ប៉ារីស (បារាំង) ៖ រដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា ដឹកនាំដោយលោក សម រង្ស៊ី អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) បានប្រកាសដាក់ពាក្យបណ្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីទាមទារយកទឹកដីខ្មែរ ដែលថៃ រំលោភយក ចំនួន៤៩តំបន់ មកវិញ តាមរយៈមេធាវីអន្តរជាតិ និងឯកសារភ័ស្តុតាង ផែនទីខ្នាត ១/២០០ ០០០ ។

លោក អ៊ុំ សំអាន អតីតតំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប នៃអតីតគណបក្សសង្រ្គោះជាតិ និងជាប្រធានស្ថាប័នអធិបតេយ្យជាតិ ព្រំដែននិងអន្តោប្រវេសន៍ នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា បានសរសេរនៅក្នុងគណនីនិងទំំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ ថា “ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ ថ្ងៃនេះ ខ្ញុំបានដាក់ជូនមេធាវីអន្តរជាតិ នូវឯកសារ ភ័ស្តុតាង និងផែនទីខ្នាត ១/២០០ ០០០ ដែលបញ្ជាក់ពីទីតាំងមួយចំនួន ស្ថិតក្នុងដែនដីខ្មែ រដើម្បីរៀបចំពាក្យបណ្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ។ ពាក្យបណ្តឹងទៅ ICJ គឺគ្រោងប្តឹងថៃ ដោយទាមទារមកវិញនូវទឹកដីខ្មែរ ចំនួន ៤៩តំបន់ ដែលរួមមានទាំងផ្ទះតាម៉ុក នៅជិតប្រាសាទព្រះវិហារ ដែនសមុទ្រត្រួតស៊ីគ្នាទំហំ ២៦០០០គីឡូម៉ែត្រការ៉េ និងយ៉ាងហោចនៃពាក់កណ្តាលកោះគុត ជាដើម។ សព្វថ្ងៃនេះ ៤៩តំបន់នោះ ត្រូវបានថៃ កំពុងគ្រប់គ្រង។ នៅពេលមេធាវីអន្តរជាតិ រៀបចំពាក្យបណ្តឹងរួចរាល់ រដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា នឹងដាក់ពាក្យបណ្តឹងជាផ្លូវការ ទៅ ICJ។ ពាក្យបណ្តឹងទៅ ICJ ក៏ទាមទារសំណងពីមេដឹកនាំថៃ និងមេដឹកនាំយោធាថៃ ផងដែរ។ រដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា បានដាក់ពាក្យបណ្តឹងជាផ្លូវការ ទៅ ICC រួចហើយ។ បើតាមព័ត៌មានពីមេធាវីអន្តរជាតិ នៃរដ្ឋាភិបាលកម្ពុជាឯក រាជ្យ២៣តុលា រដ្ឋអាជ្ញានៃ ICC នឹងកោះហៅតំណាងរដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា និងមេធាវីអន្តរជាតិ នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា ទៅជួបក្នុងពេលឆាប់ៗនេះ គឺ ១ខែបន្ទាប់ពីការដាក់ពាក្យបណ្តឹង។ នេះជាដំណឹងល្អ ជាជំហានដំបូងនៃប្រជាជនកម្ពុជា និងប្រជាជាតិខ្មែរ“ ។

នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ លោក អ៊ុំ សំអាន បានបង្ហោះក្នុងគណនីនិងទំព័រហ្វេសប៊ុក របស់លោក នូវរូបផែនទីមួយចំនួន ជាមួយសំណេរបន្ថែមថា “ផែនទីខ្នាត ១/២០០ ០០០ ទាំងនេះ បង្ហាញថា ភ្នំទ្រព្យ ស្ថិតក្នុងទឹកដីខ្មែរ ប្រមាណ ២៥១៤ម៉ែត្រ ពីខ្សែបន្ទាត់ព្រំដែន។ ផែនទីទី១ ដល់ទី៤ ជាផែនទីតម្កល់នៅបណ្ណាល័យសភាសហ រដ្ឋអាមេរិក។ ផែនទីទី៥ ជាផែនទីតម្កល់នៅវិទ្យាស្ថានជាតិភូមិសាស្រ្ត (IGN) នៅទីក្រុងប៉ារីសប្រទេសបារាំង។ ផែនទីខ្នាត ១/២០០ ០០០ ទាំងនេះ ជាផែនទីឧបសម្ព័ន្ធភ្ជាប់សន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ ដែលផែនទីទាំង នេះ គូសដោយគណៈកម្មការព្រំដែនចម្រុះបារាំង-សៀម នៅចន្លោះឆ្នាំ១៩០៧-១៩០៩។ តាមផែនទីខ្នាត ១/២០០ ០០០ នេះ យើងក៏រកឃើញផ្ទះតាម៉ុក ឬផ្ទះក្រហម ឬផាម៉អ៊ីដែង ដែលនៅជិតប្រាសាទព្រះវិហារ គឺស្ថិតក្នុងទឹកដីខ្មែរ ផងដែរ។ ខ្ញុំបានដាក់ជូនមេធាវីអន្តរជាតិ នូវផែនទីទាំងនេះ ដើម្បីភ្ជាប់នឹងពាក្យបណ្តឹង ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ។ ប្រសិនបើ ICJ កាត់ក្តីឲ្យកម្ពុជា ឈ្នះក្តីលើថៃ តាមផែនទីខ្នាត ១/២០០ ០០០ នោះភ្នំទ្រព្យ នឹងត្រូវថៃ ប្រគល់មកឲ្យកម្ពុជា វិញ ដូចករណីប្រាសាទព្រះវិហារ ឆ្នាំ១៩៦២។ ពាក្យបណ្តឹងទៅ ICJ គឺរដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា គ្រោងប្តឹងថៃ ដោយទាមទារមកវិញនូវទឹកដីខ្មែរ ចំនួន ៤៩តំបន់ ដែលរួមមាន ភ្នំទ្រព្យ អូរស្មាច់ ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី ប្រាសាទខ្នារ ភូមិជោគជ័យ ភូមិព្រៃចាន់ បឹងត្រកួន ថ្មដា ច្រកអានសេះ ផ្ទះតាម៉ុក នៅជិតប្រាសាទព្រះវិហារ ដែនសមុទ្រត្រួតស៊ីគ្នា ទំហំ ២៦០០០គីឡូម៉ែត្រការ៉េ និងយ៉ាងហោចនៃពាក់កណ្តាលកោះគុត ។ល។“ ។

នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ លោក អ៊ុំ សំអាន បានបង្ហោះក្នុងគណនីនិងទំព័រហ្វេសប៊ុក របស់លោកដដែល នូវរូបផែនទីមួយចំនួនទៀត ជាមួយសំណេរបន្ថែមថា “ផែនទីខ្នាត ១/២០០ ០០០ ទាំងនេះ បង្ហាញថា ច្រកអានសេះ ស្ថិតក្នុងទឹកដីខ្មែរ។ ទាហានថៃ កំពុងគ្រប់គ្រងរហូតដល់កាស៊ីណូខ្មែរ នៅច្រកអានសេះ ដែលមានចម្ងាយប្រមាណ ២គីឡូម៉ែត្រ ពីខ្សែបន្ទាត់ព្រំដែន។ ផែនទីទី១ ដល់ទី៦ ជាផែនទីតម្កល់នៅបណ្ណាល័យសភាសហរដ្ឋ អាមេរិក។ ផែនទីខ្នាត ១/២០០ ០០០ ទាំងនេះ ជាផែនទីឧបសម្ព័ន្ធភ្ជាប់សន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និង១៩០៧ ដែលផែនទីទាំងនេះ គូសដោយគណៈកម្មការព្រំដែនបារាំង-សៀម នៅចន្លោះឆ្នាំ១៩០៧-១៩០៩។ តាមផែនទីខ្នាត ១/៥០ ០០០ ដែលថៃ បានគូសដោយឯកតោភាគី គឺច្រកអានសេះ ស្ថិតក្នុងទឹកដីថៃ រហូតហួសរង្វង់មូលតាអ៊ុំ បន្តិច។ ផែនទីខ្នាត ១/៥០ ០០០ របស់ថៃ មិនមានការទទួលស្គាល់ពីតុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងមិនមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិនោះទេ ប៉ុន្តែផែនទីខ្នាត ១/២០០ ០០០ របស់បារាំង គឺមានការទទួលស្គាល់ពី ICJ និងមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។ ហេតុនេះហើយ ទើបថៃ មិនហ៊ានឡើងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ជាមួយកម្ពុជា នោះទេ ហើយអះអាងថា ខ្លួនមិនទទួលស្គាល់យុត្តាធិការរបស់ ICJ ព្រោះថៃ ដឹងខ្លួនថា នឹងចាញ់ក្តីនៅ ICJ ដូចករណីប្រាសាទព្រះវិហារ បើថៃ ព្រមឡើងទៅ ICJ ជាមួយកម្ពុជា ម្តងទៀត។ ដូច្នេះចំណុចខ្សោយរបស់ថៃ គឺ ICJ គឺថៃ ខ្លាច ICJ ដូចខ្លាចខ្លា ឬតោ។ កម្ពុជា នឹងក្លាយជាខ្លា ឬតោ បើកម្ពុជា អាចអូសកថៃ ឡើងទៅ ICJ ម្តងទៀត ប៉ុន្តែបើកម្ពុជា មិនអាចអូសថៃ ឡើងទៅ ICJ ទេ នោះកម្ពុជា នឹងក្លាយសត្វឈ្លូស ក្នុងចង្កូមខ្លា របស់ថៃ។ ខ្ញុំបានដាក់ជូនមេធាវីអន្តរជាតិ នូវផែនទីទាំងនេះ ដើម្បីភ្ជាប់នឹងពាក្យបណ្តឹង ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ។ ប្រសិនបើ ICJ កាត់ក្តីឲ្យកម្ពុជា ឈ្នះក្តីលើថៃ តាមផែនទីខ្នាត ១/២០០ ០០០ នោះច្រកអានសេះ នឹងត្រូវថៃ ប្រគល់មកឲ្យកម្ពុជា វិញដូចករណីប្រាសាទព្រះ វិហារ ឆ្នាំ១៩៦២។ ពាក្យបណ្តឹងទៅ ICJ គឺរដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា គ្រោងប្តឹងថៃ ដោយទាមទារមកវិញនូវទឹកដីខ្មែរ ចំនួន ៤៩តំបន់ ដែលរួមមាន ភ្នំទ្រព្យ អូរស្មាច់ ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ ប្រា សាទតាក្របី ប្រាសាទខ្នារ ភូមិជោគជ័យ ភូមិព្រៃចាន់ បឹងត្រកួន ថ្មដា អូរភ្លុកដំរី ច្រកអានសេះ ភ្នំ៣៥០ ភ្នំប៉ោយ ផ្ទះតាម៉ុក នៅជិតប្រាសាទព្រះវិហារ ដែនសមុទ្រត្រួតស៊ីគ្នា ទំហំ ២៦០០០គីឡូម៉ែត្រការ៉េ និងយ៉ាងហោចនៃពាក់កណ្តាលកោះគុត ។ល។“ ។
