Monday, April 29, 2024
Homeព័ត៌មានអន្តរជាតិប៉ុស្តិ៍ប៉ូលិសនៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ត្រូវភ្លើងឆេះ

ប៉ុស្តិ៍ប៉ូលិសនៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ត្រូវភ្លើងឆេះ

ក្រុងឡុងដ៍ (អង់គ្លេស) ៖ នាយកដ្ឋានពន្លត់អគ្គិភ័យ បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យ ប្រមាណ៣០គ្រឿង មកពីបណ្តាស្រុកនានា សរុបរថយន្តពន្លត់អគ្គិភ័យ ប្រមាណ ១៧៥គ្រឿង ដើម្បីពន្លត់អគ្គិភ័យ បន្ទាប់ពីមានអគ្គិភ័យបានឆាបឆេះប៉ុស្តិ៍ប៉ូលិស ហ្វរេស ហ្គេត  (Forest Gate) កាលពីល្ងាចថ្ងៃពុធ ទី០៦ ខែមីនា ឆ្នាំ២០២៤ នេះបើយោងតាមសេចក្តីរាយការណ៍ព័ត៌មានក្នុងស្រុក ។

មន្ត្រីប៉ូលិសអង់គ្លេសម្នាក់ បានឲ្យដឹងថា អគ្គិភ័យបានឆបឆេះប៉ុស្តិ៍ប៉ូលិស ហ្វរេស ហ្គេត  (Forest Gate) បានកើតឡើងនៅវេលាម៉ោងប្រហែល ៤រសៀល (ម៉ោងក្នុងស្រុក ឬប្រហែលម៉ោង១១យប់ ម៉ោងនៅកម្ពុជា) ថ្ងៃពុធ ទី០៦ ខែមីនា ឆ្នាំ២០២៤ ហើយគេជឿថា ភ្លើងបានឆាបឆេះចេញពីជាន់ទី៣ នៃអគារការិយាល័យប៉ូលិសនេះ ហើយភ្លើងបានឆេះយ៉ាងសន្ធោសន្ធៅ រហូតដល់ដំបូលប៉ុស្តិ៍ប៉ូលិសទាំងមូល រងការខូចខាត ទម្រាំសមត្ថកិច្ចជំនាញអាចគ្រប់គ្រងបានទាំងស្រុង ។

អំឡុងពេលមានហេតុការណ៍អគ្គិភ័យនេះ មន្ត្រីអាជ្ញាធរមូលដ្ឋាន ​បាន​ប្រាប់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​នោះ ​បិទទ្វារផ្ទះនិង​បង្អួច ​ដើម្បី​ការពារ​ផ្សែង​ពី​ភ្លើង ហើយផ្លូវជាច្រើន ត្រូវបានបិទចរាចរណ៍ ដើម្បីសម្រួលដល់រថ យន្តពន្លត់ភ្លើងកុំឱ្យរាលដាលដល់អគារក្បែរនោះ ខណៈមនុស្សជាច្រើន ឈរមើលភ្លើងទាំងភ័យស្លន់ស្លោ។ចំពោះ​មូលហេតុ​នៃ​ការ​ឆាបឆេះ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​នេះ ​ប៉ូលិស​មិនទាន់អាចបញ្ជាក់បាននៅឡើយ ដោយកំពុង​ស៊ើបអង្កេត​រក​មូលហេតុ​នៃ​ការ​ឆេះ​នេះ​។

មិនមានសេចក្តីរាយការណ៍ពីអ្នករងរបួសពីអគ្គិភ័យខាងលើនេះទេ ខណៈដែលអភិបាលក្រុងឡុងដ៍ លោក សាឌីក ខាន់ (Sadiq Khan) កំពុងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយគណៈកម្មការពន្លត់អគ្គិភ័យ ដើម្បីគ្រប់គ្រង​ស្ថានការណ៍ រហូតអាចគ្រប់គ្រងបានទាំងស្រុង៕

RELATED ARTICLES