ប្រធានាធិបតី អាមេរិកលោកចូបៃដិន នឹងធ្វើដំណើរមកកាន់ប្រទេសអ៊ីស្រាអែលនៅថ្ងៃពុធថ្ងៃទី១៨ខែតុលាដើម្បីបង្ហាញការគាំទ្រដែកថែបនៅពេលដែលក្រុងវ៉ាស៊ីនតោនព្យាយាមការពារសង្រ្គាមដែលកំពុងកើនឡើងនៅតំបន់ហ្គាហ្សាមិនអោយធ្លាក់ចូលទៅក្នុងជម្លោះក្នុងតំបន់។
ការធ្វើដំណើរនេះកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រុមឧទ្ទាមហាម៉ាសដែលមានមូលដ្ឋាននៅហ្គាហ្សាបានទម្លុះព្រំដែនដែលមានកំពែងរឹងមាំរបស់អ៊ីស្រាអែល ដោយបានបាញ់ប្រហារ ចាក់ និងដុតសម្លាប់មនុស្សជាង ១៤០០នាក់ដែលភាគច្រើនជាជនស៊ីវិល។

រដ្ឋមន្ត្រីការបរទេសលោក Antony Blinken បាននិយាយថា ដំណើរទស្សនកិច្ចរបស់លោក បៃដិននឹងក្លាយជាសេចក្តីថ្លែងការណ៍នៃសាមគ្គីភាពជាមួយអ៊ីស្រាអែលនិងការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះសន្តិសុខរបស់ខ្លួន។ទីក្រុងវ៉ាស៊ីនតោនបានបញ្ជូនក្រុមវាយប្រហារនាវាផ្ទុកយន្តហោះចំនួនពីររួចហើយទៅកាន់សមុទ្រមេឌីទែរ៉ាណេភាគខាងកើតដើម្បីរារាំងសកម្មភាពអរិភាពប្រឆាំងនឹងអ៊ីស្រាអែល។
IDF៖ទស្សនកិច្ចរបស់លោកបៃដិន មិនពន្យារពេលការលុកលុយទឹកដីហ្គាហ្សាទេ

កងកម្លាំងយោធាការពារអ៊ីស្រាអែល(IDF)បាននិយាយថា ដំណើរទស្សនកិច្ចដែលបានគ្រោងទុករបស់ប្រធានាធិបតីអាមេរិក លោក ចូបៃដិននៅថ្ងៃពុធនេះ វានឹងមិនធ្វើឱ្យមានភាពស្មុគស្មាញ ឬពន្យារពេលការវាយប្រហារតាមផ្លូវគោគទៅលើតំបន់ហ្គាហ្សានោះទេ ។នេះបើតាមអ្នកនាំពាក្យIDFបានប្រាប់ CNN កាលពីថ្ងៃអង្គារទី១៧តុលាឆ្នាំ ២០២៣។
អ្នកនាំពាក្យអន្តរជាតិនៃកងកម្លាំងការពារអ៊ីស្រាអែល វរសេនីយ៍ទោ Jonathan Conricus បានប្រាប់ CNN ថាខ្ញុំជឿថាលោក បៃដិន គាំទ្រយុទ្ធនាការរបស់អ៊ីស្រាអែលក្នុងការកម្ចាត់ក្រុមហាម៉ាស។Conricus បានបន្តថាខ្ញុំគិតថាប្រធានាធិបតីក៏បាននិយាយថា ក្រុមហាម៉ាសត្រូវតែត្រូវបានបំផ្លាញហើយនោះគឺជាគោលដៅយោធារបស់យើង។
អាល្លឺម៉ង់ ព្រមានហេសបូឡាហ៍និងអ៊ីរ៉ង់កុំឱ្យធ្វើអន្តរាគមន៍
អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានព្រមានក្រុម ហេសបូឡាហ៍ និងអ៊ីរ៉ង់កុំឱ្យធ្វើអន្តរាគមន៍ក្នុងជម្លោះអ៊ីស្រាអែល-ហាម៉ាស។
លោកScholzបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយព្រះមហាក្សត្រហ្ស៊កដានី Abdullah II bin al Hussein កាលពីថ្ងៃអង្គារនៅទីក្រុងប៊ែរឡាំងថា ខ្ញុំបានព្រមាន ហេសបូឡាហ៍និងអ៊ីរ៉ង់យ៉ាងច្បាស់កុំឱ្យធ្វើអន្តរាគមន៍ក្នុងជម្លោះនេះ។
