Sunday, June 22, 2025
Homeព័ត៌មានអន្តរជាតិប៉ាឡេស្ទីន ចោទទាហានអ៊ីស្រាអែល បាញ់សម្លាប់ជនស៊ីវិល ១១២នាក់ ពេលប្រមូល​ផ្តុំគ្នាទទួលអំ ណោយស្បៀងអាហារ

ប៉ាឡេស្ទីន ចោទទាហានអ៊ីស្រាអែល បាញ់សម្លាប់ជនស៊ីវិល ១១២នាក់ ពេលប្រមូល​ផ្តុំគ្នាទទួលអំ ណោយស្បៀងអាហារ

ប៉ាឡេស្ទីន ៖ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ ក្រសួងការបរទេស នៃប្រទេសនានា អង្គការជំនួយ និងអង្គការសិទ្ធិមនុស្ស ជុំវិញពិភពលោក បានថ្កោលទោសការសម្លាប់រង្គាលដ៏សាហាវរបស់យោធាអ៊ីស្រាអែល ប្រឆាំងនឹងប៉ាឡេស្ទីន រហូតដល់បង្កនូវសោកនាដកម្ម សម្លាប់មនុស្សយ៉ាងហោចណាស់ ១១២នាក់ និងជាង ២៨០នាក់ រងរបួស នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ពេលប្រជាពលរដ្ឋប៉ាឡេស្ទីន កំពុងរង់ចាំទទួលស្បៀងអាហារពីក្បួនរថយន្តដឹកសម្ភារសង្គ្រោះដល់ប្រជាជនប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សាខាងជើង ដែលកំពុងជួបប្រទះការលំបាក ខ្វះអាហារដោយសារតែសង្គ្រាមអ៊ីស្រាអែល បានវាយប្រហារតំបន់ហ្គាហ្សាស្ទ្រីប ដើម្បីបង្ក្រាបក្រុមហាម៉ាស ដែលបានបន្តអស់រយៈពេលជិត ៥ខែ មកហើយ។

តាមប្រភព BBC បានរាយការណ៍ថា ភាគីទាំងអស់បានយល់ព្រមថា ឧបទ្ទវហេតុនេះ បានកើតឡើងភ្លាមៗ បន្ទាប់ពីម៉ោង ៤:០០នាទីព្រឹក ម៉ោងក្នុងស្រុក នៅលើផ្លូវតាមបណ្តោយឆ្នេរសមុទ្រហ្គាហ្សា មិនឆ្ងាយប៉ុន្មានពីតំបន់ត្រួតពិនិត្យយោធាអ៊ីស្រាអែល ដែលប្រភពប៉ាឡេស្ទីន បានបញ្ជាក់ថា មុនពេលកើតហេតុ ក្បួនរថយន្តដឹកជំនួយ បានឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យ ហើយធ្វើដំណើរឆ្ពោះទៅទិសខាងជើង។ មានរបាយការណ៍ផ្ទុយគ្នាអំពីចំនួនរថយន្តដឹកទំនិញ ដោយប្រភពខ្លះថា មាន ៣០គ្រឿង ខណៈសាក្សីដែលឃើញផ្ទាល់ បាននិយាយថា មាន ១៨គ្រឿង យ៉ាងណា ក្បួនរថយន្តនេះ មានប្រវែងរាប់រយម៉ែត្រ។

ក្រោយកើតហេតុដ៏គួរឲ្យភ្ញាក់ផ្អើល ហ្គាហ្សា និងអាជ្ញាធរអ៊ីស្រាអែល បានលើកឡើងពីភាពមិនស្របគ្នាថា ជាមូលហេតុនៃការស្លាប់ដ៏ធំបំផុតក្នុងចំណោមប្រជាជនប៉ាឡេស្ទីន ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

មន្ត្រីតំបន់ហ្គាហ្សា បានចោទប្រកាន់ទាហានអ៊ីស្រាអែល ថាបានបាញ់សម្លាប់ជនជាតិប៉ាឡេស្ទីន ដែលកំពុងរង់ចាំទទួលអាហារ បណ្ដាលឱ្យមនុស្សស្លាប់ ១១២នាក់ និងរបួសជាង ២៨០នាក់។

