ព័ត៌មានរដ្ឋកូរ៉េខាងជើងបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី១៤កញ្ញាថា មេដឹកនាំរបស់ខ្លួនលោក គីម ជុងអ៊ុន និងប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានឈានដល់ កិច្ចព្រមព្រៀងដ៏ពេញចិត្តមួយនិងការយល់ស្របគ្នានៃទស្សនៈ នៅពេលពួកគេពិភាក្សាអំពីបញ្ហាសំខាន់ៗកាលពីថ្ងៃពុធនៅឯមជ្ឈមណ្ឌលបាញ់បង្ហោះយានអវកាសនៅចុងបូព៌ារបស់រុស្ស៊ី។

ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ (KCNA) បាននិយាយដោយមិនបានបញ្ជាក់លម្អិតថា លោកគីមនិងលោកពូទីន បាននិយាយអំពី បញ្ហាកិច្ចសហប្រតិបត្តិការបន្ទាន់ ដែលកើតឡើងក្នុងការការពារអធិបតេយ្យភាព ហើយបានប្តេជ្ញាពង្រឹងបន្ថែមទៀតនូវ កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រទ្វេភាគី។ កិច្ចព្រមព្រៀងរបស់ពួកគេត្រូវបានគេជឿថាគ្របដណ្តប់ដល់ការគាំទ្រផ្នែកយោធាទៅវិញទៅមក។
KCNA បាននិយាយថាមេដឹកនាំទាំងពីរបានពិភាក្សាអំពីការពង្រីកការគាំទ្រដ៏រឹងមាំចំពោះនិងសាមគ្គីភាពជាមួយគ្នាទៅវិញទៅមក ដើម្បីបង្អាក់ការគំរាមកំហែង និងការញុះញង់ផ្នែកយោធារបស់ចក្រពត្តិនិយម ការអនុវត្តដៃខ្ពស់ និងតាមអំពើចិត្ត ដើម្បីប្លន់យកឯករាជ្យភាព វឌ្ឍនភាព និងជីវិតសន្តិភាពរបស់មនុស្សជាតិ។
កាសែត The New York Times បានរាយការណ៍កាលពីថ្ងៃទី៤ ខែកញ្ញា ដោយដកស្រង់សម្តីមន្ត្រីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តថាទីក្រុងព្យុងយ៉ាងចង់ឱ្យរុស្ស៊ីផ្តល់ឱ្យវានូវផ្កាយរណបកម្រិតខ្ពស់និងបច្ចេកវិទ្យានាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ។
សហរដ្ឋអាមេរិកនិយាយថា ទីក្រុងម៉ូស្គូកំពុងព្យាយាមទិញសព្វាវុធដើម្បីគាំទ្រសង្គ្រាមរបស់ខ្លួនលើអ៊ុយក្រែន។អាមេរិកបានព្រមានថា ជំនួយណាមួយដែលក្រុងម៉ូស្គូផ្តល់ដល់កម្មវិធីផ្កាយរណបរបស់ក្រុងព្យុងយ៉ាងនឹងបំពានលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
នៅចុងបញ្ចប់នៃពិធីទទួលស្វាគមន៍ដែលរៀបចំដោយប្រធានាធិបតីរុស្ស៊ីកាលពីថ្ងៃពុធមេដឹកនាំកូរ៉េខាងជើងបានអញ្ជើញលោកពូទីនឱ្យមកបំពេញទស្សនកិច្ចនៅប្រទេសរបស់លោកតាមពេលវេលាដ៏សមស្របមួយ។ KCNA បាននិយាយថា លោកពូទីនបានទទួលយកការអញ្ជើញដោយក្តីរីករាយ។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃពុធថា ដំណើរទស្សនកិច្ចទៅកាន់ទីក្រុងព្យុងយ៉ាងដោយលោក ពូទីន មិនទាន់ត្រូវបានគ្រោងទុកនៅឡើយទេ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Tass របស់រុស្ស៊ី។