បន្ថែមលើសំណេរតាមបណ្ដាញសង្គម ខាងលើនេះ លោក អ៊ុំ សំអាន បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ថា យើងសង្ឃឹមថា នឹងអាចទាមទារទឺកដីទាំង៤៩តំបន់នោះ បានមកវិញ នៅពេលដែលយើងដាក់ពាក្យបណ្ដឹងទៅ ICJ ហើយមួយទៀត សង្ឃឹមថា ថៃ ព្រមឡើងទៅ ICJ ជាមួយយើង ដើម្បីដោះ ស្រាយបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ។

លោក អ៊ុំ សំអាន បានមានប្រសាសន៍ថា “បាទ! ខ្ញុំកំពុងរៀបចំឯកសារ ជាមួយមេធាវីអន្តរជាតិ ហើយបន្ទាប់ពីរៀបចំពាក្យបណ្ដឹងហ្នឹងហើយ យើងនឹងដាក់ពាក្យបណ្ដឹងទៅ ICJ ជាផ្លូវការ ទាមទារទឹកដីខ្មែរ ចំនួន៤៩តំបន់ហ្នឹង ហើយសង្ឃឹមថា នឹងអាចទាមទារទឺកដីទាំងនោះបានមកវិញ ពេលដែលយើងដាក់ពាក្យបណ្ដឹងទៅ ICJ ហើយមួយទៀត សង្ឃឹមថា ថៃ ព្រមឡើងទៅ ICJ ជាមួយយើង ដើម្បីដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ។ យើងជំរុញឲ្យរដ្ឋាភិបាលលោកហ៊ុន ម៉ាណែត គាត់ដាក់ពាក្យបណ្ដឹងទៅ ICJ ដែរ ក៏ប៉ុន្តែអត់បានដាក់ ពាក្យបណ្ដឹងទៅ ICJ ដល់អ៊ីចឹងទៅ យើងអត់មានជម្រើសទេ មានតែយើងប្ដឹងជំនួសរដ្ឋាភិបាលលោកហ៊ុន ម៉ាណែត នៅពេលដែលគាត់អត់ព្រមដាក់ពាក្យបណ្ដឹង ។ លើកមុនហ្នឹង ថាដាក់ពាក្យប្ដឹង កាលពីខែមិថុនា ឆ្នាំ២០២៥ ហ្នឹង យើងឆែកនៅវេបសាយ ICJ ហើយ គឺអត់មានរដ្ឋាភិបាលលោកហ៊ុន ម៉ាណែត បានដាក់ពាក្យបណ្ដឹងនៅឡើយ ។ អ៊ីចឹងហើយ បានជាយើងដាក់ពាក់បណ្ដឹង ដោយសារលោកហ៊ុន ម៉ាណែត អត់ព្រមប្ដឹង ហើយថ្មីៗនេះ យើងបានដាក់ពាក្យបណ្ដឹងរួចហើយ ទៅ ICC តុលាការព្រហ្មទណ្ឌអន្តរជាតិ ដែលប្ដឹងពីបញ្ហាដែលថៃ ទម្លាក់គ្រាប់បែក មកលើប្រទេសកម្ពុជា ហ្នឹង ។ ឯទៅដល់ ICJ នេះ យើងប្ដឹងទាមទារទឹកដី ចំនួន៤៩តំបន់ ហើយនិងទាមទារសំណងការខូចខាត ដូចជា ផ្ទះសម្បែង វត្តអារាម ប្រាសាទអីហ្នឹង ពីថៃ ផងដែរ ។ ថៃ ប្រើផែនទីខ្នាត ១/៥០ ០០០ ដែលជាផែនទីគូសដោយឯកតោភាគី ដល់កម្ពុជា យើង ដែលខ្ញុំដាក់ប្ដឹងនេះ យើងប្រើផែនទីខ្នាត ១/២០០ ០០០ ដែលជាផែនទីដែលគូសដោយគណៈកម្មការព្រំដែនបារាំង-សៀម ដែលមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ ។ ដល់ផែនទីថៃ អត់មានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិទេ ។ ដូច្នេះពេលដែលយើងប្ដឹង ថៃ ប្រាកដជាចាញ់ក្ដីយើងនៅ ICJ ដូចករណីប្រាសាទព្រះវិហារ ហើយត្រូវប្រគល់ទឹកដីកម្ពុជា យើង ដែលថៃ កំពុងគ្រប់គ្រង ៤៩តំបន់ហ្នឹង មកឲ្យកម្ពុជា វិញ អាហ្នឹងយើងសង្ឃឹមអ៊ីចឹង“ ៕ កុលបុត្រ
