ឥណ្ឌា ៖ លោកណារេនដ្រា ម៉ូឌី (Narendra Modi) នាយករដ្ឋមន្ត្រីឥណ្ឌា បានផ្សាយវីដេអូឃ្លីប តាមរយៈ គណនី ធ្វីធឺរ (X) ជាឃ្លីបនៃការមុជទឹក នៅសមុទ្រអារ៉ាប់ នៅឆ្នេរសមុទ្រគុជរ៉ាត់ (Gujarat) ចុះទៅធ្វើពិធីសក្ការបូជានៅក្រុងដារកា (Dwarka) ដែលជាទីក្រុងបុរាណក្រោមទឹក។

ទីក្រុងបុរាណ ដារកា ត្រូវបានគេជឿថា មានទំនាក់ទំនងជាមួយព្រះគ្រឹស្នា (Lord Krishna) វាធ្លាប់ជាទីក្រុងដែលមានភាពរីកចម្រើន ហើយត្រូវបានគេជឿថា បានលិចទឹក អស់ជាច្រើនសតវត្សមុន។ វាស្ថិតនៅជិតកោះ បេត ដារកា (Beit Dwarka) ជាកន្លែងដែលមនុស្សអាចឃើញអដ្ឋិធាតុនៅក្រោមទឹក នៃទីក្រុងបុរាណ ដែលត្រូវបានរកឃើញដោយបុរាណវត្ថុវិទូ។

ខណៈរូបភាពលោកនាយករដ្ឋមន្ត្រី ម៉ូឌី ក្នុងឈុតមុជទឹកជាមួយឧបករណ៍ បានមុជទឹកទៅក្នុងទឹកពណ៌ខៀវ ដើម្បីអធិស្ឋាននៅកន្លែងដែលពោរពេញទៅដោយសារៈសំខាន់ខាងប្រវត្តិសាស្ត្រ និងខាងវិញ្ញាណ វាបានក្លាយជាការចាប់អារម្មណ៍គនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ នាយករដ្ឋមន្ត្រី ម៉ូឌី បានគោរពដល់ទីក្រុងបុរាណនេះ ដោយការបរិច្ចាគរោមក្ងោក ដែលជានិមិត្តសញ្ញាដើម្បីបង្ហាញការគោរពចំពោះព្រះគ្រឹស្នា។

លោកម៉ូឌី បាននិយាយថា «ខ្ញុំមានអារម្មណ៍ថាជាប់ទាក់ទងនឹងយុគសម័យបុរាណ នៃភាពអស្ចារ្យខាងវិញ្ញាណ និងការលះបង់គ្មានពេលកំណត់។ សូមព្រះគ្រឹស្នា ប្រទានពរដល់យើងទាំងអស់គ្នា»។

ក្រោយមក លោកនាយករដ្ឋមន្ត្រី ម៉ូឌី បានចេញវីដេអូ ដែលរៀបរាប់លម្អិតអំពីបទពិសោធន៍មុជទឹករបស់គាត់ផងដែរ៕

