ទីក្រុងម៉ានីលបាននិយាយកាលពីថ្ងៃចន្ទទី២៣ខែតុលា ថានាវាចិនមានចេតនាបុកនាវាហ្វីលីពីនកាលពីថ្ងៃអាទិត្យធ្វើឲ្យជម្លោះការទូតជុំវិញការប៉ះទង្គិចគ្នានៅសមុទ្រចិនខាងត្បូងកាន់តែឡើងកម្តៅ។ប្រទេសនានាបានធ្វើការស្តីបន្ទោសជុំវិញឧប្បត្តិហេតុកាលពីថ្ងៃអាទិត្យនៅជិតតំបន់ Second Thomas Shoal ក្នុងកោះ Spratly ដោយភាគីទាំងពីរបានធ្វើការតវ៉ាការទូត និងបញ្ចេញវីដេអូដើម្បីគាំទ្រការចោទប្រកាន់របស់ពួកគេរៀងៗខ្លួន។

មន្ត្រីហ្វីលីពីនបានចោទប្រកាន់កប៉ាល់ឆ្មាំសមុទ្រចិនមួយគ្រឿង និងនាវាកងជីវពលសមយុទ្ធដ៏គ្រោះថ្នាក់មួយគ្រឿង ដែលបណ្តាលឱ្យមានការប៉ះទង្គិចជាមួយទូកផ្គត់ផ្គង់ និងនាវាឆ្មាំឆ្នេរសមុទ្រហ្វីលីពីន។រដ្ឋមន្ត្រីក្រសួងការពារជាតិហ្វីលីពីន លោក Gilbert Teodoro កាលពីថ្ងៃចន្ទបានដាក់ស្លាកសកម្មភាពរបស់ចិននៅជិតតំបន់Second Thomas Shoal ដោយចេតនា។
លោក Teodoro បាននិយាយថា កងឆ្មាំឆ្នេរសមុទ្រចិន និងនាវាកងជីវពលដែនសមុទ្រដែលបំពានច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ បានធ្វើសកម្មភាពចេតនាវាយប្រហារលើនាវា Unaiza May 2និងនាវាឆ្មាំសមុទ្រហ្វីលីពីន BRP Cabra ។
នៅព្រឹកថ្ងៃចន្ទនេះក្រសួងការបរទេសហ្វីលីពីនបានកោះហៅឯកអគ្គរដ្ឋទូតចិនប្រចាំទីក្រុងម៉ានីល លោក Huang Xilian ដើម្បីធ្វើការតវ៉ាការទូតជុំវិញឧប្បត្តិហេតុនេះ។
អ្នកនាំពាក្យលោកស្រី Teresita Daza បាននិយាយថា ឯកអគ្គរដ្ឋទូតមិនមានវត្តមានទេហើយត្រូវបានតំណាងដោយអនុប្រធានបេសកកម្មរបស់គាត់គឺលោក Zhou Zhiyong ៕