Wednesday, June 25, 2025
Homeព័ត៌មានអន្តរជាតិអ៊ីស្រាអែល ឡោមព័ទ្ធតំបន់ហ្គាហ្សាស្ទ្រីប ​ផ្តាច់​ដង្ហើម​​ពួកហាម៉ាស់ ខណៈចំនួនអ្នកស្លាប់​កើន​ឡើង​ជាង១០០០នាក់

អ៊ីស្រាអែល ឡោមព័ទ្ធតំបន់ហ្គាហ្សាស្ទ្រីប ​ផ្តាច់​ដង្ហើម​​ពួកហាម៉ាស់ ខណៈចំនួនអ្នកស្លាប់​កើន​ឡើង​ជាង១០០០នាក់

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant បាននិយាយថាលោកបានបញ្ជាឱ្យឡោមព័ទ្ធទាំង​ស្រុង​លើតំបន់ហ្គាហ្សាស្ទ្រីបដើម្បីជាការឆ្លើយតបទៅនឹងការវាយប្រហារដោយក្រុមហាម៉ាស់។ លោកបានបន្ថែមថា៖ យើងនឹងកាត់ផ្តាច់អគ្គិសនី ធ្វើឲ្យគ្មានអាហារ គ្មានប្រេងឥន្ធនៈ និងបិទអ្វីៗគ្រប់យ៉ាង។ការប្រកាសនេះបានធ្វើឡើងជាង ៤៨ម៉ោងបន្ទាប់ពីក្រុមហាម៉ាស់បានបើកការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើល​មួយ​ជាមួយនឹងគ្រាប់រ៉ុក្កែតរាប់ពាន់គ្រាប់ និងបានបញ្ជូនអ្នកប្រយុទ្ធឆ្លងកាត់ព្រំដែននៅក្នុងការលុក​លុយដែលអ៊ីស្រា​អែល​ដែលមិនធ្លាប់បានឃើញចាប់តាំងពីសង្គ្រាមឯករាជ្យឆ្នាំ១៩៤៨។

ជម្លោះអ៊ីស្រាអែល-ហាម៉ាស់៣ថ្ងៃ ស្លាប់ជាង១០០០នាក់

យោងតាមប្រភពពីក្រសួងសុខាភិបាល​ប៉ាឡេស្ទីន​បានឱ្យ​ដឹង​ថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន៣២ នាក់ត្រូវបានសម្លាប់កាលពីព្រឹកថ្ងៃចន្ទនៅក្នុងការវាយ​ប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រា​អែលនៅ​លើតំបន់​ហ្គាហ្សាស្ទ្រីប។

ក្រសួងសុខាភិបាលប៉ាឡេស្ទីនបាននិយាយថាចំនួនអ្នកស្លាប់នៅហ្គាហ្សាបានកើនឡើងដល់៤៩៣នាក់រួមទាំង កុមារ ៩១ នាក់ និងស្ត្រី ៦១ នាក់និងរបួស២៧០០នាក់ដែលក្នុងនោះមានកុមារ២៤៤នាកក់និងស្ត្រី១៥១នាក់។ជនជាតិប៉ាឡេស្ទីនជាង១២០០០០ នាក់បានផ្លាស់ទីលំនៅនៅតំបន់ហ្គាហ្សាស្ទ្រីប។

ចំណែកឯភាគីអ៊ីស្រាអែលវិញក៏មានអ្នកស្លាប់ជាង៧០០នាក់និងរបួស២៣០០នាក់រួមនឹង ១៣០នាក់ត្រូវចាប់ខ្លួន។