អ៊ីស្រាអែល បានបញ្ចេញវីដេអូមួយ ដែលបង្ហាញពីហ្វូងមនុស្សដ៏ច្រើន ជុំវិញរថយន្តដឹកអាហារ ទៅឲ្យប៉ាឡេស្ទីន នៅភាគខាងជើងហ្គាហ្សាស្ទីព (Gaza Strip) នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ ២០២៤ មុនពេលសោកនាដកម្មបានកើតឡើង។

អាជ្ញាធរប៉ាឡេស្ទីន បានថ្កោលទោសទាហានអ៊ីស្រាអែល ថាបានបាញ់ជនស៊ីវិលប៉ាឡេស្ទីនស្លាប់ ១១២នាក់ និងរបួសជាង២៨០នាក់។

អ្នកនាំពាក្យកងកម្លាំងយោធាអ៊ីស្រាអែល (IDF) បានដាក់កំហុសលើជនជាតិប៉ាឡេស្ទីន ទាំងនោះថាជាន់គ្នាស្លាប់ ពេលដើម្បីដណ្តើមយកអាហារ ឬពួកគេត្រូវរថយន្តដឹកសម្ភារៈសង្គ្រោះបុក ខណៈអ្នកបើកបររថយន្តព្យាយាមបើកគេចពីហ្វូងមនុស្សដ៏ច្រើន ។

យោធាអ៊ីស្រាអែល បាននិយាយថា ក្បួនរថយន្តសង្គ្រោះ ត្រូវបានដំណើរការដោយអ្នកម៉ៅការឯកជន។ វាគឺជាផ្នែកមួយនៃបេសកកម្មជួយសង្គ្រោះប៉ាឡេស្ទីន ហើយបានដំណើរការអស់រយៈពេល ៤យប់មកហើយ។

មន្ត្រីអ៊ីស្រាអែល ម្នាក់បាននិយាយថា សោកនាដកម្មនេះ បានកើតឡើងក្នុងព្រឹត្តិការណ៍ពីរ។ កន្លែងកើតហេតុ មានចម្ងាយរាប់រយម៉ែត្រ នៅចំណុចទីមួយ ជនជាតិប៉ាឡេស្ទីន ម្នាក់ បានស្លាប់ ឬមនុស្សរាប់រយនាក់ រងរបួស ខណៈពេលកំពុងរត់ទៅរកស្បៀងអាហារ និងជំនួយសង្គ្រោះ នៅក្នុងឡាន រហូតមានហេតុការណ៍ជាន់គ្នា ឬក៏ត្រូវរថយន្តកិន។

ចំណុចទីពីរ វាជាឧប្បត្តិហេតុបន្តបន្ទាប់ រថយន្តបើករត់គេច។ ជនស៊ីវិលមួយចំនួន បានដើរសំដៅទៅរកទាហានអ៊ីស្រាអែល ជាច្រើន រហូតដល់វាមានអារម្មណ៍ថាមានគ្រោះថ្នាក់ កំពុងត្រូវបានគំរាមកំហែង ដូច្នេះគេសម្រេចបាញ់សម្លាប់ជនស៊ីវិលទាំងនេះ។ ហើយចំនួនពិតនៃការស្លាប់ នៅមិនទាន់ដឹងនៅឡើយទេ។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) បានសន្ទនាតាមទូរស័ព្ទជាមួយ អធិរាជ សេក តាមីម ប៊ីន ហាម៉ាដ អាល់ថានី (Sheikh Tamim bin Hamad Al Thani) នៃប្រទេសកាតា អំពីព្រឹត្តិការណ៍ដែលបានកើតឡើងនៅពេលនេះភ្លាមៗ ហើយបានឯកភាពថា គួរតែមានការចរចាជាបន្ទាន់ ដើម្បីបញ្ចប់ជម្លោះនៅហ្គាហ្សា និងផ្តល់ជំនួយដល់ប្រជាជនប៉ាឡេស្ទីនឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន។

បន្ទាប់ពីអ៊ីស្រាអែល បានវាយប្រហារយ៉ាងខ្លាំងនៅតំបន់ហ្គាហ្សា បានបណ្តាលឱ្យប្រជាជនប៉ាឡេស្ទីន ជាង ៣០ ០០០នាក់បានស្លាប់ ចាប់តាំងពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ ៕

RELATED ARTICLES