Tuesday, May 14, 2024
Homeព័ត៌មានអន្តរជាតិប្រធានគណបក្សភឿថៃ ថាមកទស្សនកិច្ចកម្ពុជា មិនមែនតំណាងថាក់ស៊ីន គ្មានការចរចានយោបាយ

ប្រធានគណបក្សភឿថៃ ថាមកទស្សនកិច្ចកម្ពុជា មិនមែនតំណាងថាក់ស៊ីន គ្មានការចរចានយោបាយ

បាងកក (ប្រទេសថៃ) ៖ លោកស្រីផែថងថាន ស៊ីណាវ៉ាត់ ហៅអ៊ុងអ៊ីង ប្រធានគណបក្សភឿថៃ បានទម្លាយថា ស្ថានភាពរបស់លោកថាក់ស៊ីន ស៊ីណាវ៉ាត់ ឪពុកបង្កើតរបស់លោកស្រី មានភាពប្រសើរឡើង តែគាត់ត្អូញត្អែរថាចង់ទៅឈៀងម៉ៃ ។

លោកស្រីប្រធានគណបក្សភឿថៃ បានពន្យល់ថា លោកស្រីទៅស្រុកខ្មែរ ក្នុងឋានៈជាមេបក្សមិនមែនក្នុងនាមជាតំណាងឪពុករបស់លោកស្រី ហើយគ្មានការចរចានយោបាយអ្វីទេ។

ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ លោកស្រីផែថងថាន ស៊ីណាវ៉ាត់ មេដឹកនាំគណបក្សភឿថៃ បានបង្ហើបថា ស្ថានភាពរបស់លោកថាក់ស៊ីន ស៊ីណាវ៉ាត់ ពេលនេះបានធូរស្រាលហើយ ។ ពេលនេះលោកថាក់ស៊ីន មិនទាន់កំណត់ថា លោកនឹងធ្វើដំណើរទៅណានោះទេ។ ប៉ុន្តែលោកថាក់ស៊ីន ចង់ទៅឈៀងម៉ៃ ជួបសាច់ញាតិរបស់គាត់ នៅពាក់កណ្តាលខែមីនា ឆ្នាំ២០២៤ នេះ ព្រោះគាត់មិនបាននៅស្រុកថៃ យូរមកហើយ ដោតរស់និរទេសនៅបរទេស រហូតដល់បងស្រីរបស់លោកថាក់ស៊ីន ម្នាក់ បានស្លាប់ លោកថាក់ស៊ីន មិនមានឱកាសចូលរួមបុណ្យសពនោះទេ។ ហេតុនេះទើបពេលនេះ លោកចង់ទៅគោរពវិញ្ញាណក្ខន្ធបងស្រី និងសាច់ញាតិត្រកូលស៊ីណាវ៉ាត់ នៅទី នោះ ប៉ុន្តែនៅពេលនេះមិនទាន់មានកាលបរិច្ឆេទកំណត់ថា នៅពេលណានោះទេ។

ចំពោះព័ត៌មានថា សមាជិកសភាគណបក្សភឿថៃ ចង់ទៅជួបលោកថាក់ស៊ីន នៅភូមិគ្រឹះបានចន្ទសងឡា នោះ លោកស្រីប្រធានគណបក្សភឿថៃ បាននិយាយថា កាលបរិច្ឆេទមិនទាន់បានបញ្ជាក់នៅឡើយទេ។ ប៉ុន្តែម្សិលមិញ លោកស្រីបានពិសាអាហារ និងជជែកជាមួយសមាជិកសភាបក្សភឿថៃ ដែលភាគច្រើនចង់ជួបលោកថាក់ ស៊ីន។

គួរបញ្ជាក់ថា លោកស្រីថែថងថាន ស៊ីណាវ៉ាត់ ហៅអ៊ុងអ៊ីង ប្រធានគណបក្សភឿថៃ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៨-១៩ ខែមីនា  ឆ្នាំ២០២៤ ខាងមុខនេះ តបតាមការអញ្ជើញរបស់សម្តេចហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ប៉ុន្តែលោកស្រីថែថងថាន បានបញ្ជាក់ថា ប្រធានបទ និងព័ត៌មានលម្អិតនៃកិច្ចពិភាក្សា មិនទាន់ត្រូវបានកំណត់នៅឡើយ។ ខណ:ដែលមនុស្សខ្លះវិភាគរឿងនេះថា ទៅចរចារឿងជំនួញ និងតំណាងលោកថាក់ស៊ីន ទៅជួបសម្ដេចហ៊ុន សែន ប៉ុន្តែលោកស្រី ផែថងថាន មានបញ្ជាក់ថា រូបគាត់ជាមេដឹកនាំគណបក្សភឿថៃ ដែលជាគណបក្សដឹកនាំរដ្ឋាភិបាល ទៅជួបប្រធានគណបក្សកាន់អំណាចនៅកម្ពុជា ក្នុងនាមជាមេបក្ស មិនមែនជាតំណាងថាក់ស៊ីន អតីតនាយករដ្ឋមន្ត្រីថៃ នោះទេ។

សូមបញ្ជាក់ថា កាលពីថ្ងៃសុក្រ ១៤កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ គណបក្សប្រជាជនកម្ពុជា (បក្សកាន់អំណាច) បានចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់ថា  លោកស្រីផែថងថាន ស៊ីណាវ៉ាត់ ប្រធានគណបក្សភឿថៃ ដែលត្រូវជាកូនស្រីលោកថាក់ស៊ីន ស៊ីណាវ៉ាត់ អតីតនាយករដ្ឋមន្រ្តីថៃ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់គណបក្សភឿថៃ មកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ តបតាមការអញ្ជើញរបស់សម្ដេចហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអតីតនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។

សេចក្តីប្រកាសព័ត៌មានដដែល បន្តថា ការផ្លាស់ប្ដូរទស្សនកិច្ចជាន់ខ្ពស់រវាងគណបក្សទាំងពីរនេះ គឺក្នុងគោល បំណងផ្លាស់ប្ដូរយោបល់លើកិច្ចសហប្រតិបត្តិការនៃប្រទេសជាប់ភូមិផងរបងគ្នា ដើម្បីបម្រើផលប្រយោជន៍រួមរបស់ប្រជាជន និងគណបក្សទាំងពីរ ដោយផ្អែកលើចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងគណ បក្សទាំងពីរ ។

នៅក្នុងដំណើរទស្សនកិច្ចនេះ លោកស្រីផែថងថាន ស៊ីណាវ៉ាត់ នឹងជួបពិភាក្សាទ្វេភាគីជាមួយនឹងសម្ដេចហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជួបសម្ដែងការគួរសមជាមួយនឹងសម្ដេចសាយ ឈុំ ប្រធានព្រឹទ្ធ សភា សម្ដេចឃួន សុដារី ប្រធានរដ្ឋសភា និងសម្ដេចហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ផងដែរ៕ ខៀវទុំ

RELATED ARTICLES