លោកគីមជុងអ៊ុន បន្តដំណើរទៅមើលរោងចក្រផលិតយន្តហោះ
យោងតាមប្រភពព័ត៌មានមួយបានឲ្តដឹងថា រថភ្លើងពណ៌បៃតងប្រឆាំងគ្រាប់កាំភ្លើងរបស់លោក គីម បានចេញដំណើរឆ្ពោះទៅកាន់ទីក្រុង Komsomolsk-on-Amur ជាកន្លែងដែលលោកគីមជុងអ៊ុននឹងទៅទស្សនារោងចក្រយន្តហោះមួយ បន្ទាប់ពីជំនួបរបស់លោកជាមួយលោក ពូទីន ដែលបានធ្វើឡើងកាលពីថ្ងៃពុធនៅឯកំពង់ផែ Vostochny ជាកន្លែងដែលលោកបានសន្យាគាំទ្រពេញទំហឹង។ សម្រាប់រុស្ស៊ី។
ប្រភពដដែលនោះបានបន្តថាមេដឹកនាំកូរ៉េខាងជើងហាក់ដូចជាបានជិះរថភ្លើងរបស់គាត់ទៅកាន់ Komsomolsk-on-Amur ដែលមានចម្ងាយប្រហែល១១៧០គីឡូម៉ែត្រភាគខាងកើតនៃមជ្ឈមណ្ឌលអវកាស។លោក គីមជុងអ៊ុនត្រូវបានគេ រំពឹងថានឹងមកដល់ទីក្រុងនេះនៅល្ងាចថ្ងៃព្រហស្បតិ៍ ហើយឈប់នៅរោងចក្រយន្តហោះដែលផលិតយន្តហោះចម្បាំង Sukhoi នៅថ្ងៃបន្ទាប់។
លោក ពូទីន ទទួលយកការអញ្ជើញបំពេញទស្សនកិច្ចរបស់លោក គីម
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ទីក្រុងព្យុងយ៉ាងបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី១៤ខែកញ្ញាថាលោកវ្ល៉ាឌីមៀពូទីនបានទទួលយកការអញ្ជើញរបស់លោកគីមជុងអ៊ុនឱ្យទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងខណៈដែលលោកនិងគីមជុងអ៊ុនបានអបអរសាទរកិច្ចសហប្រតិបត្តិការនិងមិត្តភាពរវាងប្រទេសទាំងពីរ។

លោកគីមកំពុងបំពេញទស្សនកិច្ចទៅកាន់ភាគខាងកើតឆ្ងាយពីទីក្រុងម៉ូស្គូ ខណៈដែលលោក ពូទីន ស្វែងរកការពង្រឹងសម្ព័ន្ធភាពជាមួយមេដឹកនាំផ្សេងទៀតដែលត្រូវបានរារាំងដោយប្រទេសលោកខាងលិច។បន្ទាប់ពីជំនួបរវាងមេដឹកនាំទាំងពីរកាលពីថ្ងៃពុធលោក គីម ជុងអ៊ុន បានអញ្ជើញលោកពូទីនឱ្យទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងពេលវេលាសមស្របណាមួយ។នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA ។លោកពូទីនបានទទួលយកការអញ្ជើញដោយក្តីរីករាយ ហើយបានបញ្ជាក់ជាថ្មីនូវឆន្ទៈរបស់លោកក្នុងការបន្តដំណើរទៅមុខជានិច្ចនូវប្រវត្តិសាស្ត្រ និងប្រពៃណីនៃមិត្តភាពរុស្ស៊ី-កូរ៉េខាងជើង។លោក គីម បានប្រាប់លោក ពូទីន កាលពីថ្ងៃពុធថា លោកប្រាកដថា រុស្ស៊ីនឹងឈ្នះ ជ័យជម្នះដ៏អស្ចារ្យលើសត្រូវរបស់ខ្លួន ៕