កិច្ចប្រជុំUNSC បរាជ័យជុំវិញសង្គ្រាមអ៊ីស្រាអែល -ហាម៉ាស់

ក្រុមប្រឹក្សាសន្តិសុខអង្គការសហ​ប្រជាជាតិ​(UNSC)បានជួបប្រជុំគ្នាដោយបិទទ្វារក្នុងសម័យប្រជុំបន្ទាន់​មួយ​ចំពេលមាន​សង្គ្រាមរវាងអ៊ីស្រាអែល​និងក្រុម​ហាម៉ាស់ប៉ុន្តែបានបរាជ័យក្នុងការសម្រេចបាននូវ​មតិឯកច្ឆ័ន្ទ​ដែល​ត្រូវការសម្រាប់សេចក្តីថ្លែងការណ៍រួមមួយ។

សហរដ្ឋអាមេរិកបានអំពាវនាវឱ្យសមាជិកទាំង១៥ របស់ក្រុមប្រឹក្សានេះថ្កោលទោសយ៉ាងខ្លាំងដល់ក្រុមហាម៉ាស់ ប៉ុន្តែអ្នកការទូតបាននិយាយថាសមាជិកដែលដឹកនាំដោយរុស្ស៊ីសង្ឃឹមថានឹងមានការផ្តោតអារម្មណ៍ទូលំទូលាយ​ជាងការថ្កោលទោសក្រុមប្រដាប់អាវុធប៉ាឡេស្ទីន។

ក្រុមប្រឹក្សាបានជួបប្រជុំគ្នាប្រហែល ៩០ នាទី ហើយបានស្តាប់ការសង្ខេបពីបេសកជនសន្តិភាពមជ្ឈិម​បូព៌ារបស់​អង្គការសហប្រជាជាតិរបស់លោក Tor Wennesland ។

អ៊ីស្រាអែល ប្រមូលផ្តុំកងទ័ពបម្រុង១០ម៉ឺន នាក់នៅជិតតំបន់ហ្គាហ្សា

អ្នកនាំពាក្យយោធា​អ៊ីស្រាអែល លោក Jonathan Conricus បាននិយាយថាខ្លួនបានប្រមូលផ្តុំកង​ទ័ពបម្រុង​ចំនួន​១០ម៉ឺននាក់នៅជិតតំបន់​ហ្គាហ្សា​សម្រាប់សង្គ្រាមដែលកំពុងបន្តជាមួយក្រុមហាម៉ាស។

លោកបានបង្ហោះនៅលើបណ្តាញសង្គមX ថា យើងបានប្រមូលកងទ័ពបម្រុងប្រហែល១០ម៉ឺននាក់ ដែល​បច្ចុ​ប្បន្ន​ស្ថិតនៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល ។លោកបន្តថាការងាររបស់យើងគឺធ្វើឱ្យប្រាកដថា នៅចុង​បញ្ចប់នៃសង្រ្គាមនេះក្រុមហាម៉ាសនឹងលែងមានសមត្ថភាពយោធាក្នុងការគំរាមកំហែងដល់ជនស៊ីវិលអ៊ីស្រាអែលទៀត ហើយយើងក៏ត្រូវប្រាកដថា ក្រុមហាម៉ាសនឹងមិនអាចគ្រប់គ្រងតំបន់ហ្គាហ្សាស្ទ្រីបបានដែរ។

          តើក្រុមហាម៉ាសជានណា?ហេតុអ្វីបានជាក្រុមនេះ ប្រឆាំងនឹងអ៊ីស្រាអែល?

ពាក្យ’’Hamas’’ ហាម៉ាស់ តំណាងឱ្យចលនាតស៊ូអ៊ីស្លាម ។ ក្រុមនេះគោលការណ៍ ៣ធំៗគឺ សាសនា ការជួយ​សង្រ្គោះ និងប្រយុទ្ធប្រឆាំងអ៊ីស្រាអែល។ អាមេរិក អ៊ីស្រាអែល សហភាពអឺរ៉ុប កាណាដា អេហ្ស៊ីប និងជប៉ុន ជាដើមបាន ចាត់ទុកក្រុមនេះជាភេរវករ។