លោក Scholz បាននិយាយថា រួមគ្នាជាមួយសម្ព័ន្ធមិត្តរបស់យើង យើងក្នុងនាមជារដ្ឋាភិបាលអាល្លឺម៉ង់កំពុងធ្វើអ្វីគ្រប់យ៉ាងនៅក្នុងអំណាចរបស់យើង ដើម្បីធានាថាជម្លោះនេះមិនកើនឡើងបន្ថែមទៀតទេ ហើយដើម្បីធានាបាននូវសិទ្ធិមនុស្សធម៌ទៅកាន់តំបន់ហ្គាហ្សា ដើម្បីសម្រាលទុក្ខលំបាករបស់ប្រជាជនស៊ីវិល។ ក្រុមហាម៉ាសកំពុងប្រើប្រាស់ប្រជាជនស៊ីវិលនៅតំបន់ហ្គាហ្សាជាខែលការពារ។
លោក Scholz បានបន្តថា ប្រជាជនប៉ាឡេស្ទីនមិនមែនជាក្រុមហាម៉ាសទេ ហើយក្រុមហាម៉ាស់មិនមានសិទ្ធិនិយាយជំនួសពួកគេទេ។ ប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាពួកគេក៏ជាជនរងគ្រោះនៃក្រុមហាម៉ាស់ផងដែរ។
អ៊ីរ៉ង់ បានព្រមានធ្វើសកម្មភាពប្រឆាំងនឹងអ៊ីស្រាអែល
អ៊ីរ៉ង់បានព្រមានពីការធ្វើសកម្មភាពប្រឆាំងនឹងអ៊ីស្រាអែល នៅប៉ុន្មានម៉ោងខាងមុខនេះខណៈអ៊ីស្រាអែលត្រៀមខ្លួនសម្រាប់ការវាយលុកលើតំបន់ហ្គាហ្សាស្ទី្រប។
ក្រុមគាំទ្រដោយអ៊ីរ៉ង់និងក្រុមហេសបូឡាហ៍របស់លីបង់រួមដៃគ្នាបាញ់ផ្លោងទៅលើអ៊ីស្រាអែលនៅព្រំដែនលីបង់-អ៊ីស្រាអែល អស់រយៈពេលជាច្រើនថ្ងៃដោយបង្កើនភាពតានតឹងបន្ថែមទៀតនៅពេលដែលអ៊ីស្រាអែលទម្លាក់គ្រាប់បែកលើតំបន់ហ្គាហ្សាស្ទ្រីប ទៅភាគខាងត្បូង។
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Hossein Amirabdollahian បាននិយាយថាជម្រើសនិងសេណារីយ៉ូដែលអាចធ្វើបានទាំងអស់គឺនៅទីនោះសម្រាប់ក្រុមហេសបូឡាហ៍។តាមធម្មតា មេដឹកនាំតស៊ូនឹងមិនអនុញ្ញាតឱ្យរបបអ៊ីស្រាអែលនិយមធ្វើសកម្មភាពណាមួយនៅក្នុងតំបន់ហ្គាហ្សានោះទេ ហើយនៅពេលដែលពួកគេទទួលបានជ័យជម្នះលើតំបន់ហ្គាហ្សាពួកគេនឹងបន្តទៅកាន់តំបន់តស៊ូផ្សេងទៀតនៅក្នុងតំបន់។ហេតុដូច្នេះហើយយើងត្រូវមានវិធានការបង្ការទុកជាមុនណាមួយដែលអាចកើតឡើង ក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខនេះ។
លោកបានបន្ថែមថា ប្រសិនបើយើងមិនការពារហ្គាហ្សាថ្ងៃនេះទេ ថ្ងៃស្អែក យើងត្រូវការពារគ្រាប់បែកផូស្វ័រនៅក្នុងមន្ទីរពេទ្យកុមារនៃប្រទេសរបស់យើង។លោកបានបន្ថែមដោយសំដៅទៅលើការចោទប្រកាន់របស់ក្រុមសិទ្ធិមនុស្សថា អ៊ីស្រាអែលបាននិងកំពុងប្រើប្រាស់គ្រាប់បែកផូស្វ័រនៅក្នុង ការទម្លាក់គ្រាប់បែកពីលើអាកាសនៃតំបន់ហ្គាហ្សាតែអ៊ីស្រាអែលបានបដិសេធការចោទប្រកាន់នេះ ៕