្លេអ៊ែរ បើអធិបតេយ្យ ឬឯករាជ្យភាពរុស្ស៊ី ត្រូវបានគំរាមកំហែង

រុស្ស៉ី ៖ ប្រធានាធិបតីរុស្ស៉ី លោកវ៉្លាឌីមៀរ ពូទីន បានព្រមានថា រុស្ស៊ី ត្រៀមខ្លួនប្រើអាវុធនុយក្លេអ៊ែរ ប្រសិនបើអធិបតេយ្យ ឬឯករាជ្យភាពរបស់រុស្ស៊ី ត្រូវបានគំរាមកំហែងនៅក្នុងគ្រោះថ្នាក់ តែលោកបាននិយាយថា លោកមិនដែលគិតពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ក្នុងសង្គ្រាមអ៊ុយក្រែន ទេ។

ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀរ ពូទីន (Vladimir Putin) បានផ្តល់បទសម្ភាសន៍ដល់ទីភ្នាក់ងារព័ត៌មានរដ្ឋ ចំនួនពីរ គឺ Rossiya1 និង RIA Novosti នៅមុនការបោះឆ្នោតទូទៅ នៅក្នុងប្រទេសរុស្ស៊ី ចន្លោះពីថ្ងៃទី១៥-១៧ ខែមីនា ឆ្នាំ២០២៤ គេរំពឹងថា លោកពូទីន ពិតជានឹងឈ្នះតំណែងប្រធានាធិបតីម្តងទៀត។

លោកប្រធានាធិបតី ពូទីន បានផ្តល់ការព្រមានដ៏គួរឱ្យភ័យខ្លាចថា រុស្ស៊ី ត្រៀមខ្លួនប្រើអាវុធនុយក្លេអ៊ែរ បើអធិបតេយ្យ ឬឯករាជ្យភាពរបស់រុស្ស៊ី ត្រូវបានគំរាមកំហែង។

លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បានថ្លែងថា «យើងមានគោលការណ៍របស់យើង។ អ្វីដែលគេកំពុងនិយាយអំពីយើងត្រៀមខ្លួនប្រើអាវុធផ្សេងៗ រួមទាំងអាវុធទាំងអស់ រួមទាំងអាវុធដែលអ្នកបានបញ្ជាក់ ប្រសិនបើយើងកំពុងនិយាយអំពីអត្ថិភាពនៃរដ្ឋរុស្ស៊ី»។

ក្នុងកម្មវិធីរបស់ប៉ុស្តិ៍ទូរទស្សន៍ពីរ ដែលត្រូវបានចាក់ផ្សាយ កាលពីថ្ងៃពុធ ទី១៣ ខែមីនា ឆ្នាំ២០២៤ លោកពូទីន បានបញ្ជាក់ថា «យើងសរសេរអំពីអ្វីគ្រប់យ៉ាងនៅក្នុងផែនការយុទ្ធសាស្រ្តរបស់រុស្ស៊ី ហើយនឹងមិនផ្លាស់ប្តូរទេ»។ លោក ពូទីន បាននិយាយថា យោធារុស្ស៊ី មានអាវុធនុយក្លេអ៊ែរ ត្រៀមរួចជាស្រេច ប៉ុន្តែលោកបានសង្កត់ ធ្ងន់ថា លោកមិនដែលមានអារម្មណ៍ថា ត្រូវការប្រើអាវុធនុយក្លេអ៊ែរ ក្នុងសង្គ្រាមអ៊ុយក្រែន ដែលបានបន្តជាង២ឆ្នាំមកហើយនោះទេ៕

RELATED ARTICLES