ចលនាហាម៉ាសត្រូវបានបង្កើតឡើងនៅហ្គាហ្សាស្ទ្រីបក្នុងឆ្នាំ ១៩៨៧ ដោយលោក Sheikh Ahmed Yasin និងជំនួយការរបស់លោក Abdul Aziz al-Rantissi ភ្លាមៗបន្ទាប់ពីការចាប់ផ្តើមដំបូងដែលជា​ការបះបោរប្រឆាំង​នឹងការកាន់កាប់របស់អ៊ីស្រាអែលលើទឹកដីប៉ាឡេស្ទីន។

ក្រុមនេះគ្រប់គ្រងដោយនយោបាយនៅតំបន់ហ្គាហ្សាស្ទ្រីប ដែលមានផ្ទៃដីប្រហែល ៣៦៥ គីឡូម៉ែត្រការ៉េ ដែលជាជម្រករបស់មនុស្សជាង ២លាននាក់ ប៉ុន្តែត្រូវបានរារាំងដោយអ៊ីស្រាអែល។

ក្រុមហាម៉ាស់បានកាន់អំណាចនៅតំបន់ហ្គាហ្សាស្ទ្រីបតាំងពីឆ្នាំ២០០៧បន្ទាប់ពីសង្រ្គាមខ្លីមួយប្រឆាំងនឹងកងកម្លាំងរបស់លោក Fatah ដែលស្មោះត្រង់នឹងប្រធានាធិបតី Mahmoud Abbasដែលជាប្រធានអាជ្ញាធរ​ប៉ាឡេស្ទីន​និងអង្គការរំដោះប៉ាឡេស្ទីន (PLO)។

ចលនានេះបានចាប់ផ្តើមដុះពន្លកនៃក្រុមភាតរភាពមូស្លីមនៅក្នុងប្រទេសអេហ្ស៊ីបហើយបានបង្កើតក្រុមយោធាមួយគឺកងពលតូច Izz al-Din al-Qassam ដើម្បីបន្តការតស៊ូប្រដាប់អាវុធប្រឆាំងនឹងអ៊ីស្រាអែលក្នុង​គោលបំ​ណងរំដោះប៉ាឡេស្ទីនចេញពីប្រវត្តិសាស្ត្រ។ក្រុមនេះក៏បានផ្តល់កម្មវិធីសុខុមាលភាពសង្គមដល់ជនរងគ្រោះប៉ាឡេស្ទីនពីការកាន់កាប់របស់អ៊ីស្រាអែលផងដែរ។

ហេតុអ្វីបានជាក្រុមហាម៉ាសវាយប្រហារអ៊ីស្រាអែល?

អ្នកនាំពាក្យក្រុម Hamas លោក Khaled Qadomi បានប្រាប់សារព័ត៌មាន Al Jazeera ថា ប្រតិបត្តិការយោ​ធារបស់ក្រុមនេះគឺដើម្បីឆ្លើយតបទៅនឹងអំពើឃោរឃៅទាំងអស់ដែលប៉ាឡេស្ទីនបានជួបប្រទះក្នុងរយៈពេលជាច្រើនទសវត្សរ៍មកហើយ។

យើងចង់ឱ្យសហគមន៍អន្តរជាតិបញ្ឈប់អំពើឃោរឃៅនៅហ្គាហ្សា ប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន កន្លែងគោរព​បូជារបស់យើងដូចជា Al-Aqsa ជាដើម។ រឿងទាំងអស់នេះជាហេតុផលនៅពីក្រោយ​ការចាប់ផ្តើមសមរភូមិ​នេះ»។

លោក Mohammed Deif មេបញ្ជាការយោធាហាម៉ាសបាននិយាយថានេះគឺជាថ្ងៃនៃការប្រ​យុទ្ធដ៏អស្ចារ្យ​បំផុតដើម្បីបញ្ចប់ការកាន់កាប់ចុងក្រោយនៅលើផែនដី។ លោកបន្ថែមថា រ៉ុក្កែតចំនួន៥០០០ ត្រូវបានបាញ់​ស្រោចទៅអ៊ីស្រាអែល ៕

RELATED ARTICLES